ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិថាខ្លួនអាចអញ្ជើញប្រជាពលរដ្ឋពីបណ្តារាជធានី-ខេត្តនានា ដែលបានផ្តិតមេដៃគាំទ្រញត្តិសុំព្រះរាជ្យអន្តរាគមន៍ពីព្រះមហាក្សត្រលើករណីនយោបាយនោះ ឡើងមកភ្នំពេញបាន បើសិនជាចាំបាច់។
កាលពីដើមសប្តាហ៍នេះតំណាងរាស្ត្រគណបក្សប្រឆាំង បានហែញត្តិដោយថាមានស្នាមមេដៃពលរដ្ឋជាង១៧ម៉ឺននាក់ ដើម្បីស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ មន្រ្តី គ.ជ.ប ម្នាក់ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២រួប និងសកម្មជននយោបាយជាង១០នាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួន លោក កឹម សុខា។ ប៉ុន្តែរដ្ឋាភិបាលបានឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដោយថាជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទៅលើរាស្ត្រ ក៏ដូចជាព្រះមហាក្សត្រ។
ជាការឆ្លើយតប ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១ ខែមិថុនា នេះ ក្រុមសមាជិកសភាគណបក្សប្រឆាំង បានសរសេរថាខ្លួនមានតួនាទីទទួលសំណូមពរពីប្រជាពលរដ្ឋ ដូចជាញត្តិរបស់ពលរដ្ឋជាដើមនោះ និងបញ្ជូនញត្តិទាំងនោះទៅស្ថាប័នពាក់ព័ន្ធដើម្បីបានទទួលកិច្ចអន្តរាគមន៍ ឬដំណោះស្រាយសមស្របណាមួយ។
ក្រុមសមាជិកសភាដដែលសរសេរទៀតថា បើសិនជាមានការចាំបាច់ខ្លួនអាចអញ្ជើញឲ្យអ្នកដែលបានផ្តិតមេដៃគាំទ្រខ្លឹមសារញត្តិនោះឡើងមកភ្នំពេញបាន។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ប្រាប់វីអូឌីថាស្នាមមេដៃជាង១៧ម៉ឺននាក់នោះជាស្នាមមេដៃរបស់ប្រជាពលរដ្ឋតាមរយៈតំណាងរាស្ត្ររបស់ខ្លួន។ លោកថាបើរដ្ឋាភិបាលមិនទុកចិត្ត គួរតែអនុញ្ញាតឲ្យពលរដ្ឋទាំងនោះឡើងមកជួបជុំគ្នាបង្ហាញខ្លួនដោយផ្ទាល់នៅភ្នំពេញដើម្បីបញ្ជាក់ការពិត៕