ប្រា​យុទ្ធ​សន្យា​ចំពោះមុខ​លោកស្រី ស៊ូ​ជី ថា​ជួយ​ដល់​ពលករ​ភូមា​

លោក​ប្រា​យុទ្ធ​ (ស្តាំ) បាន​ចាប់​ដៃ​ឯកភាពគ្នា​កែលម្អ​ស្ថានភាព​ពលករ​ភូមា​បម្រើ​ការងារ​ក្នុង​ប្រទេស​ថៃ​​ជា​មួយ​លោកស្រី ស៊ូ​ជី (រូបថតពី​បាងកកប៉ុស្តិ៍)

ប្រទេសថៃ និងភូមា កាលពីថ្ងៃសុក្រម្សិលមិញ បានឯកភាពគ្នាកែលម្អស្ថានភាពពលករភូមាបម្រើការងារក្នុងប្រទេសថៃ និងបង្កើនការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

កាសែតបាងកកប៉ុស្តិ៍ របស់ថៃ បានផ្សាយថា សេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើងតាមរយៈអនុស្សារណៈយោគយល់ចំនួន ៣ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីការបរទេសភូមា លោកស្រី អ៊ុងសាន ស៊ូជី នៅឯវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក។

បញ្ហាពលកម្ម គឺជាចំណុចផ្ដោតសំខាន់នៃដំណើរទស្សនកិច្ចរបស់មេដឹកនាំភូមា លោកស្រី ស៊ូជី ដែលទទួលបានការស្វាគមន៍ពីពលរដ្ឋភូមារាប់ពាន់នាក់ នៅឯខេត្តសមុទ្រប្រាកាន។

កាសែតបាងកកប៉ុស្តិ៍ បានផ្សាយបន្តថា កិច្ចព្រមព្រៀងនានាកាលពីថ្ងៃម្សិលមិញ ត្រូវបានគេចាត់ទុកជាការលើកកម្ពស់អត្ថប្រយោជន៍ជនចំណាកស្រុក ការការពារកាន់តែប្រសើរ ការបង្កើនជំនាញ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

ក្រៅពីជជែកពីបញ្ហាពលករភូមា មេដឹកនាំនៃប្រទេសទាំងពីរនេះ ក៏បានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចផងដែរ ក្នុងនោះមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសដាវ៉េ និងការធ្វើការរួមគ្នារវាងប្រទេសទាំងពីរ ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនភូមា ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ