​ក្រុម​សង្ឃ​ប្រកាន់​តឹង​រៀបចំ​សន្និបាត​ក្រោយ​ការផ្លាស់ប្ដូរ​នយោបាយ​នៅ​ភូមា​

ព្រះសង្ឃ​ប្រកាន់​ជំហរ​តឹងរឹង​ជាង ១​ពាន់​នាក់ នៅ​ជាយ​ទីក្រុង​យ៉ាំងហ្គូ(រូបថតពី៖ ទីភ្នាក់ងារ​ព័ត៌មាន AFP)

ព្រះសង្ឃប្រកាន់ជំហរតឹងរឹងជាង១ពាន់អង្គ បានប្រមូលផ្ដុំគ្នានៅជាយទីក្រុងយ៉ាំងហ្គូន សម្រាប់សន្និបាតអ្នកជាតិនិយមប្រចាំឆ្នាំ កាលពីថ្ងៃសៅរ៍ម្សិលមិញ ខណៈបណ្ដាញប្រឆាំងមូស្លីម សម្លឹងទៅរកឋានៈប្រហាក់ប្រហែលគ្នា នៅក្រោមរបបគ្រប់គ្រងស៊ីវិលថ្មីរបស់ប្រទេសភូមា។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ព្រះសង្ឃគ្រងស្បងជីពរ ដូនជី និងពុទ្ធសាសនិកដទៃទៀត បានជួបជុំគ្នានៅក្នុងវត្តអារាមមួយកន្លែងនៅភាគខាងជើងទីក្រុងយ៉ាំងហ្គូន ដើម្បីរំលឹកខួប៣ឆ្នាំ នៃការបង្កើតបណ្ដាញសង្ឃាជាតិនិយម ដែលជាចលនាប្រឆាំងនឹងមូស្លីមដ៏លេចធ្លោនៅប្រទេសភូមានៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

បណ្ដាញព្រះសង្ឃនេះ បានបង្ហាញនូវកម្លាំងនយោបាយដ៏មានសក្ដានុពល នៅក្រោមរដ្ឋាភិបាលគាំទ្រដោយពួកអតីតយោធា ដែលបានបញ្ចុះបញ្ចូលឲ្យអនុម័តច្បាប់ចម្រូងចម្រាស់ជាច្រើន ដែលក្រុមសិទ្ធិមនុស្សនិយាយថា ច្បាប់ទាំងនោះរើសអើងប្រឆាំងស្ត្រី និងក្រុមជនជាតិភាគតិច។

ប៉ុន្តែ ក្រុមព្រះសង្ឃនេះ បានបាត់បង់ឥទ្ធិពលនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលគណបក្សរបស់សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី បានទទួលជ័យជម្នះ និងកំពុងដឹកនាំប្រទេសមួយនេះ ដែលធ្លាប់ស្ថិតក្រោមរបបយោធាអស់កន្លះសតវត្សរ៍មកហើយនោះ។

តំណាងបណ្ដាញសង្ឃស្នេហាជាតិមកពីទូទាំងប្រទេសភូមា បានឡើងថ្លែងនៅក្នុងសន្និបាតរយៈពេល ២ថ្ងៃ ដែលពិនិត្យមើលលើជោគជ័យរបស់ពួកគេកាលពីឆ្នាំមុន និងលើកទិសដៅសម្រាប់អនាគត។

សារស័ព្ទជាច្រើនដែលមេដឹកនាំបណ្ដាព្រះសង្ឃនេះប្រើនោះ បានដៅទៅរកក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជានិច្ច ដែលមិនត្រូវបានគេផ្ដល់សិទ្ធិជាពលរដ្ឋនៅក្នុងប្រទេសភូមា និងបង្កើតឲ្យមានការរើសអើងបែបរបបអាផាថេត ចាប់តាំងពីមានកុប្បកម្មដ៏ឃោឃៅនៅទូទាំងរដ្ឋរ៉ាក់ឃីន នៅភាគខាងលិចប្រទេសកាលពីឆ្នាំ២០១២កន្លងមក។

ឧបសគ្គដ៏ធំមួយរបស់លោកស្រី ស៊ូជី គឺការគូសវាសដំណោះស្រាយសម្រាប់ពួករ៉ូហ៊ីងយ៉ា ដែលត្រូវបានក្រុមព្រះសង្ឃជាតិនិយមភូមា ចាត់ទុកជាក្រុមអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសបង់ក្លាដែស បើទោះបីជាការពិតថា ជនជាតិរ៉ូហ៊ីងយ៉ាងជាច្រើន បានរស់នៅភូមារាប់ជំនាន់មកហើយក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ