គណបក្សប្រជាជនកម្ពុជាអះអាងថាខ្លួនបានចូលរួម“យ៉ាងសកម្ម” ជាមួយគណបក្សនយោបាយនានាក្នុងការបង្កើតបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ ដោយថាដើម្បីឲ្យមានការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌។
ក្នុងពិធីអបអរសាទរខួបលើកទី៦៥នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងទៅកាន់អ្នកចូលរួមរាប់ពាន់នាក់ថាគណបក្សប្រជាជនកម្ពុជា តាមរយៈការដឹកនាំរដ្ឋាភិបាលរបស់ខ្លួនជាង៣០ឆ្នាំមកហើយនេះ បានកសាងសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចដល់ប្រទេសជាតិ។ លោកបន្តថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាមានការរីកចម្រើនខាងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សេរីភាពប្រជាពលរដ្ឋនិងគោរពនីតិរដ្ឋ។
លោកនាយករដ្ឋមន្ត្រីបន្តថាកម្ពុជាមិនមានវិបត្តិឬកម្តៅនយោបាយដូចការលើកឡើងរបស់មនុស្សមួយចំនួននោះទេ ដោយលោកថាសកម្មភាពនយោបាយរបស់គណបក្សនយោបាយនានាកំពុងតែរស់រវើកសម្រាប់ត្រៀមចូលរួមការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ “គណបក្សប្រជាជនកម្ពុជាចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនិងគណបក្សនានាក្នុងការបង្កើតបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះឲ្យមានលក្ខណៈអព្យាក្រឹត្យ សេរី ប្រជាធិបតេយ្យ និងសុខសាន្ត ដែលជាលក្ខខណ្ឌចាំបាច់នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌”។
ការបោះឆ្នោតឃុំសង្កាត់នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ខាងមុខ។ កាលពីថ្ងៃទី២៥ ខែមិថុនា សារព័ត៌មានបរទេសឈ្មោះReuters បានដកស្រង់សម្តីរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាគណបក្សកាន់អំណាចកំពុងតែភ័យខ្លាចពីការចាញ់ឆ្នោតនៅពេលខាងមុខនិងថាគណបក្សនេះកំពុងព្យាយាមធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ជាពិសេសមេបក្សប្រឆាំង។
ទោះយ៉ាងណា លោក កឹម សុខា ប្រាប់ Reutersថាគណបក្សលោកនឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ បើទោះបីជាការបោះឆ្នោតមិនប្រកបដោយសេរី និងយុត្តិធម៌ក៏ដោយ។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថាវាជារឿងដដែលៗ ដែលលោកថា គណបក្សប្រឆាំងតែងតែលើកឡើងនិងលោកថាគណបក្សប្រជាជនកម្ពុជាមិនបានបារម្ភពីការចាញ់ឆ្នោតនោះទេ៕