ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃអង្គារនេះបានបញ្ជាក់កាន់តែច្បាស់អំពីការគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ធ្វើជាបេក្ខនារីប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ ដោយលោកលើកឡើងថាពេលវេលា៤៨ម៉ោងទៀតនឹងក្លាយជាពេលវេលាដ៏សំខាន់។
ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ដែលអាចឲ្យគេមើលឃើញថា លោកស្រី គ្លីនតុន បានឈានមុខគេនៅក្នុងគណបក្សប្រជាធិបតេយ្យនោះ សេតវិមានបានបដិសេធបញ្ចេញការគាំទ្រប៉ុន្មានថ្ងៃមកហើយ។
អ្នកនាំពាក្យសេតវិមាន លោក Josh Earnest បាននិយាយថានៅពេលអ្នកបោះឆ្នោតនៅញូវជឺស៊ីនិងកាលីហ្វរនីញ៉ាត្រូវបញ្ចេញសិទ្ធិរបស់ពួកគេ ហើយបន្ទាប់មកសេតវិមានអាចនឹងស្ថិតនៅក្នុងជំហរមួយដែលយល់ទៅនឹងលទ្ធផលនៃការបោះឆ្នោតនោះ។
វាគឺជារឿងសម្ងាត់បើកចំហមួយនៅក្រុងវ៉ាស៊ីងតោនដែលប្រធានាធិបតី បារ៉ាក់ អូបាម៉ា មានបំណងគាំទ្រលោកស្រី គ្លីនតុន។ ប៉ុន្តែលោក អូបាម៉ា នៅមិនទាន់ច្បាស់អំពីជំហររបស់លោកនៅឡើយ នៅអំឡុងពេលនៃការប្រកួតប្រជែងដ៏ស្វិតស្វាញនៅក្នុងគណបក្សប្រជាធិបតេយ្យរវាងលោកស្រី គ្លីនតុន និងគូប្រជែងឆ្វេងនិយមលោក Bernie Sanders។
លោក អូបាម៉ា ចង់បញ្ចៀសការប្រឈមមុខនឹងអ្នកបោះឆ្នោតក្មេងៗរាប់លាននាក់ដែលបានប្រមូលផ្ដុំគ្នានៅក្នុងយុទ្ធនាការឃោសនារបស់លោក Sander។
លោក Sander សមាជិកព្រឹទ្ធសភាវ័យ៧៤ឆ្នាំបានលើកឡើងពីកំហឹងមហាជនចំពោះវិសមភាពប្រាក់ចំណូល។
លោក Sander បានទទួលការគាំទ្រ១០លានសំឡេងនៅអំឡុងយុទ្ធនាការឃោសនាដំបូងៗពោលគឺតិចជាងលោកស្រី គ្លីនតុន ៣លានសំឡេង។
ប៉ុន្តែអ្នកគាំទ្រលោក Sander បានប្ដេជ្ញាប្រយុទ្ធរហូតដល់ចុងបញ្ចប់និងប្រជែងទៅនឹងការតែងតាំងលោកស្រី គ្លីនតុនជាបេក្ខនារីប្រធានាធិបតីនៅក្នុងសន្និបាតគណបក្សប្រជាធិបតេយ្យនៅខែកក្កដាខាងមុខនេះ៕