មនុស្សរាប់ពាន់នាក់បានដើរជាក្បួននៅកណ្ដាលទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ម្សិលមិញ អំឡុងកម្មវិធីប្រចាំឆ្នាំរបស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា។ ការដើរក្បួននេះ ត្រូវបានធ្វើឡើងមិនដល់មួយខែផង ក្រោយពីតុលាការចេញសេចក្ដីសម្រេចមួយ ប្រឆាំងទៅនឹងការរៀបការរបស់អ្នកស្រឡាញ់ភេទដូចគ្នា។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នគរបាលប្រហែល ២ពាន់នាក់ ត្រូវបានគេដាក់ពង្រាយតាមដងផ្លូវ ខណៈដែលមនុស្សរាប់រយនាក់ បានចេញមកប្រឆាំងនឹងព្រឹត្តិការណ៍នោះ ដោយសារស្រែកស្លោកថា «ការស្រឡាញ់ភេទដូចគ្នា គឺជាអំពើបាប»។
ទោះបីជាមានការតវ៉ាប្រឆាំង និងការប្រមាថបន្តិចបន្តួចក៏ដោយ ក៏ក្បួនដង្ហែនោះ បានដំណើរការទៅដោយគ្មានឧបទ្ទវហេតុអ្វីកើតឡើងនោះឡើយ។ អ្នកចូលរួមប្រហែល ៥ពាន់នាក់ បានដើរដង្ហែក្បួននោះ លាយឡំទៅដោយការច្រៀងរាំផងដែរ។
ក្បួនដង្ហែរបស់អ្នកស្រឡាញ់ភេទដូចគ្នានេះ បានកើតឡើងប៉ុន្មានសប្ដាហ៍ក្រោយពីបន្តឹងមួយរបស់អ្នកដឹកនាំរឿងម្នាក់ ដែលជាអ្នកស្រឡាញ់បុរសដូចគ្នា និងដៃគូរបស់គាត់ ត្រូវបានតុលាការមួយរបស់កូរ៉េខាងត្បូង ច្រានចោល។
អ្នកដឹកនាំរឿង លោក Kim Jho Gwang-Soo និងដៃគូរបស់គាត់ គឺលោក Kim Seung-Hwan បានរៀបចំពិធីអាពាហិ៍ពិពាហិ៍មួយនៅទីក្រុងសេអ៊ូល កាលពីខែកញ្ញា ឆ្នាំ២០១៣ និងបានបញ្ជូនពាក្យចុះអេតាស៊ីវិលរបស់ពួកគេទៅអាជ្ញាធរមូលដ្ឋាន ប៉ុន្តែ ត្រូវបានអាជ្ញាធរបដិសេធ។
ខណៈដែលការស្រឡាញ់ភេទដូចគ្នា មិនមែនជារឿងស្របច្បាប់នៅកូរ៉េខាងត្បូង អាពាហិ៍ពិពាហិ៍មនុស្សភេទដូចគ្នា មិនត្រូវបានគេទទួលស្គាល់នោះឡើយ ហើយប្រទេសនេះ នៅតែប្រកាន់គំនិតអភិរក្សយ៉ាងជ្រាលជ្រៅចំពោះបញ្ហាអត្តសញ្ញាណភេទនេះ៕