មន្ត្រីអាដហុកម្នាក់ដែលកំពុងជាប់ឃុំពីបទសូកប៉ាន់សាក្សី បានស្នើទៅចៅក្រមស៊ើបសួរឲ្យហៅនាង ខុម ចាន់រ៉ាទី និងសាក្សីមួយចំនួនទៀតមកសួរតទល់មុខគ្នាដោយថា ដើម្បីបញ្ជាក់ពីការពិតនូវអ្វីដែលភាគីនីមួយៗបានលើកឡើង។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនានេះ លោកស្រី លឹម មុនី មន្ត្រីរបស់សមាគមអាដហុកត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ទពិសិដ្ឋ បានកោះហៅមកសាកសួរជាថ្មីពីបទចោទសូកប៉ាន់សាក្សី។
ក្រោយពីសាកសួរអស់រយៈពេលប្រមាណជា៤ម៉ោង មេធាវីការពារក្តីលោកស្រី លឹម មុនី គឺលោក ហួត ជុនឌី ប្រាប់អ្នកសារព័តមានថាក្នុងអំឡុងពេលសាកសួរនោះលោកស្រី លឹម មុនី បានស្នើទៅចៅក្រមស៊ើបសួរឲ្យធ្វើការសាកសួររួមគ្នារវាងរូបគាត់និងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ រួមនិងសាក្សីមួយចំនួនទៀត។ លោកបន្តថា ធ្វើដូច្នេះ ដើម្បីបង្កឱកាសឲ្យភាគីទាំងអស់បានដេញដោលគ្នាពីអ្វីដែលអ្នកទាំងនោះបានលើកឡើង។
លោកបន្ថែមថា៖ “វាមានប្រយោជន៍ដែរក្នុងការអាចឲ្យភាគីទាំងអស់ចោទសួរទៅលើចំណុចមួយចំនួនដែលខ្លួនគិតថាមិនគួរនឹងសាក្សីហ្នឹងឆ្លើយអ៊ីចឹង ឧទាហរណ៍ថាចោទថាយើងអ្នកផ្តល់គំនិតសាក្សីឲ្យឆ្លើយខុសពីការពិត មានការដេញដោលគ្នាអ៊ីចឹងជាជាងសួរដាច់ដោយឡែកៗមិនបានបញ្ជាក់គ្នាទៅវិញទៅមក វាមានប្រយោជន៍ត្រង់ហ្នឹងឯង”។
ទោះយ៉ាងណាមេធាវីរូបនេះថាចៅក្រមមិនទាន់បានឆ្លើយតបបែបណានៅឡើយ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរព្រះរាជអាជ្ញារងលោក សៀង សុខ បានសួរនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីសាកសួរបន្ថែមក្នុងដំណាក់កាលអយ្យការ។ ក្រោយបញ្ចប់ការសាកសួរប្រមាណជា៣ម៉ោង លោក គឹម វាសនា មេធាវីការពារក្ដីនាងស្រីមុំ បានឲ្យដឹងថាព្រះរាជអាជ្ញារងបានសាកសួរកូនក្ដីលោកលើករណីសញ្ចារកម្មពាក់ព័ន្ធនឹងលោក កឹម សុខា លោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ ក្នុងនាមជាជនរងគ្រោះ។
លោកមានប្រសាសន៍ថា៖ «រឿងនេះគឺពិតហើយអត់មានកុហកទេ ចម្លើយនេះជាចម្លើយមែនទែនហើយអត់មានកុហកទេ វាជាចម្លើយពិតហើយតុលាការនឹងបន្តនីតិវិធីបន្តទៀត ខ្ញុំអត់អាចនិយាយបានលើសពីហ្នឹងទេ ព្រោះវាជារឿងសម្ងាត់ស៊ើបសួរ»។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា លោកស្រី លឹម មុនី និងមន្ត្រីអាដហុកបីរូបផ្សេងទៀតត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី។ ចំណែកអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបញ្ជូនទៅឃុំនៅមន្ទីរឃុំឃាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សីក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា៕