ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រាប់សារព័ត៌មានបរទេសថាលោកនឹងវិលត្រឡប់មកកម្ពុជាវិញឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាឆ្នាំ២០១៧។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានReutersនៅប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ សារព័ត៌មានបានដកស្រង់ពាក្យសម្តីលោក សម រង្ស៊ី ថាលោកជឿជាក់ថាលោក ហ៊ុន សែន នឹងអនុញ្ញាតឲ្យលោកត្រឡប់មកកម្ពុជាវិញដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ក៏ដូចជាតិការបោះឆ្នោតជាតិឆ្នាំ២០១៨ បើមិនដូច្នោះ សមាគមន៍អន្តរជាតិនឹងមិនយល់ថាការបោះឆ្នោតនោះស្របច្បាប់ទេ។
គណបក្សសង្រ្គោះជាតិបានលើកឡើងថាគណបក្សនឹងចរចាជាមួយគណបក្សកាន់អំណាច ដើម្បីបើកផ្លូវឲ្យលោក សម រង្ស៊ី អាចចូលស្រុកវិញបាន។ លោក ហ៊ុន សែន ធ្លាប់ប្រកាសកាត់ដៃរបស់លោកចោល ប្រសិនបើលោកលើកលែងទោសឲ្យ លោក សម រង្ស៊ី។
លោក សម រង្ស៊ី បាននិរទេសខ្លួននៅក្រៅប្រទេសតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយតុលាការចេញដីកាចាប់ខ្លួនរូបលោក ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។
នៅថ្ងៃទី២៩និងទី៣០ ខែមិថុនា លោក សម រង្ស៊ី និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនទៀត បានជួបប្រជុំគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីពិគ្រោះទៅលើបញ្ហាជាក់ស្តែងដែលគណបក្សបានជួបប្រទះនិងរកមធ្យោបាយដើម្បីដោះស្រាយ។ សេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ គណបក្សសង្គ្រោះជាតិបានឲ្យដឹងកិច្ចពិភាក្សានេះផ្តោតសំខាន់ទៅលើការវិភាគនិងវាយតម្លៃពីស្ថានភាពនយោបាយបច្ចុប្បន្ននិងផែនការយុទ្ធសាស្ត្រដែលត្រូវយកមកពិភាក្សាអនុម័តនៅក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់គណបក្សនៅថ្ងៃសុក្រស្អែកនេះ៕