អង្គការលើកលែងទោសអន្តរជាតិ បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ចំនួនប្រជាជនដែលភៀសខ្លួនចេញពីសង្គ្រាមនៅប្រទេសអាហ្វហ្កានីស្ថាន បានកើនឡើងដល់ ១.២លាននាក់ ចាប់តាំងពីឆ្នាំ២០១២មក ដោយសារបរាជ័យរបស់រដ្ឋាភិបាល និងកង្វះការយកចិត្តទុកដាក់ពីអន្តរជាតិ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នៅក្នុងរបាយការណ៍មួយ អង្គការសិទ្ធិមនុស្សមួយនេះ បានព្រមានថា កង្វះសេវាមូលដ្ឋាន បានជំរុញឲ្យមនុស្សជាច្រើន បានរត់ចោលផ្ទះសម្បែងរបស់ពួកគេ និងប្រឈមនឹងគ្រោះថ្នាក់។
អ្នកស្រី Champa Patel នាយកអង្គការលើកលែងទោសអន្តរជាតិប្រចាំតំបន់អាស៊ីខាងត្បូង បាននិយាយថា ខណៈដែលពិភពលោកប្ដូរចំណាប់អារម្មណ៍របស់ខ្លួនចេញពីអាហ្វហ្កានីស្ថាននោះ មនុស្សលោកបានបំភ្លេចចោលមនុស្សទាំងឡាយដែលជាប់ផុងនៅក្នុងជម្លោះ។
អ្នកស្រីបន្ថែមថា បើទោះជាប្រជាជនអាហ្វហ្កានីស្ថានរត់គេចពីផ្ទះសម្បែងរបស់ពួកគេទៅរកកន្លែងមានសុវត្ថិភាពក៏ដោយ ក៏ចំនួនពលរដ្ឋកាន់តែច្រើន កំពុងប្រឈមមុខនឹងលក្ខខណ្ឌដ៏តក់ស្លុតនៅក្នុងប្រទេសរបស់ពួកគេ ហើយព្យាយាមប្រឹងប្រែងរស់ទាំងមិនដឹងថ្ងៃណាបញ្ចប់។
របាយការណ៍ដដែលនេះ បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០១៦នេះ ចំនួនមនុស្ស ១.២លាននាក់ បានផ្លាស់ប្ដូរទីកន្លែងនៅក្នុងប្រទេសនេះ។ កាលពីឆ្នាំ២០១២ ចំនួនមនុស្សផ្លាស់ប្ដូរទីកន្លែងនៅអាហ្វហ្កានីស្ថាន មានចំនួនជិត ៥សែននាក់៕