ក្រុមអ្នកជួយសង្គ្រោះក្រិច កំពុងស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីទូកដឹកជនភៀសខ្លួនមួយគ្រឿង បានលិចនៅកោះ Crete កាលពីថ្ងៃសុក្រម្សិលមិញ ដោយបណ្ដាលឲ្យមនុស្សយ៉ាងតិច ៩នាក់ស្លាប់ និងរាប់រយនាក់ទៀតបាត់ខ្លួន។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា រហូតមកដល់ថ្ងៃសៅរ៍នេះ មនុស្ស ៣៤០នាក់ ត្រូវបានអាជ្ញាធរក្រិច ជួយសង្គ្រោះ ហើយសាកសព៩នាក់ ត្រូវបានគេរកឃើញ ប៉ុន្តែ គេពុំបានដឹងពីសញ្ជាតិនៃជនភៀសខ្លួនទាំងនោះនៅឡើយទេ។
នាវា៣គ្រឿង និងនាវាល្បាតមួយគ្រឿងរួមទាំងឧទ្ធម្ភាគចក្រ ២គ្រឿង បានចេញស្វែងរកនៅដែនទឹកស្ថិតនៅតំបន់កោះ Crete របស់ក្រិច ជាទីដែលទូកដឹកជនភៀសខ្លួនអាហ្វ្រិករាប់រយនាក់បានក្រឡាប់លិច។
អាជ្ញាធរលីប៊ី និយាយថា ស្របពេលនោះដែរពួកគេរកឃើញសាកសពមនុស្សយ៉ាងតិច១១៧នាក់ នៅឆ្នេរសមុទ្រភាគខាងលិចទីក្រុង Zwara របស់លីប៊ី ដែលជឿថា អាចជាទូកមួយក្នុងចំណោមទូក ៣ ដែលបានក្រឡាប់លិចកាលពីសប្ដាហ៍មុននៅឆេ្នរប្រទេសនេះ ហើយមានការព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង។
លោក Khames al-Boussefi អ្នកសម្របសម្រួលព័ត៌មាននៃអង្គការអឌ្ឍចន្ទក្រហមលីប៊ី បាននិយាយថា ចំនួនសាកសពដែលគេប្រមូលបានរហូតមកដល់ថ្ងៃនេះ មានចំនួន ១១៧នាក់ ហើយប្រហែល ៧០ភាគរយអ្នកស្លាប់ គឺជាស្ត្រី និងកុមារ ៦នាក់។
គេមិនទាន់បានដឹងពីសញ្ជាតិនៃជនចំណាកស្រុកលង់ទឹកស្លាប់ទាំងនោះទេ។
អង្គការសន្តប្រវេសន៍អន្តរជាតិ កាលពីដើមសប្ដាហ៍នេះ បាននិយាយថា ទូកដែលលិចនៅកោះ Crete ត្រូវបានគេជឿថាមកពីអាហ្វ្រិក ផ្ទុកជនចំណាកស្រុកយ៉ាងតិច ៧០០នាក់។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បាននិយាកាលពីថ្ងៃអង្គារ កន្លងមកនេះថា ជនចំណាកស្រុក និងជនភៀសខ្លួនប្រហែល ២០៤,០០០នាក់ បានធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ទ្វីបអឺរ៉ុបចាប់តាំងពីខែមករាមក។ មនុស្សជាង ២៥០០នាក់ បានស្លាប់នៅអំឡុងដំណើរដ៏គ្រោះថ្នាក់នៅឆ្នាំនេះ៕