ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះបានចេញសេចក្តីបំភ្លឺជាថ្មីម្តងទៀតទាក់ទងនឹងការសម្រេចដកតួនាទីមន្ត្រីក្រសួងម្នាក់ពាក់ព័ន្ធនឹងការបៀតបៀនរាងកាយនារីបកប្រែនៅកូរ៉េខាងត្បូងនិងបានឆ្លៀតរិះគន់អង្គការសង្គមស៊ីវិលនិងគណបក្សនយោបាយមួយចំនួនដែលក្រសួងថាមិនហ៊ានរិះគន់មេដឹកនាំគណបក្សមួយដែលមានរឿងអាស្រូវផ្លូវភេទប្រហាក់ប្រហែលគ្នានេះ។
ក្រសួងអប់រំកាលពីម្សិលមិញបានសម្រេចដកដំណែងលោក គ្រី ស៊ាងឡុង ពីប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈរបស់ក្រសួងអប់រំ ក្រោយពីមានសេចក្តីរាយការណ៍ថាបានបៀតបៀនផ្លូវភេទនារីបកប្រែភាសានៅប្រទេសកូរ៉េខាងត្បូងពេលលោកចូលរួមសិក្ខាសាលានៅទីនោះ។
ក្នុងសេចក្តីបំភ្លឺថ្មីមួយទៀតចេញផ្សាយនៅថ្ងៃនេះ ក្រសួងបានសរសេរពីចំណាត់ការរបស់ខ្លួនលើបុគ្គលនេះជាថ្មី ប៉ុន្តែក្រសួងក៏បានឆ្លៀតរិះគន់លើអង្គការមួយចំនួននិងគណបក្សនយោបាយដែលក្រសួងថាមិនហ៊ានរិះគន់ឬមានវិធានការលើមេបក្សរបស់ខ្លួន។ ការលើកឡើងរបស់ក្រសួងនេះទំនងជាចង់សំដៅលើប្រធានស្តីទីគណបក្សប្រឆាំងលោក កឹម សុខា ដែលកំពុងរងការចោទថាមានសេ្នហាលួចលាក់ជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រី មុំ។
ក្រសួងសរសេរទៀតថា៖ “អង្គការសង្គមស៊ីវិលមួយចំនួនតូចនិងគណបក្សនយោបាយទាំងនោះពុំមានតម្លាភាពក្នុងការរិះគន់ឬចាត់វិធានការចំពោះអ្នកដឹកនាំនយោបាយដែលបានប្រព្រឹត្តិរឿងអាស្រូវផ្លូវភេទដូចដែលក្រសួងអប់រំ យុវជន និងកីឡាបានអនុវត្តចំពោះមន្ត្រីដែលបានប្រព្រឹត្តកំហុសឆ្គងឡើយ”។
ក្រសួងអប់រំបន្តថាសង្គមស៊ីវិលមួយចំនួននិងគណបក្សនយោបាយមិនគួរអនុវត្តស្តង់ដារពីរក្នុងការរិះគន់ដោយថាមិនគួរអនុវត្តតាមគោលការណ៍ “គីង្គក់លក់ថ្នាំស្រែង” ឡើយ។
ទាក់ទាងនឹងការលើកឡើងរបស់ក្រសួងនេះ លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) មានប្រសាសន៍ថាវាជារឿងចម្លែកដែលក្រសួងអប់រំបានចេញសេចក្តីបំភ្លឺជាថ្មីនិងមានការបន្ថែមន័យរិះគន់និងវាយប្រហារលើអង្គការសង្គមស៊ីវិលមួយចំនួននិងគណបក្សនយោបាយ។ លោកចាត់ទុកការរិះគន់របស់អង្គការសង្គមស៊ីវិលលើចំណាត់ការរបស់ក្រសួងថាជាការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកក្នុងសង្គមប្រជាធិបតេយ្យ។
ទាក់ទងនឹងករណីនេះដែរអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ លើកឡើងថាក្រសួងអប់រំជាស្ថាប័នដែលត្រូវអនុវត្តតួនាទីដោយឯករាជ្យនិងអព្យាក្រឹត្យនិងថាមិនគួរធ្វើអ្វីដែលពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
គួរបញ្ជាក់ថាកាលពីថ្ងៃម្សិលមិញទាំងសារព័ត៌មានជាតិនិងបរទេសបានចុះផ្សាយពីមន្ត្រីរបស់ក្រសួងអប់រំដែលបានបៀតបៀនរាងកាយអ្នកបកប្រែភាសានៅប្រទេសកូរ៉េ ហើយការចុះផ្សាយនេះបានធ្វើឲ្យមានការរិះគន់ទៅលើចំណាត់ការក្រសួងអប់រំជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងថ្ងៃដដែលក្រសួងក៏បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនទាក់ទងនឹងការដកដំណែងបុគ្គលនោះផងដែរជាការឆ្លើយតបទៅនឹងការរិះគន់នេះ៕