ប៉ូលិសប្រទេសបង់ក្លាដែស បានចាប់ខ្លួនមនុស្ស៩០០នាក់ ដែលជាផ្នែកមួយនៃការបង្ក្រាបទៅលើពួកសកម្មប្រយុទ្ធ ក្រោយពីមានការវាយប្រហារដ៏ឃោឃៅជាបន្តបន្ទាប់។
សារព័ត៌មាន BBC បានរាយការណ៍ថា ប៉ូលិស បានចាប់ផ្ដើមប្រតិបត្តិការរយៈពេលមួយសប្ដាហ៍នៅថ្ងៃសុក្រម្សិលមិញ ដោយនិយាយថា ពួកគេផ្ដោតទៅលើការចាប់ខ្លួនពួកសកម្មប្រយុទ្ធអ៊ីស្លាម។
មនុស្សប្រហែល ៤០នាក់ ក្នុងនោះមានអ្នកសរសេរប្លុក បញ្ញាវ័ន្ត និងសមាជិកក្រុមសាសនាភាគតិច ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារនានានៅក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។
កាលពីថ្ងៃសុក្រម្សិលមិញ អ្នកបម្រើការម្នាក់នៅក្នុងវិហារហិណ្ឌូមួយកន្លែង ត្រូវបានគេកាប់ស្លាប់ នៅស្រុកបាបណា។
សារព័ត៌មាននានាក្នុងប្រទេសបង់ក្លាដែស បានរាយការណ៍ថា ប្រតិបត្តិការប៉ូលិស កំពុងបោសសម្អាតក្រុមមនុស្សច្រើនក្រុម មិនមែនត្រឹមតែជនសង្ស័យជាភេរវករនោះឡើយ។ ប៉ូលិសបានប្រើប្រាស់បញ្ជីឈ្មោះឧក្រិដ្ឋជន ដែលប៉ូលិសតាមចាប់ខ្លួន ប៉ុន្តែ គោលបំណងសំខាន់ គឺដើម្បីកាត់ផ្ដាច់បណ្ដាញពួកភេរវករ។
រដ្ឋាភិបាលបង់ក្លាដែស និយាយថា ពួកសកម្មប្រយុទ្ធក្នុងស្រុក ដែលមានទំនាក់ទំនងជាមួយបណ្ដាគណបក្សប្រឆាំង កំពុងព្យាយាមបង្កអស្ថេរភាពនៅក្នុងប្រទេសនេះ៕