សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បានថ្លែងថា មេដឹកនាំភូមា លោកស្រី អ៊ុងសាន ស៊ូជី មានទំនួលខុសត្រូវខាងសីលធម៌ ក្នុងការបន្ធូបន្ថយភាពតានតឹងរវាងពុទ្ធសាសនិក និងក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា មេដឹកនាំព្រះពុទ្ធសាសនាទីបេអង្គនេះ បានលើកឡើងអំពីបញ្ហានេះ នៅក្នុងជំនួបជាមួយលោកស្រី ស៊ូជី ដែលបានឡើងកាន់អំណាចកាលពីខែមេសាកន្លងមក ក្នុងឋានៈជាទីប្រឹក្សារដ្ឋ នៅក្នុងរដ្ឋាភិបាលស៊ីវិលលើកដំបូងរបស់ប្រទេសនេះ។
ព្រះអង្គមានសង្ឃដីកាថា លោកស្រី ស៊ូជី គឺជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាពពិភពលោក ដូច្នេះលោកស្រីគួរតែប្រឹងប្រឹងបន្ថយភាពតានតឹងនេះ រវាងសហគមន៍ពុទ្ធសាសនិក និងសហគមន៍មូស្លីម។
អំពើហិង្សារវាងពុទ្ធសាសនិក និងជនមូស្លីមនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កឲ្យមានស្រពិចស្រពិលអំពីដំណើររីកចម្រើននៃកំណែទម្រង់ប្រជាធិបតេយ្យនៅក្នុងប្រទេសមួយនេះ។ ក្រុមសិទ្ធិមនុស្ស បានរិះគន់ជំហរស្ទាក់ស្ទើរបស់លោកស្រី ស៊ូជី ជុំវិញជម្លោះនេះ។
សម្ដេចសង្ឃ ដាឡៃ ឡាម៉ា មានសង្ឃដីកាបន្តថា លោកស្រី ស៊ូជី បានឆ្លើយតបទៅនឹងការអំពាវនាវរបស់ទ្រង់ថា ស្ថានការណ៍នោះ ពិតជាស្មុគស្មាញណាស់។
អំពើហិង្សាដ៏បង្ហូរឈាមមួយ បានផ្ទុះឡើងរវាងសហគមន៍ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា និងសហគមន៍ពុទ្ធសាសនិក នៅក្នុងប្រទេសនេះ ក្នុងនោះមានទាំងអ្នកគាំទ្រគណបក្សលោកស្រី ស៊ូជី ផងដែរ។
មនុស្សជាង ១០០នាក់ ត្រូវបានគេសម្លាប់នៅក្នុងអំពើហិង្សានៅរដ្ឋរ៉ាក់ឃីន ភាគខាងលិចប្រទេសភូមា កាលពីឆ្នាំ២០១២ ហើយជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាប្រហែល ១២៥ ០០០នាក់ បានរត់ភៀសខ្លួន៕