ក្រុមមន្ត្រី បានអះអាងថា ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាឲ្យទាហានអាមេរិក ចាត់ការពួកបះបោរតាលីបង់កាន់តែខ្លាំងក្លាបន្ថែមទៀត រួមគ្នាជាមួយទាហានអាហ្វហ្កានីស្ថាន ដែលជាការប្ដូរជំហរចំពោះជម្លោះអស់រយៈពេល ១៥ឆ្នាំមួយនេះ ដែលលោក អូបាម៉ា ធ្លាប់ប្ដេជ្ញាបញ្ចប់វា។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ទាហានអាមេរិក បានដើរតួជាអ្នកផ្ដល់ប្រឹក្សានៅអាហ្វហ្កានីស្ថាន ចាប់តាំងពីឆ្នាំ២០១៥មក ហើយគេផ្ដល់អំណាចឲ្យវាយប្រហារតែទៅលើគោលដៅពួកតាលីបង់ សម្រាប់ហេតុផលការពារខ្លួន ឬការពារទាហានអាហ្វហ្កានីស្ថានតែប៉ុណ្ណោះ។
ការផ្លាស់ប្ដូរនេះមានន័យថា ទាហានអាមេរិក ចាប់ពីពេលនេះតទៅអាចធ្វើការកាន់តែជិតស្និទ្ធជាមួយទាហានអាហ្វហ្កានីស្ថាន ក្នុងការវាយប្រហារទៅលើពួកតាលីបង់។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា កងទ័ពអាមេរិកនឹងគាំទ្រកាន់តែសកម្មថែមទៀត ដល់កងទ័ពអាហ្វហ្កានីស្ថាន។
មន្ត្រីរូបនោះដែលសុំមិនបញ្ចេញឈ្មោះ គូសបញ្ជាក់ពីផែនការក្នុងការផ្ដល់ការគាំទ្រតាមជើងអាកាសបន្ថែមទៀត និងអមជាមួយកងទ័ពអាហ្វហ្កានីស្ថាន នៅលើសមរភូមិ។
លោក អូបាម៉ា កាលពីការបោះឆ្នោតឆ្នាំ២០០៨ បានសន្យាបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថាន ដែលជាសង្គ្រាមដ៏យូរជាងគេ ដែលអាមេរិកបានចូលប្រឡូក។
កងទ័ពអាមេរិកដំបូង បានទៅដល់ប្រទេសអាហ្វហ្កានីស្ថានកាលពី១៥ឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលតាលីបង់នាពេលនោះ បដិសេធប្រគល់ អូសាម៉ា ប៊ីនឡាដិន មេភេរវករនៅពីក្រោយការវាយប្រហារថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ ហើយបុគ្គលិកយោធាអាមេរិកជាង ២ពាន់នាក់ បានស្លាប់នៅក្នុងសង្គ្រាមនេះ៕