ក្រុមហ៊ុនចិនមានគម្រោងសាងសង់ផ្លូវដែកថ្មីមួយខ្សែភ្ជាប់ទៅនឹងកំពង់ផែស្វយ័តភ្នំពេញក្នុងខេត្តកណ្តាល ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ២៥០លានដុល្លារ។
លោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែក ប្រាប់VODនៅថ្ងៃអង្គារនេះថាក្រុមហ៊ុនចិនChina Railway 16th Bureau Groupកំពុងសិក្សាលើលទ្ធភាពសាងសង់ផ្លូវដែកមួយខ្សែប្រវែងជាង៤០គីឡូម៉ែត្រដែលនឹងភ្ជាប់ពីកំពង់ផែស្វយ័តភ្នំពេញទៅនឹងផ្លូវដែកមួយទៅកាន់ក្រុងកំពង់សោម។ លោកបន្តថានៅក្នុងកិច្ចប្រជុំរវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ជាមួយលោក Tang Zhen តំណាងក្រុមហ៊ុនផ្លូវដែក China Railway 16th Bureau Groupប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៦ ខែមិថុនា ក្រុមហ៊ុនបានសុំសិក្សាលម្អិតទៅលើតម្លៃគម្រោង ជាពិសេសបញ្ហាហិរញ្ញវត្ថុសេដ្ឋកិច្ចនិងផលប៉ះពាល់លើដីនិងផ្ទះប្រជាពលរដ្ឋ មុននឹងសម្រេចសាងសង់។
បើតាមលោក លី បូរិន ផ្លូវដែកនេះនឹងជួយសម្រួលចរាចរណ៍ កាត់បន្ថយការដឹកជញ្ជូនតាមផ្លូវគោក ព្រមទាំងកាត់បន្ថយលើការចំណាយជួសជុលថែទាំផ្លូវជាតិ។ ទោះជាយ៉ាងណា លោកឲ្យដឹងថារដ្ឋាភិបាលមិនមានលទ្ធភាពចេញទុនក្នុងការសាងសង់ផ្លូវដែកនោះទេ តែលោកថាក្រុមហ៊ុនអាចមានកិច្ចសន្យាវិនិយោគប្រព័ន្ធសាងសង់អាជីវកម្មផ្ទេរ(Build–operate–transfer)ជាមួយរដ្ឋាភិបាលកម្ពុជា។ លោកមានប្រសាសន៍ថា៖ “រដ្ឋាភិបាលក៏មានចំណាប់អារម្មណ៍ដែរផ្លូវហ្នឹង វាមានសារៈប្រយោជន៍ដែរ ប៉ុន្តែបើឲ្យក្រសួងនឹងចេញមុខដោះស្រាយរកដើមទុនមកធ្វើគឺអត់ទេ ប៉ុន្តែបើគេចង់ធ្វើBOTក្រសួងស្វាគមន៍”។
លោក បូរិន មិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេតនៃការសាងសង់ផ្លូវនៅឡើយទេ ដោយលោកថាស្ថិតក្នុងដំណាក់កាលសិក្សាច្រើននៅឡើយ៕