គណបក្សសង្រ្គោះជាតិប្រកាសថាខ្លួននឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយនៅថ្ងៃសុក្រស្អែកនេះ ដើម្បីសម្រេចលើចំណុចដែលបានពិភាក្សាជាមួយប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រមាណ៦០រូប ក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ គណបក្សសង្រ្គោះជាតិបានឲ្យដឹងថានៅថ្ងៃទី៣០ខែមិថុនា នេះ លោក សម រង្ស៊ី បានដឹកនាំកិច្ចប្រជុំពិសេសមួយ ហើយកិច្ចពិភាក្សានោះផ្តោតសំខាន់ទៅលើការវិភាគនិងវាយតម្លៃស្ថានភាពនយោបាយបច្ចុប្បន្ននិងផែនការណ៍យុទ្ធសាស្រ្ត សកម្មភាព។ គណបក្សបញ្ជាក់ថាផែនការទាំងនោះនឹងត្រូវកំណត់មកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សនៅថ្ងៃទី១ ខែកក្កដា វេលាម៉ោង១រសៀល នៅរាជធានីភ្នំពេញ។ គណបក្សមិនបានបញ្ជាក់ពីចំណុចដែលត្រូវប្រជុំអនុម័តនោះទេ។
បើតាមគណបក្សសង្រ្គោះជាតិ ក្នុងជំនួបនៅក្រៅប្រទេស លោក សម រង្ស៊ី ក៏បានលើកឡើងអំពីលទ្ធផលនៃបេសកកម្មរបស់លោកជាមួយសហគមន៍ខ្មែរនិងសកម្មជនបក្សនិងនយោបាយការទូតជាមួយសហគមន៍អន្តរជាតិ។ គណបក្សបន្តថាកិច្ចពិភាក្សាក៏បានលើកឡើងពីស្ថានភាព នយោបាយបច្ចុប្បន្នដោយមានការធ្វើរបាយការណ៍ពីគណៈកម្មាធិការនាយក ពីគណៈកម្មាធិការវិន័យនិងពីគណៈកម្មាធិការប្រតិបត្តិ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ដែលបានជួបលោក សម រង្ស៊ី នៅក្រៅប្រទេសបានសរសេរនៅលើហ្វេសប៊ុករបស់លោកថាគណៈប្រតិភូជាន់ខ្ពស់របស់គណបក្សបានជួបប្រជុំពិសេសជាមួយលោកប្រធាន សម រង្ស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដើម្បីពិភាក្សាស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ននិងផែនការសកម្មភាពដែលគណបក្សត្រូវអនុវត្ត។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានReutersពីប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ លោក សម រង្ស៊ី បានថ្លែងថាលោកនឹងវិលត្រឡប់មកកម្ពុជាវិញឲ្យបានមុនថ្ងៃបោះឆ្នោតឃុំសង្កាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៧៕