អ្នកគាំទ្រគណបក្សសង្រ្គោះជាតិរាប់រយនាក់នៅព្រឹកថ្ងៃអង្គារនេះកំពុងប្រមូលផ្តុំគ្នានៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើ ដោយពួកគេអះអាងថាដើម្បីប្រឆាំងនឹងការចាប់ខ្លួនលោក កឹម សុខា។
ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង«បដិសេធក្នុងការចូលខ្លួន»ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។ លោក កឹម សុខា បានបដិសេធចូលខ្លួនទៅតុលាការនៅថ្ងៃនេះ ដោយអនុញ្ញាតឲ្យមេធាវីរបស់លោកចូលជំនួស។
រហូតមកដល់ម៉ោង៩ព្រឹកនេះ អ្នកគាំទ្រមានទៅដល់ជាង៦០០នាក់ដែលបានប្រមូលផ្តុំនៅទីស្នាក់ការបក្ស។
អ្នកស្រី យឹម នូ អះអាងថាជាអ្នកគាំទ្រមកពីខេត្តតាកែវ ប្រាប់វីអូឌីថាលោកមកទីស្នាក់ការបក្សដើម្បីតាមដានចំណាត់ការរបស់តុលាការនិងប្រឆាំងនឹងការចាប់ខ្លួន លោក កឹម សុខា។
ពលរដ្ឋម្នាក់ទៀតមកពីខេត្តកំពង់ចាម លោក ហេង ហ៊ីម មានប្រសាសន៍ថាលោកមកទីស្នាក់ការគណបក្សដើម្បីរារាំងការចាប់ខ្លួនលោក កឹម សុខា។
លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការរបស់បក្សចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ខណៈសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនរូបលោក។ រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថាតើការដាក់កម្លាំងសមត្ថកិច្ចដើម្បីត្រៀមចាប់ខ្លួនលោក កឹម សុខាឬយ៉ាងណា? សមត្ថកិច្ចរាប់រយនាក់ នៅព្រឹកថ្ងៃអង្គារនេះ បានប្រមូលផ្តុំនៅសង្កាត់ចាក់អង្រែក្រោមនិងរនាំងដែកមួយចំនួនត្រូវបានដាក់ត្រៀមនៅចិញ្ចើមផ្លូវតាមបណ្តោយផ្លូវជាតិលេខ២។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថានឹងមិនអត់ឱនឲ្យ ប្រសិនបើមានបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ។ គណបក្សសង្រ្គោះជាតិព្រមានធ្វើបាតុកម្មអហិង្សាមួយប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា។
កាលពីថ្ងៃចន្ទ គណបក្សសង្គ្រោះជាតិបានឲ្យដឹងថាខ្លួនបានទទួលស្នាមមេដៃជាង២៣ម៉ឺនពីតំណាងប្រជាពលរដ្ឋមកពីបណ្តារាជធានី-ខេត្តទាំង២៥ ដែលស្នាមមេដៃទាំងនេះត្រូវគណបក្សថាសម្រាប់ដាក់ជាញត្តិថ្វាយព្រះមហាក្សត្រព្រះរាជអន្តរាគមន៍ឲ្យស្ថាប័នរដ្ឋគោរពសិទ្ធិប្រជាពលរដ្ឋនិងអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។ គណបក្សនៅមិនទាន់កំណត់ពេលជាក់លាក់ណាមួយសម្រាប់យកញត្តិដែលមានស្នាមមេដៃជាង២៣ម៉ឺននេះទៅថ្វាយព្រះមហាក្សត្រនៅឡើយទេ៕