អាមេរិក​បារម្ភបញ្ហានយោបាយនៅកម្ពុជាប៉ះពាល់ដល់ឱកាស​វិនិយោគ

អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាននៃក្រសួងការបរទេសអាមេរិកលោកស្រីCatherine Novelli ថ្លែងក្នុងជំនួប​មួយជាមួយ​អ្នកសារព័ត៌មាន ដែល​ធ្វើឡើងនៅ​ស្ថានទូតអាមេរិក​ប្រចាំប្រទេសកម្ពុជា(រូបថតដោយ ស៊ុន ណារិន​)

អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាននៃក្រសួងការបរទេសអាមេរិកលោកស្រីCatherine Novelli បានលើកឡើងពីក្តីបារម្ភថាបញ្ហានយោបាយបច្ចុប្បន្ននេះអាចប៉ះពាល់ដល់ឱកាសវិនិយោគនៅកម្ពុជា។

លោកស្រី Catherine ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែមិថុនា បានជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជារដ្ឋមន្រ្តីស្តីទី លោក គឹម ស៊ីថននិងមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកស្រី Catherine បានថ្លែងថាលោកស្រីចង់ឃើញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានទៅកម្រិតមួយទៀត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទៅដល់ជាង៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោកស្រីបន្តថាលោកស្រីបានលើកឡើងពីគម្រោងសម្រាប់កម្ពុជាទៅរកទីផ្សារធំជាងនេះទាំងផ្នែកកាត់ដេរនិងផ្នែកកសិកម្ម។

លោកស្រី Catherineបានបញ្ជាក់ថាសហរដ្ឋអាមេរិកចង់ពង្រឹងពាណិជ្ជកម្មនិងរកមធ្យោបាយធ្វើការជាមួយកម្ពុជា ដើម្បីជួយកម្ពុជាឈានទៅកម្រិតមួយទៀត។ លោកស្រីក៏បានស្វាគមន៍ចំពោះកម្ពុជាសម្រាប់កិច្ចព្រមព្រៀងដៃគូរអន្តរតំបន់ប៉ាស៊ីហ្វិច(TPP)ដែលជាកិច្ចព្រមព្រៀងស្តង់ដារខ្ពស់មួយ។

ទោះជាយ៉ាងណា លោកស្រី Catherineក៏បានលើកឡើងពីក្តីបារម្ភលើបញ្ហានយោបាយនៅកម្ពុជាដែលនាំឲ្យប៉ះពាល់ឱកាសវិនិយោគ។ លោកស្រីមានប្រសាសន៍ថា៖ “មួយទៀតដែលខ្ញុំលើកឡើងផងដែរ គឺនយោបាយនិងសេដ្ឋកិច្ចដែលមនុស្សជាច្រើនគិតថាជារឿងពីរផ្សេងគ្នា។ តែមានរឿងនៅកម្ពុជាគឺបញ្ហាគាបសង្កត់សង្គមស៊ីវិលនិងរឿងនយោបាយ។ ខ្ញុំបានលើកឡើងថាក្រុមហ៊ុនមើលករណីទាំងនេះយ៉ាងយកចិត្តទុកដាក់ ថាតើពួកគេគួរតែវិនិយោគឬអត់។ ក្រុមហ៊ុនចង់វិនិយោគនៅកន្លែងដែលមានស្ថិរភាពនិងភាពបើកចំហរ”។ លោកស្រីបញ្ជាក់បន្ថែមថា៖ “បញ្ហាដែលកើតឡើងនៅទីនេះអាចមានឥទ្ធិពលលើការវិនិយោគ ទោះជាវាប្រហែលមិនពេលនេះ ក៏វានឹងមានពេលក្រោយ”។ លោកស្រីថាមិនមានការឆ្លើយតបយ៉ាងណាពីមន្រ្តីក្រសួងពាណិជ្ជកម្មនោះទេ។

យោងតាមគេហទំព័រCensus.gov ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកក្នុងឆ្នាំ២០១៤ មានចំនួន៣១៧១លានដុល្លារ ដែលក្នុងនោះកម្ពុជាបាននាំចេញទៅអាមេរិកមានចំនួន៣២៧,៩លានដុល្លារនិងនាំចូលមកវិញចំនួន២៨៤៦,៧លានដុល្លារ។ ចំណែកក្នុងឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មមានចំនួន៣៤១៥លានដុល្លារ ដែលក្នុងនោះកម្ពុជានាំចេញទៅអាមេរិកចំនួន៣៩២លានដុល្លារ ហើយអាមេរិកនាំចូលចំនួន៣០២៣លានដុល្លារ។

ក្រៅពីបញ្ហាសេដ្ឋកិច្ច លោកស្រីCatherineក៏បានពិនិត្យមើលលើបញ្ហាព្រៃឈើផងដែរ ដោយលោកស្រីបានធ្វើដំណើរទៅកាន់តំបន់ព្រៃឡង់និងបានជួបជាមួយក្រុមអនុរក្សព្រៃឈើក្នុងមូលដ្ឋាន ដើម្បីនិយាយពីការអនុវត្តច្បាប់ព្រៃឈើនិងការជួញដូរសត្វព្រៃជាដើម។

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីលោកស្រីអនុរដ្ឋលេខាធិការបានចាកចេញពីប្រទេសចិនដែលនៅទីនោះលោកស្រីបានចូលរួមក្នុងកិច្ចពិភាក្សាលើកទី៨ផ្នែកសេដ្ឋកិច្ច ជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ