អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញបានជំរុញឲ្យប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហ្វីលីពីន លោក Rodrigo Duterte បញ្ឈប់ការញុះញ៉ង់ឲ្យមានអំពើហិង្សាជាពិសេសអំពើហិង្សាទៅលើអ្នកកាសែតដោយបានថ្កោលទោសសម្ដីរបស់លោកថាជាសម្ដីគ្រោះថ្នាក់គ្មានការទទួលខុសត្រូវ។
អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Christof Heyns បានចាត់ទុកសម្ដីនាពេលថ្មីរបស់លោក Duterte ជាសម្ដី«គ្មានទំនួលខុសត្រូវ»ដ៏ជ្រុលនិយមនិងមិនសាកសមជាមេដឹកនាំនោះឡើយ។
លោក Duterte អាយុ៧១ឆ្នាំ ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែឧសភាកន្លងមកនោះ កាលពីសៅរ៍សប្ដាហ៍មុន បានជំរុញឲ្យសាធារណជនចូលរួមក្នុងយុទ្ធនាការឥតប្រណីប្រឆាំងនឹងឧក្រិដ្ឋកម្ម ដោយអនុញ្ញាតឲ្យមហាជនសម្លាប់ជនជួញដូរគ្រឿងញៀន។
កាលពីសប្ដាហ៍មុន លោក Duterte ក៏បាននិយាយផងដែរថា លោកនឹងអនុញ្ញាតឲ្យសម្លាប់អ្នកកាសែតទទួលសំណូកឬជាប់ពាក់ព័ន្ធនឹងសកម្មភាពពុករលួយដទៃទៀត ដែលបង្កឲ្យមានការព្រួយបារម្ភថានឹងមានឃាតកម្មកាន់តែច្រើនទៅលើអ្នកបម្រើការក្នុងវិស័យសារព័ត៌មាន។
អ្នកកាសែត១៧៤នាក់ហើយត្រូវបានគេសម្លាប់នៅហ្វីលីពីនចាប់តាំងពីរបបប្រជាធិបតេយ្យដ៏ពុករលួយមួយនេះ បានចូលមកជំនួសរបបផ្ដាច់ការរបស់លោក Ferdinand Marcos កាលពី៣ទសវត្សរ៍មុន។
លោក David Kaye ដែលជាអ្នកជំនាញខាងសេរីភាពនៃការបញ្ចេញមតិរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញក៏បានបង្ហាញក្ដីបារម្ភចំពោះសម្ដីរបស់លោក Duterte ផងដែរ។
លោកនិយាយថាការអនុញ្ញាតសម្លាប់អ្នកកាសែតដោយគ្រាន់តែពួកគេអនុវត្តសកម្មភាពវិជ្ជាជីវៈរបស់ពួកគេ អាចជាសញ្ញាមួយសម្រាប់ឃាតករយល់ថាឃាតកម្មលើអ្នកកាសែតគឺជារឿងអាចទទួលយកបាននិងរួចផុតពីការកាត់ទោស៕