អវកាសយានិកអន្តរជាតិ ៣រូប បានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញបេសកកម្មនៅឯស្ថានីយអវកាសអន្តរជាតិអស់រយៈពេល ៦ខែ។
សារព័ត៌មាន BBC បានផ្សាយថា អវកាសយានិកអង់គ្លេសម្នាក់ រួមជាមួយអវកាសយានិកអាមេរិក និងរុស្ស៊ី បានវិលត្រឡប់មកដល់ផែនដីវិញកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយបានចុះនៅឯប្រទេសកាហ្សាក់ស្ថាន។
សារព័ត៌មាន BBC ដែលផ្ដោតទៅលើអវកាសយានិកអង់គ្លេសលោក Time Peake បានផ្សាយថា អវកាសយានិករូបនេះ ត្រូវជ្រើសរើសពីក្នុងចំណោមបេក្ខជន ៨០០០នាក់ កាលពីឆ្នាំ២០០៩ សម្រាប់ចូលរួមក្នុងកម្មវិធីសិក្សាអវកាសមួយរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប រួមជាមួយមនុស្ស ៥នាក់ផ្សេងទៀត។
លោក Time Peake បានធ្វើដំណើរលើយានអវកាសដែលគោចរជុំវិញគន្លងផែនដី ៣០០០ដង ឬស្មើនឹងចម្ងាយប្រហែល ១២៥លានគីឡូម៉ែត្រ នៅអំឡុងបេសកកម្មរយៈពេល ១៨៦ថ្ងៃរបស់លោក៕