ប្រជាជនជាង៤០០នាក់បានធ្លាក់ខ្លួនឈឺនិង១១នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីមានការផ្ទុះជំងឺគ្រុនក្តៅនិងផ្តាសាយ នៅស្រុកពាមរក ខេត្តព្រៃវែង។
លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថាប្រជាជនក្នុងភូមិចាក់ខ្លាញ់ ឃុំបាបោង បានធ្លាក់ខ្លួនឈឺ ដោយខ្លះក្តៅខ្លួន ផ្តាសាយ ឈឺក ជាដើម ដោយក្នុងនោះប្រជាជនចំនួន៤៣៧នាក់បានទៅពិគ្រោះជំងឺនិង១១នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអ្នកលឿង។ លោកបន្តទៀតថាការធ្លាក់ខ្លួនឈឺរបស់ប្រជាជនទាំងនោះ គឺដោយសារ ពេលនេះជារដូវភ្លៀង ហើយមេរោគផ្តាសាយបានសាយភាយ តែពួកគេមិនទាន់សូវយល់ពីការថែរក្សាសុខភាពនិងអនាម័យបានត្រឹមត្រូវនៅឡើយ។
ឆ្លើយតបទៅនឹងការសាយភាយមេរោគនេះ នៅថ្ងៃទី៤ ខែមិថុនា ក្រសួងសុខាភិបាលក៏បានបញ្ជូនមន្ត្រី និងគ្រូពេទ្យជំនាញទៅកាន់មណ្ឌលសុខភាពអ្នកលឿង ដើម្បីចុះពិនិត្យដោយផ្ទាល់នូវប្រជាជនដែលបានទៅពិនិត្យជំងឺនិងអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
លោក លី សូវ៉ាន់ បានឲ្យដឹងថាមកទល់ពេលនេះស្ថានភាពរបស់ពួកគេមានការធូរស្បើយច្រើនហើយ តែក្រុមគ្រូពេទ្យក៏នៅតែតាមដានស្ថានភាពជំងឺរបស់ពួកគេជាប្រចាំ ដើម្បីជៀសវាងការរីករាលដាលរឺការចម្លងផ្សេងៗ។
ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពព្រោះនេះជារដូវវស្សាហើយមេរោគផ្តាសាយក៏បានចាប់ផ្តើមច្រើន ជាក់ស្តែងដូចជាករណីនៅភូមិចាក់ខ្លាញ់នេះជាដើម៕