ពលរដ្ឋខ្មែរ ២២នាក់ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន និងបញ្ជូនមកកម្ពុជាវិញ បន្ទាប់ពីរកឃើញថា ពួកគេបានចូលធ្វើការងារដោយខុសច្បាប់នៅទីនោះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី ២៤ ខែមិថុនានេះ ឲ្យដឹងថា អាជ្ញាធរ និងនគរបាលអន្តោប្រវេសន៍ប្រទេសថៃ បានចុះត្រួតពិនិត្យ និងបោសសម្អាតពលករខុសច្បាប់ក្នុងសិប្បកម្មម្នាងសិលាចំនួន ៣ កន្លែងនៅឃុំសាលាលាំឌួន ទីរួមខេត្តស្រះកែវ ហើយបានឃាត់ខ្លួនពលរដ្ឋខ្មែរគ្មានលិខិតឆ្លងដែនចំនួន ២២នាក់កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៦។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ២២នាក់នោះ មាន ១៦នាក់ជាពលករខុសច្បាប់ និងកុមារ ៦នាក់ ដែលជាកូនរបស់ពួកគេ។ ករណីនេះអាជ្ញាធរខ្មែរ បានអន្តរាគមន៍ជួយពលករខ្មែរខុសច្បាប់ទាំងនោះ ឱ្យបានវិលត្រឡប់មកកម្ពុជាវិញ។
យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឲ្យដឹងថា រយៈពេល ១១ខែក្នុងឆ្នាំ២០១៥ អាជ្ញាធរថៃបានឃាត់ខ្លួន និងបញ្ជូនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចំនួន៥៥ ៦២៦នាក់ ឲ្យមកស្រុកកំណើតវិញ។ របាយការណ៍បញ្ជាក់ទៀតថា ក្នុងចំណោមពលករជាង ៥ម៉ឺននាក់នោះ គឺមាន ៩០១នាក់ ត្រូវសមត្ថកិច្ចថៃចាប់ដាក់ពន្ធនាគារមុនបញ្ជូនមកស្រុកខ្មែរវិញ។
កាលពីដើមខែកក្កដា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរប្រមាណ ១លាននាក់ ដែលទៅធ្វើការនៅក្រៅប្រទេស ៧០ភាគរយកំពុងបានទទួលរងការប្រថុយប្រថានធ្វើការងារគ្មានច្បាប់អនុញ្ញាត ការកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស៕