ប្រមុខកាទូតអាមេរិក លោក ចន ឃឺរី បាននិយាយថា អាមេរិកនឹងចាត់ទុកនូវការតាំងមូលដ្ឋានកងទ័ពអាកាសណាមួយរបស់ចិននៅសមុទ្រចិនខាងត្បូង ជាទង្វើបង្កហេតុ និងបង្កអស្ថេរភាព។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមមន្ត្រីអាមេរិក បានបង្ហាញក្ដីបារម្ភថា សាលដីកាតុលាការអន្តរជាតិ ដែលគេរំពឹងថានឹងចេញនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀត ជុំវិញបន្តឹងរបស់ប្រទេសហ្វីលីពីនប្រឆាំងនឹងចិនក្នុងករណីជម្លោះសមុទ្រចិនខាងត្បូងនោះ អាចជំរុញឲ្យក្រុងប៉េកាំងប្រកាសពីតំបន់អត្តសញ្ញាណកងទ័ពជើងអាកាស ដូចតែប្រទេសនេះធ្លាប់បានធ្វើនៅសមុទ្រចិនខាងកើតកាលពីឆ្នាំ២០១៣កន្លងមក។
លោក ឃឺរី ដែលកំពុងបំពេញទស្សនកិច្ចនៅម៉ុងហ្គោលនោះ បានថ្លែងថា អាមេរិកនឹងចាត់ទុកតំបន់អត្តសញ្ញាណកងទ័ពជើងអាកាស នៅលើតំបន់សមុទ្រចិនខាងត្បូង ជាទង្វើបង្កហេតុ និងបង្កអស្ថេរភាព ដែលនឹងបង្កើនភាពតានតឹងជាស្វ័យប្រវត្តិ និងនាំឲ្យមានការចោទសួរទៅលើការប្ដេជ្ញាចិត្តរបស់ចិនចំពោះការចាត់ចែងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។
លោក ឃឺរី បន្ថែមថា លោកជំរុញឲ្យចិនមិនត្រូវធ្វើបែបនោះដោយឯកតោភាគី ដែលជាការបង្កហេតុនោះឡើយ។
ចិនបានរងការថ្កោលទោសពីជប៉ុន និងអាមេរិក នៅពេលខ្លួនដាក់មូលដ្ឋានទ័ពអាកាស ដែលបង្ហាញថា ទឹកដីទាំងនោះគឺជារបស់ចិន។
ចិនមិនបានបញ្ជាក់ ឬក៏បដិសេធទៅនឹងផែនការបែបនេះនៅសមុទ្រចិនខាងត្បូងទេ ដោយគ្រាន់តែនិយាយថា ការសម្រេចចិត្តបែបនេះ គឺផ្អែកលើកម្រិតគំរាមកំហែង ដែលធ្វើឲ្យចិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្កើតវាឡើង។
ចិនបានអះអាងជាម្ចាស់លើដែនទឹកភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលជាច្រកចេញចូលនៃនាវាពាណិជ្ជកម្មមានតម្លៃរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយបានធ្វើសកម្មភាពសាងសងនៅលើកោះប៉ប្រះទឹកទាំងនោះទៀតផង៕