លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកែសម្រួលការសម្រេចចិត្តរបស់លោកក្នុងការដកតំណែងឧត្តមសេនីយ៍ លោក ម៉ម ស្រ៊ីមវណ្ណា រឿងប្រើពាក្យ”អាប៉ូលិសចរាចរណ៍” តែលោកសម្រេចបញ្ចប់តំណែងក្នុងនាមជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
កាលពីម៉ោង២យប់អធ្រាត្រចូលថ្ងៃទី៣០ ខែមិថុនា លោក ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុករបស់លោកដកតំណែងឧត្តមសេនីយ៍ផ្កាយបី លោក ម៉ម ស្រ៊ីមវណ្ណា ក្រោយពីមានការបង្ហោះវីដេអូតាមប្រព័ន្ធសង្គមរឿងមន្រ្តីនគរបាលចរាចរណ៍ឃាត់រថយន្តដែលមានឧត្តមសេនីយ៍រូបនោះធ្វើដំណើរជាមួយ។
នៅម៉ោងជាង៨ព្រឹកនេះ លោក ហ៊ុន សែន បានបង្ហោះសារតាមហ្វេសប៊ុក ដោយកែសម្រួលការសម្រេចចិត្តរបស់លោក រក្សាទុកឋានន្តរស័ក្តិជាឧត្តមសេនីយឯកនៃនគរបាលជាតិ។ លោកបញ្ជាក់ថាការសម្រេចនេះគឺឆ្លងកាត់ការផ្តល់យោបល់របស់បងប្អូនមួយចំនួនដែលផ្តល់មតិតាមហ្វេសប៊ុក។ លោកបញ្ជាក់ថា៖ “អនុវត្តវិន័យចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ដោយដកតួនាទីពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែររក្សាទុកឋានន្តរសក័ជាឧត្តមសេនីយឯកនៃនគរបាលជាតិតទៅទៀត។ នាពេលខាងមុខប្រសិនលោក ម៉ម ស្រ៊ីមវណ្ណា ស្គាល់កំហុសនិងធ្វើការកែប្រែ ក្រសួងមហាផ្ទៃអាចលើកសំណើរតែងតាំងក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសម្រាប់ការកែខ្លួន ក្នុងករណីយមិនកែប្រែវិន័យនឹងមានបន្តទៀត”។
កាលពីយប់អធ្រាត្រ លោក ហ៊ុន សែន បញ្ជាក់ថា៖ “ពាក្យ(អាប៉ូលិសចរាចរណ៌ )ជាពាក្យមិនត្រឹមតែប្រមាថមើលងាយថ្នាក់ក្រោមប៉ុណ្ណោះទេ តែជាការប្រមាថដល់ស្ថាប័ននគរបាលចរាចរណ៌ទាំងមូល។ ខ្ញុំមិននឹកស្មានដល់សោះថាគាត់ជាប៉ូលិសបែរជាប្រើពាក្យ“អាប៉ូលិស” ចុះទំរាំប្រជាជនធម្មតា គាត់ហៅយ៉ាងម៉េចទៀតនៅពេលគាត់ខឹង”?
មុននឹងសម្រេចដកតំណែង លោក ហ៊ុន សែន នៅម៉ោងប្រមាណ១២យប់ បានបង្ហោះសាររបស់មន្រ្តីនគរបាលចរាចរណ៍ដែលបានស្នើសុំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យជួយករណីនេះ។ លោកក៏បានបង្ហោះវីដេអូឃ្លីបដែលឧត្តមសេនីយ៍ធ្វើដំណើរតាមរថយន្តម៉ាកRAV4និងមន្រ្តីចរាចរណ៍ផាកពិន័យ ឆ្លើយឆ្លងគ្នា។ បើតាមសារដែលបង្ហោះនោះ មន្រ្តីនគរបាលរូបនោះបានសរសេរថា៖ “ខ្ញុំបាទឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ ជាមន្រ្តី នគរបាលចរចារណ៍រាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ខ្ញុំបាទបានឃាត់ឡានមួយគ្រឿងដែលមានផ្លាកលេខAA9562 ដែលបើកមិនគោរពភ្លើងសញ្ញាចរាចរណ៍ថែមទាំងមិនទទួលខុសត្រូវ និយាយសម្តីមិនសមរម្យលើរូបខ្ញុំបាទ ដោយនិយាយប្រាប់ខ្ញុំថាខ្លួនជាឧត្តមសេនីយ៍ហែងអត់ស្គាល់អញទេ ឥឡូវនេះខ្ញុំត្រូវអង្គភាពដកបញ្ឈរជើង ខ្ញុំសូមសម្តេចស ខេង ជួយដោះស្រាយឲ្យរូបខ្ញុំបាទដែលជាមន្រ្តី អនុវត្តច្បាប់ផង”។
ក្នុងវីដេអូឃ្លីបដែលមានរយៈពេលប្រមាណ១នាទីនិង៣០វិនាទី បុរសជាឧត្តមសេនីយ៍នោះបានហៅទូរស័ព្ទទៅមនុស្សម្នាក់ ដើម្បីរាយការណ៍ដោយលោកថាជាមេនគរបាលចរាចរណ៍ ដោយលោកបានប្រើពាក្យថា”អាប៉ូលិសចរាចរណ៍មួយ”។ លោកនិយាយតាមទូរស័ព្ទថា៖ “វាថាបងឯង(អ្នកបើករថយន្ត)ទទួលស្គាល់អត់?អានោះវា()ថាវាទទួលស្គាល់ អានោះវាខ្ញុំអត់ចង់ចាប់ឡានធំទេ ខ្ញុំចង់ចាប់ឡានបងឯង”។
បើតាមវីដេអូឃ្លីបនោះ មន្រ្តីនគរបាលចរាចរណ៍រូបនោះបាននិយាយថាឲ្យយកឈ្មោះរបស់លោកនិងឲ្យគេតំណែងរបស់លោកទៅ។
វីអូឌីមិនអាចសុំការឆ្លើយតបភ្លាមៗពីលោក ម៉ម ស្រ៊ីមវណ្ណា បាននៅឡើយទេ។
អ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរតបនឹងការសម្រេចរបស់នាយករដ្ឋមន្រ្តីថា៖ “សូមស៊ើបអង្កេតម្តងទៀត ព្រោះខាងប៉ូលិសចរាចរណ៌បានប្រើសម្តីមិនសមរម្យទាល់តែសោះ ហើយទោះជាយ៉ាងណាខាងឧត្តមសេនីយ៍ក៏គ្មានកំហុសអ្វីធ្ងន់ធ្ងរដល់ថ្នាក់ដកតំណែងគាត់យ៉ាងនេះដែរ”។ លោក ហ៊ុន សែន ឆ្លើយតបថា៖ “បើទើបចូលធ្វើនគរបាលមិនទាន់បានរៀនសូត្រអាចទទួលវិន័យតិចជាង”។
អ្នកលេងហ្វេសប៊ុកម្នាក់ទៀតបានសរសេរថា៖ “គួរអោយសោកស្តាយណាស់ ខ្ញុំនៅតែមិនអស់ចិត្តព្រោះខ្ញុំយល់ថាលោកឧត្តមសេនីយ៍គាត់និយាយស្តីដូចជាមិនឈ្លើយដូចការចោទប្រកាន់ទេ”។ លោក ហ៊ុន សែន បានឆ្លើយថា៖ “សុំមើលអត្ថបទរបស់ខ្ញុំឲ្យបានច្បាស់។ ចំណុចសំខាន់នៅត្រង់ពាក្យ(អាប៉ូលិសចរាចរណ៍)ដែលជាការប្រមាថស្ថាប័នរបស់ជាតិ”។
ចំណែកអ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរតបនឹងការសម្រេចរបស់នាយករដ្ឋមន្រ្តី ដោយចោទជាសំណួរថាចុះបើសិនជាករណីនេះកើតមានចំពោះរូបលោកដែលជាប្រជាពលរដ្ឋធម្មតា តើលោកគួរធ្វើយ៉ាងម៉េច?
លោក ហ៊ុន សែន បានឆ្លើយតបថា៖ “សម្រុះសម្រួលគ្នាឬតាមផ្លូវតុលាការ។ តែខ្ញុំជឿថាប្រជាពលរដ្ឋមិនធ្វើបែបនេះទេព្រោះគាត់គ្មានអំណាច”។
លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យស្នងការនគរបាលរាជធានីត្រូវអប់រំមន្ត្រីនគរបាលដែលប្រើពាក្យសម្តីមិនគប្បីហើយប្រគល់ការងារឲ្យធ្វើឡើងវិញ។ លោកបន្តថាក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិត្រូវធ្វើការអប់រំនគរបាលចរាចរណ៍ទូទាំងប្រទេសអំពីសីលធម៌ សុជីវធម៌ វិន័យនិងត្រូវសុភាពរាបសារ ម៉ឹងម៉ាត់ក្នុងការអនុវត្តច្បាប់។ លោកឲ្យដឹងទៀតថាលោកសម្រាកបានតែ២ម៉ោងប៉ណ្ណោះ ដោយសារការពិនិត្យលើរឿងនេះ៕