ប៉ូលិសចិន បានឃាត់ខ្លួនសកម្មជនជាច្រើននាក់ កាលពីថ្ងៃសៅរ៍ម្សិលមិញ ខណៈដែលប៉ូលិសដទៃទៀត ត្រូវបានដាក់ឲ្យឃ្លាំមើលការរំឭកខួបលើកទី ២៧ឆ្នាំនៃហេតុការណ៍បង្ក្រាបនៅទីលានធៀនអានមេនកាលពីឆ្នាំ១៩៨៩។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៨៩ រថក្រោះយោធា បានសម្រុកចូលទីលានស្ថិតនៅកណ្ដាលក្រុងប៉េកាំង ដើម្បីបង្ក្រាបបាតុកម្មប្រជាធិបតេយ្យ ដោយបានសម្លាប់ជនស៊ីវិលគ្មានអាវុធរាប់រយនាក់។
ជិត ៣ទសវត្សរ៍មកហើយ ប្រទេសចិនបន្តហាមឃាត់ការជជែកពីបញ្ហានេះ ដែលមិនត្រូវបានរដ្ឋាភិបាលចិនអនុញ្ញាតឲ្យមាននៅលើសៀវភៅសិក្សា និងប្រព័ន្ធផ្សព្វផ្សាយនោះឡើយ។
អង្គការក្នុងស្រុកមួយ Weiquanwang បាននិយាយថា សកម្មជនសិទ្ធិមនុស្ស ៦នាក់ ក្នុងនោះមានកវី Liang Tiaping ផងដែរ ត្រូវបានអាជ្ញាធរចិនឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេរៀបចំរំឭកខួបជាលក្ខណៈឯកជនមួយ។
អង្គការដដែលនេះបានឲ្យដឹងទៀតថា សកម្មជនជាប់ឃុំទាំងនោះ ត្រូវបានគេសង្ស័យថាបានបង្កជម្លោះ និងព្យាយាមបញ្ឆេះចលាចល។ ក្រុមសិទ្ធិមនុស្ស បន្ថែមថា សកម្មជនដទៃទៀត បានបាត់ខ្លួននៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
កាលពីឆ្នាំមុន សមាគមមាតាទីលានធៀនអានមេន ដែលបានបាត់បង់កូននៅអំឡុងអំពើហិង្សានោះ ត្រូវបានគេដាក់ឲ្យស្ថិតនៅក្រោមការឃ្លាំមើលនៅមុនការប្រារព្ធខួបដូចគ្នានេះផងដែរ។
អ្នកថតរូបទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា សន្តិសុខ ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៅទីលានធៀនអានមេន កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយមានសន្តិសុខចាំត្រួតពិនិត្យលើអត្តសញ្ញាណ និងលិខិតឆ្លងដែនរបស់ភ្ញៀវទេសចរចូលទៅកាន់ទីតាំងនោះ៕