មន្ត្រីជាន់ខ្ពស់ចិន កាលពីថ្ងៃអង្គារម្សិលមិញ បានអះអាងថា ប្រទេសចិននឹងមិនផ្លាស់ប្ដូរជំហររបស់ខ្លួនដែលបានអះអាងជាម្ចាស់លើដែនទឹកស្ទើរតែទាំងអស់នៅសមុទ្រចិនខាងត្បូងនោះឡើយ ខណៈជំនួបប្រចាំឆ្នាំដ៏សំខាន់មួយជាមួយក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក បានបញ្ចប់ទៅដោយគ្មានការវិវត្តអ្វីទាំងអស់ទាក់ទងនឹងបញ្ហានេះ។
នៅអំឡុងជំនួបរយៈពេល ២ថ្ងៃនៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃឺរី បានជំរុញឲ្យចិន ដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី និងផ្អែកតាម«វិធានច្បាប់»។
ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា ប៉ុន្តែ ប្រមុខកាទូតចិនលោក យ៉ាង ជីឈី បាននិយាយថា អាមេរិកគួរតែបញ្ឈប់ការចូលមកពាក់ព័ន្ធនៅក្នុងជម្លោះនេះ ដែលស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្ររបស់ខ្លួន។
លោក យ៉ាង បានអះអាងថា ជំហររបស់ចិនចំពោះករណីនេះ ស្របទៅតាមច្បាប់អន្តរជាតិ ដោយបញ្ជាក់ថា ជំហររបស់ក្រុងប៉េកាំង មិនបានផ្លាស់ប្ដូរ ហើយនឹងមិនផ្លាស់ប្ដូរនោះឡើយ។
ប្រមុខកាទូតចិនរូបនេះ និយាយថា ជម្លោះនេះគួរត្រូវបានដោះស្រាយដោយផ្ទាល់រវាងភាគីជាប់ពាក់ព័ន្ធ និងបានអំពាវនាវឲ្យក្រុងវ៉ាស៊ីងតោន ឲ្យគោរពតាមការសន្យារបស់ខ្លួនដែលថា មិនចូលពាក់ព័ន្ធនឹងជម្លោះនេះ។
ប្រទេសហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី និងវៀតណាម បានជាប់ក្នុងជម្លោះជាមួយចិនជុំវិញដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលជាច្រកចេញចូលនៃនាវាពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់៕
