មន្រ្តីនគរបាលឲ្យដឹងថាផ្ទះប្រជាពលរដ្ឋប្រមាណ៣៣ខ្នង ស្ថិតនៅក្រុមទី៤ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រងការបំផ្លិចបំផ្លាញទាំងស្រុង ដោយសារអគ្គិភ័យ នៅរសៀលថ្ងៃអង្គារនេះ។
អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ ប្រាប់វីអូឌីនៅរសៀលថ្ងៃអង្គារនះថាអគ្គិភ័យបានកើតឡើងនៅម៉ោងប្រមាណ២និង៤៥នាទី ហើយសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុជាក់លាក់នៅឡើយទេ។ លោកបន្តថាផ្ទះដែលបានឆាបឆេះនេះ ភាគច្រើនជាផ្ទះដែលប្រកស័ង្កសីនិងជញ្ជាំងស្លឹក។
បើតាមអធិការខណ្ឌ មូលហេតុដែលនាំឲ្យមានការឆាបឆេះផ្ទះប្រជាពលរដ្ឋដល់ទៅ៣៣ខ្នង ដោយសារតែមានខ្យល់ខ្លាំងពេកដែលធ្វើឲ្យក្រុមអ្នកពន្លត់អគ្គិភ័យពិបាកនឹងពន្លត់។ លោកបញ្ជាក់ថារហូតមកដល់ពេលនេះ មិនមានរបាយការណ៍ថាមានអ្នកស្លាប់ឬរងរបួសដោយសារអគ្គិភ័យនេះនោះទេ។
សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ដើម្បីពន្លត់ភ្លើងដែលឆាបឆេះនេះ៕