បទយកការណ៍៖ ការប្រើប្រាស់ហិរញ្ញវត្ថុរបស់សហជីព

កម្មករ-កម្មការិនីរោងចក្រ (ដោយ ណាត សុភាព)

ប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាមានការបង្កើតសហជីពជាច្រើននៅក្នុងរោងចក្រវាយនភ័ណ្ឌកាត់ដេរ។ គេឲ្យនិយមន័យថា សហជីពគឺជាចលករមួយនាំឲ្យកម្មករចេះតស៊ូមតិទាមទារលក្ខខណ្ឌការងារពីថៅកែរោងចក្រឲ្យគោរពសិទ្ធិកម្មករស្របតាមច្បាប់ការងារនិងរដ្ឋធម្មនុញ្ញ។

កម្មករដែលចូលជាសមាជិកសហជីពលើកឡើងប្រហាក់ប្រហែលគ្នាថាពួកគេបានផ្តល់ភាគទានឲ្យសហជីពយ៉ាងតិច៥០០រៀលដល់៤០០០រៀលក្នុងមួយខែ ដោយថាលុយនោះភាគីរោងចក្រជាអ្នកកាត់ពីប្រាក់ខែរបស់កម្មករបញ្ចូលទៅក្នុងគណនេយ្យរបស់សហជីព។

ឈរនៅក្បែរច្រកចូលរោងចក្ររោងចក្រMV ក្នុងរាជធានីភ្នំពេញ កម្មការិនី គង់ ធីតា បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានVODថាគាត់បានផ្តល់ភាគទានឲ្យសហជីពស៊ីខៅឌូ៤០០០រៀលក្នុងមួយខែអស់រយៈពេល២ឆ្នាំហើយ ប៉ុន្តែកម្មការិនីរូបនោះថា មិនដឹងសហជីពយកលុយនោះទៅធ្វើអ្វីនោះទេ។ ប្អូនស្រីបន្តថា៖រាល់ខែគេកាត់លុយពីក្រុមហ៊ុនទៅ ខ្ញុំចូល(សមាជិកសហជីព)ពីរឆ្នាំហើយ ខ្ញុំឲ្យតាមគេដែរ គេឲ្យគ្រប់គ្នាខ្ញុំឲ្យដែរទៅ [តើប្អូនដឹង គេយកទៅធ្វើអីទេ] គាត់អត់ដែលប្រាប់ផង

កម្មការិនីរោងចក្ររោងចក្រMV ម្នាក់ទៀត អ្នកស្រី ស ស្រីលីន រៀបរាប់ទំាងមិនអស់ចិត្តថា គាត់បានផ្តល់ភាគទាន១០០០រៀលក្នុងមួយខែឲ្យទៅសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែអ្នកស្រីថានៅពេលធ្វើបាតុកម្មឬធ្វើកូដកម្មជាពិសេសរូបគាត់ផ្ទាល់ជួបគ្រោះថ្នាក់ផ្សេងៗ សហជីពមិនបានយកលុយភាគទាននោះជួយកម្មករនោះទេ។ លោកស្រីបន្ថែមថា៖បាតុកម្មរៃលុយពីកម្មករដដែល រៃលុយថាម្នាក់ប៉ុន្មានពាន់ ដូចថាម្នាក់១៥០០រយរៀល ទិញទឹក ទិញអីហូប កាលខ្ញុំផ្ទុះហ្គាសក៏រៃលុយពីកម្មករដែរ គ្រោះថ្នាក់ទៅមើលអស់២៧០០ដុល្លារទៅដល់វៀតណាម ដៃ ជើង មុខទំាងអស់អត់មានទេ មានតែរៃលុយពីកម្មករគ្នាឯងជួយ អត់ទេប្រធានក្រុម ប្រធានផ្នែក

អ្នកស្រី ស ស្រីលីនថា គាត់ចង់លុបឈ្មោះអ្នកស្រីចេញពីសមាជិកសហជីពដែរ ប៉ុន្តែអ្នកស្រីបារម្ភថាខាងគណនេយ្យរោងចក្រនៅតែកាត់លុយនោះបញ្ចូលទៅក្នុងគណនេយ្យសហជីពដដែល។

កម្មការិនីម្នាក់ទៀតធ្វើការនៅរោងចក្រវ៉ាយអូលែត អឹភែរីល (ខេមបូឌា) សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថាគាត់បានផ្តល់ថវិកាជាភាគទាន១០០០រៀលឲ្យទៅសហជីពមួយអស់រយៈពេល៦ឆ្នាំហើយ ប៉ុន្តែអ្នកស្រីថានៅពេលកម្មករមានបញ្ហាក្នុងរោងចក្រ សហជីពនោះមិនបានជួយអន្តរាគមន៍នោះទេ ករណីនេះធ្វើឲ្យអ្នកស្រីសម្រេចឈប់ចូលជាសមាជិកសហជីពជិតកន្លះឆ្នាំហើយ។ អ្នកស្រីបន្តថា៖ ខ្ញុំគិតថាដូចអត់មានប្រយោជន៍ ព្រោះលុយអាពាហ៍ពិពាហ៍គឺថាយើងក៏មានលុយ ពេលគាត់ថាឲ្យយើងចូល ពេលយើងឈឺដូចថាពេលយើងមានបញ្ហាជំងឺធ្ងន់ធ្ងរ ក៏មានលុយឲ្យ ដល់ពេលទីបំផុតគឺអត់មានទំាងអស់ គឺអត់មានលុយថាយកមកឲ្យកម្មករទេ ក្នុងក្រុមខ្ញុំពីមុនចូលច្រើន ប៉ុន្តែកូនចៅខ្លះគេបានដឹង គេទៅលាលែងអស់ច្រើនគ្នា សូម្បីតែខ្ញុំប្រធានក្រុម កាលមុនក៏ខ្ញុំចូលដែរ

ទោះជាយ៉ាងណាកម្មករផ្សេងទៀតបានលើកពីអត្ថប្រយោជន៍នៃការចូលរួមជាមួយសហជីពឯករាជ។

អង្គុយក្រោមតង់លក់បាយក្បែរច្រកចូលរោងចក្រ ជីន យ៉ូវ ហ្គាមេន (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្មករម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កាលពីជិតមួយឆ្នាំមុនរោងចក្រហ្គាមេនក៏មានសហជីពដែរ ប៉ុន្តែកម្មកររូបនោះថាពេលនេះមិនមានសហជីពនៅក្នុងរោងចក្រនោះទៀតទេ។ កម្មករដដែលបន្តថាបើធ្វើការមានសហជីពនៅក្នុងរោងចក្រល្អជាង ព្រោះអាចជួយកុំឲ្យថៅកែរំលោភសិទ្ធិកម្មករ។ លោកបានបន្តថា៖ បើសិនជាមាន វាស្រួលសម្រាប់បងប្អូនកម្មករទំាងអស់ តែបើសិនជាអត់ បងប្អូនគាត់មានបញ្ហាពិបាកច្រើន វាពិបាកត្រង់ថាពេលកម្មករមានបញ្ហាអ្វីមួយត្រូវការអ្នកដោះស្រាយវាអត់មាន ពេលពឹងប្រធាន ពឹងអីមានដោះស្រាយអីចេញ មានទៅរកអីនៅណា

ចំណែកកម្មការិនីម្នាក់ទៀតអ្នកស្រី ស៊ុំ ស្រុន ធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វីស ហ្គាវ័ន្ត អឹភែរៀល (ខេមបូឌា) ស្ថិតនៅខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ រៀបរាប់ថាអ្នកស្រីបានផ្តល់ភាគទានទៅឲ្យសហជីពស៊ីខៅឌូ៤០០០រៀលក្នុងមួយខែ។ ប៉ុន្តែអ្នកស្រីថាការផ្តល់ភាគទានមានប្រយោជន៍ច្រើននៅពេលកម្មករតវ៉ាទាមទារសិទ្ធិការងារឬលក្ខខណ្ឌការងារត្រូវបានសហជីពជួយអន្តរាគមន៍ទៅថៅកែរោងចក្រឲ្យជួយដោះស្រាយ។ អ្នកស្រីបន្ថែមទៀតថា៖ សហជីពគេជួយដោះស្រាយគ្រប់សកម្មភាពដែលថៅកែក្រុមហ៊ុនគេធ្វើបាបយើង គេថាគេតវ៉ាឲ្យគ្រប់ទំាងអស់តំាងពីកង្ហា ដាក់ម៉ាស៊ីនបូម ដូចថាអ្នកមានផ្ទៃពោះឆ្លងទន្លេ មានការបន្ទាន់ គេតវ៉ាឲ្យទំាងអស់

ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី លើកឡើងថាលុយភាគទានរបស់កម្មករដែលចូលជាសមាជិកសហជីពសេរីកម្មករ១០០០រៀលនោះ លោកថាសហជីពបានយកទៅចាត់ចែងជាបីចំណែក រួមមាន៣០០រៀលសម្រាប់សហជីពថ្នាក់ជាតិយកទៅប្រើប្រាស់បើកប្រាក់ខែបុគ្គលិក បង់ទឹក ភ្លើង ជាដើម។ រីឯ៥០០រៀលទុកឲ្យសហជីពតាមមូលដ្ឋានយកទៅប្រើប្រាស់ទិញទឹក បាយ និងជួលសម្ភារៈ ករណីកម្មករធ្វើកូដកម្មបាតុកម្មទាមទារលក្ខខណ្ឌការងារជាដើម។ ចំណែក២០០រៀលទៀតទុករត់ឯកសារឬជួយកម្មករនៅពេលមានគ្រោះថ្នាក់ការងារ សម្រាលកូន រួមទំាងបញ្ហាផ្សេងៗទៀត។

Chea Mony ជា មុនី
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី

លើសពីនេះទៀត លោក ជា មុនី បញ្ជាក់ថាថវិកានេះសហជីពលោកបានយកទៅបែងចែកដោយតម្លាភាពនិងធ្វើស្របតាមលក្ខន្តិកៈរបស់សហជីព។ លោកបន្តថាដើម្បីចង់ដឹងថាសហជីពរបស់លោកចាយថវិកាភាគទាននោះមានតម្លាភាពឬអត់ លោកចង់ឲ្យមានអង្គការឯករាជ្យចុះត្រួតពិនិត្យលើករណីនេះ។ លោកបន្តថា៖ ខ្ញុំចង់ឲ្យអង្គការឯករាជ្យណាមួយមក Audit [សវនកម្ម] តើលុយគេចាយរបៀបម៉េច អ្វីដែលយើងចាយលុយថវិកាដែលកម្មករកម្មការិនីជាសមាជិកបង់ចូល១០០០រៀល គេបានបែងចែកដោយការចាយវាយហ្នឹងឯង គេចាយវាយតាមលក្ខន្តិកៈ អញ្ចឹងលក្ខន្តិកៈតម្រូវឲ្យយើង១០០០រៀល គឺសមាជិកបង់តែ១០០០រៀលទេ

លោក ជា មុនី ឲ្យដឹងទៀតថាករណីមេដឹកនាំសហជីពដែលយកថវិកាភាគទានពីកម្មករលើសពី១០០០រៀល នឹងត្រូវផាកពិន័យរដ្ឋបាល។ លោកបន្ថែមថាករណីធ្ងន់ធ្ងរត្រូវបណ្តេញចេញពីសហជីព។

អគ្គលេខាធិការសហភាពការងារកម្ពុជា លោក គង់ អាទិត្យ មានប្រសាសន៍ថាតាមលក្ខន្តិកៈសហជីពរបស់លោក តម្រូវឲ្យកម្មករ-កម្មការិនីដែលចូលជាសមាជិកសហជីពស៊ីខៅឌូត្រូវផ្តល់ភាគទាន៤០០០រៀលក្នុងមួយខែឲ្យទៅសហជីព។ លោកថាថវិកាដែលប្រមូលពីកម្មករគ្រប់គ្រាន់សម្រាប់សហជីពយកទៅចំណាយលើទឹក ភ្លើង ជួលផ្ទះ និងបុគ្គលិក បង្រៀនសមាជិកពីច្បាប់ការងារ  កូដកម្ម បាតុកម្ម ជាដើម។

ប៉ុន្តែលោក គង់ អាទិត្យ ថាករណីកម្មករមួយចំនួនដែលថាមិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយលើការចំណាយថវិកានោះ លោកថាមកពីការប្រជុំភាគច្រើនមានតែតំណាងសហជីពតាមមូលដ្ឋានចូលរួម។ លោកបន្តថា៖ ជួនកាលគាត់ជាសមាជិកទូទៅ យើងមានការប្រជុំ ហើយសមាជិកទូទៅគាត់អត់បានមកចូលរួមប្រជុំ ភាគច្រើនគាត់អត់មកចូលរួម យើងចូលរួមតែសកម្មជន ហើយសកម្មជនគាត់យកព័ត៌មានទៅផ្សព្វផ្សាយវិញ វាអត់ទាន់បានដិតដល់ តាមបទពិសោធន៍កន្លងមក

យ៉ាងណាក៏ដោយអគ្គលេខាធិការសហភាពការងារកម្ពុជារូបនេះបញ្ជាក់ថាក្រុមការងាររបស់លោកនឹងរៀបចំផែនការជាក់លាក់ប្រជុំជាសាធារណៈ ដើម្បីឲ្យកម្មករទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។

សហជីពស៊ីខៅឌូឲ្យដឹងថាថវិកាភាគទានដែលកម្មករផ្តល់ឲ្យស៊ីខៅឌូនៅឆ្នាំ២០១៥មានប្រមាណ៨ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ដោយឡែកលោកថានៅឆ្នាំ២០១៦នេះមិនទាន់ចេញរបាយការណ៍នៅឡើយ។

គួបញ្ជាក់ថានៅកម្ពុជាមានសហជីពសរុបជាង៣០០០ចែកទៅជាសហព័ន្ធមានចំនួន៩៧ ហើយចែកទៅជាសហភាពមានចំនួន១៥។ លោក គង់ អាទិត្យ បញ្ជាក់ថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះមានកម្មករប្រមាណ៦០ភាគរយក្នុងចំណោមកម្មករប្រហែល៨០ម៉ឺននាក់បានចូលជាសមាជិកសហជីព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ