ជនជាតិ​ជប៉ុន​ម្នាក់​រងរបួស ៧​នាក់​កំពុង​បាត់​ខ្លួន ក្នុង​ហេតុការណ៍​ចាប់​ចំណាប់ខ្មាំង​នៅ​បង់​ក្លា​ដែស​

ក្រុមសមត្ថកិច្ច​បង់ក្លាដែសដែលកំពុងធ្វើការឡោមព័ន្ធភោជនីយដ្ឋាននោះ(រូបភាពពីបណ្តាញសារព័ត៌មានChannel News Asia)

មកដល់រសៀលថ្ងៃនេះ សារព័ត៌មាន Channel News Asia បានផ្សាយថា ជនជាតិជប៉ុនម្នាក់ បានរងរបួស នៅអំឡុងប្រតិបត្តិការសម្រុកចូលរំដោះចំណាប់ខ្មាំង ពីសំណាក់កងកម្លាំងសន្តិសុខបង់ក្លាដែស នៅក្នុងភោជនីយដ្ឋានមួយ នៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស។

សារព័ត៌មានសិង្ហបុរីនេះ បានដកស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ដែលបាននិយាយថា ពលរដ្ឋជប៉ុនម្នាក់ ត្រូវគេបាញ់របួស ហើយកំពុងស្ថិតក្រោមការព្យាបាលនៅពេលនេះ។

សារព័ត៌មាន Channel News Asia ក៏បានដកស្រង់សម្ដីអ្នកឆ្លើយឆ្លងព័ត៌មានឲ្យខ្លួនជាជនជាតិជប៉ុន អ្នកនាង Michiyo Ishida ដែលបានសរសេរលើ Twitter របស់នាងថា នាយករដ្ឋមន្ត្រីបង់ក្លាដែស លោក សៀក ហាសាណា បានប្រាប់ទៅសមភាគីជប៉ុន លោក ស៊ិនហ្សូ អាបេ ថា ជនជាតិជប៉ុន ៧នាក់ទៀត កំពុងបាត់ខ្លួន។

ព្រឹកថ្ងៃសៅរ៍នេះ កម្លាំងសន្តិសុខបង់ក្លាដែស ក្នុងនោះមានទាំងកងកុម្ម៉ង់ដូផងដែរ បានសម្រេចសម្រុកចូលក្នុងភោជនីយដ្ឋាននោះ ដើម្បីបង្ក្រាបលើខ្មាន់កាំភ្លើង ដែលត្រូវបានគេសង្ស័យថាពួកបះបោរអ៊ីស្លាម។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីមន្ត្រីសន្តិសុខ ដែលបាននិយាយថា កងកម្លាំងកុម្ម៉ង់ដូ បានសម្រុកចូលក្នុងភោជនីយដ្ឋាននោះ ១០ម៉ោងក្រោយពីមានការចាប់ចំណាប់ខ្មាំង។

ពួករដ្ឋអ៊ីស្លាម បានប្រកាសទទួលខុសត្រូវលើការវាយប្រហារនេះ ហើយនិយាយថា មនុស្ស ២៤នាក់ ត្រូវបានគេសម្លាប់។

ប៉ូលិសបង់ក្លាដែស បាននិយាយថា មន្ត្រីប៉ូលិស ២នាក់ ត្រូវបានសម្លាប់ ហើយមនុស្សយ៉ាងតិច ២០នាក់ បានរងរបួស។ ក្រុមបះបោរ ក៏បានបង្ហោះរូបថតជនបរទេស ដែលត្រូវបានគេរាយការណ៍ថាស្លាប់នៅក្នុងការវាយប្រហារនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ