ការនាំចេញរបស់ប្រទេសថៃនៅក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០១៦នេះ បានធ្លាក់ចុះ ១.៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រជាមតិចាកចេញពីសហគមន៍អឺរ៉ុបរបស់អង់គ្លេស អាចប៉ះពាល់ដល់ការនាំចេញនៅក្នុងរយៈពេលប៉ុន្មានខែមុខនេះ។
ការនាំចេញទំនិញរបស់ប្រទេសនៅក្នុងខែឧសភាកន្លងមក បានធ្លាក់ចុះ ៤.៤ភាគរយ ឬមានតម្លៃ ១៧.៦២ពាន់លានដុល្លារ ខណៈដែលការនាំចេញរយៈពេល ៥ខែដើមឆ្នាំ២០១៦នេះ មានតម្លៃ ៨៦.៩៩ពាន់លានដុល្លារ។
នាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងពាណិជ្ជកម្មថៃ លោក ស៊ុំគៀត ទ្រីរ៉ាត់ផាន បានថ្លែងកាលពីថ្ងៃម្សិលមិញថា ការនាំចេញរបស់ប្រទេសនេះ បានធ្លាក់ចុះ ២ខែជាប់គ្នាមកហើយ គិតត្រឹមខែឧសភាកន្លងមក។
លោកបញ្ជាក់ថា ការធ្លាក់ចុះនេះ គឺបណ្ដាលមកពីបញ្ហាសេដ្ឋកិច្ចសកល និងការធ្លាក់ចុះតម្លៃផលិតផលកសិកម្ម និងប្រេងឆា។
លោក ស៊ុំគៀត ក៏បានបង្ហាញក្ដីបារម្ភផងដែរចំពោះតម្លៃប្រាក់ផោនរបស់អង់គ្លេស និងប្រាក់អឺរ៉ូរបស់សហគមន៍អឺរ៉ុប ខណៈប្រទេសអង់គ្លេស បានធ្វើប្រជាមតិចាកចេញពីសហគមន៍អឺរ៉ុប៕