អង្គការសុខភាពពិភពលោក បានឲ្យដឹងនៅថ្ងៃពុធនេះថា ថៃបានក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី ដែលបានលុបបំបាត់ការចម្លងវីរុសហ៊ីវពីម្ដាយទៅកូន ដែលជារបត់មួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សេចក្ដីប្រកាសរបស់អង្គការ WHO គឺជាការជំរុញមួយសម្រាប់បុគ្គលិកសុខាភិបាលថៃ ដែលបានផ្លាស់ប្ដូរប្រទេសនេះ ពីសង្គមមានអត្រាចម្លងមេរោគហ៊ីវខ្ពស់បំផុតនៅអាស៊ី ទៅជាសង្គមមួយដែលអាចប្រយុទ្ធប្រឆាំងដោយប្រសិទ្ធភាពនឹងបញ្ហានេះ។
ដោយបានចាត់ទុកជា«ជោគជ័យគួរឲ្យកត់សម្គាល់»នោះ អង្គការ WHO បាននិយាយថា ថៃបានបង្ហាញឲ្យពិភពលោកដឹងថា គេអាចបង្ក្រាបមេរោគហ៊ីវបាន។
គុយបា គឺជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលបានលុបបំបាត់ទាំងស្រុងនូវការចម្លងមេរោគហ៊ីវពីម្ដាយទៅកូន នៅក្រោមលក្ខណៈវិនិច្ឆ័យរបស់អង្គការ WHO។
នៅរៀងរាល់ឆ្នាំ ស្ត្រីផ្ទុកមេរោគហ៊ីវចំនួន ១.៤លាននាក់នៅជុំវិញពិភពលោក មានផ្ទៃពោះ។ ចំណែកកុមារកើតមកផ្ទុកមេរោគហ៊ីវ មានចំនួន ៤សែននាក់ នៅឆ្នាំ២០០៩។ ចំនួននេះ បានធ្លាក់ចុះមកនៅ ២៤ម៉ឺននាក់ នៅត្រឹមឆ្នាំ២០១៣៕