ម្ចាស់រថយន្តបីគ្រឿងដែលរងការខូចខាតដោយសារបាក់ស្រុតដីនៅជាប់របងស្តាតអូឡាំពិកនៅលើផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានស្នើសុំសំណងខ្លះពីក្រុមហ៊ុនក្នុងការជួសជុលរថយន្តដែលរងការខូចខាត។
ភ្លៀងមួយមេធំរយៈពេលជិត២ម៉ោងបានចាប់ផ្តើមតាំងពីម៉ោងប្រមាណ១២និង៤០នាទី បានបណ្តាលឲ្យទឹកជន់នៅកន្លែងមួយចំនួននៅរាជធានីភ្នំពេញ។ រថយន្តបីគ្រឿងរងការខូចខាត ពេលស្រុតដីនៅក្បែរការដ្ឋានមួយជាប់របងស្តាតអូឡាំពិក។
ម្ចាស់រថយន្តប្រាប់វីអូឌីដោយសុំមិនបញ្ចេញឈ្មោះថាលោកបានចតរថយន្តលក់និងរថយន្តជិះផ្ទាល់ខ្លួនផងនៅជាប់របងស្តាតអូឡាំពិក។ លោកបន្តថាក្រោយហេតុការណ៍កើតឡើង លោកបានជួបជាមួយមេកាម្នាក់នៅខាងក្រុមហ៊ុនដើម្បីចរចាស្នើសុំសំណងមួយចំនួនជួសជុលរថយន្ត តែលោកថារហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីក្រុមហ៊ុននៅឡើយទេ។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីម្ចាស់ក្រុមហ៊ុនដែលទទួលខុសត្រូវលើសំណង់នោះបាននៅឡើយទេ។ បើតាមការចុះពិនិត្យមើល នៅជាប់កន្លែងបាក់ដីស្រុតនោះ មានការជីករណ្តៅជ្រៅមួយរបស់ការដ្ឋានក្រុមហ៊ុន៕ ដោយ ខាន់ លក្ខិណានិងស៊ុន ណារិន