សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានផ្ញើសារជូនពរប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងបុណ្យបញ្ចប់បួសនៃខែរ៉ាម៉ាឌនរបស់សាសនាឥស្លាម។
កាលពីថ្ងៃទី៣ ខែកក្កដា សម្តេច ហ៊ុន សែន បានចូលរួមពិធីស្រាយបូសរបស់សាសនាឥស្លាម ដែលបានធ្វើឡើងនៅសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្តេចក៏បានបានផ្ញើសារជូនពរលើទំព័រហ្វេកប៊ុកដោយអបរអរសាទរជនជាតិខ្មែរឥស្លាមនៅក្នុងឱកាសបុណ្យបញ្ចប់បួសនៅថ្ងៃពុធ ទី៦ ខែកក្តដា ឆ្នាំ ២០១៦ខាងមុខនេះ។ សម្តេចបន្តក្នុងសារដដែលថាសូមប្រជាពលរដ្ឋខ្មែរឥស្លាមបានសុខនិងសប្បាយរីករាយបន្ទាប់ពីបានបំពេញកាតព្វកិច្ចបួសរយៈពេលមួយខែបានជោគជ័យ។
នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ លោក កឹម សុខា បានចេញលិខិតមួយច្បាប់ជាការផ្ញើសារជូនពរដល់ប្រជាជនខ្មែរឥស្លាមក្នុងឱកាសបុណ្យនេះដូចគ្នា ដោយថ្លែងអបអរសាទរនិងជូនពរដល់ពួកគេ។ សារជូនពរនោះបន្ថែមថា៖ “សូមទ្រង់(ព្រះអាឡោះ)មេត្តាបណ្តុះទឹកចិត្តឲ្យបងប្អួនខ្មែរឥស្លាមកាន់តែមានចិត្តស្រឡាញ់រាប់អានគ្នា អត់ឱនឲ្យគ្នាទៅវិញទៅមកនិងមានស្មារតីរួបរួមសាមគ្គីជាមហាគ្រួសារខ្មែរតែមួយ”។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថាផ្អែកទៅលើបញ្ហានយោបាយ ការជូនពរនិងអបអរសាទររបស់ថ្នាក់ដឹកនាំគណបក្សទាំងពីរនេះ ប្រៀបដូចជាការដណ្តើមប្រជាប្រិយភាពពីខ្មែរឥស្លាម តែលោកថាបើតាមទំនួលខុសត្រូវថា្នក់ដឹកនាំវិញ ការជូនពរនេះជាការបង្ហាញសមធម៌ហើយថាគណបក្សមានតួនាទីគាំទ្រនូវគ្រប់ជនជាតិទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជាហើយពួកគេត្រូវការការទួលស្គាល់ការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ “បើសិនជាយើងមើលពី ផ្អែកទៅលើទំនាស់នយោបាយសព្វថ្ងៃ ហាក់ដូចជាការដណ្តើមយកប្រជាប្រិយភាព ក៏ប៉ុន្តែបើសិនជាយើងគិតអំពីការទទួលខុសត្រូវរបស់អ្នកដឹកនាំវិញគឺខ្ញុំគិតថាវាជាផ្នែកមួយនៃការបង្ហាញនូវសមធម៌ដល់ជាតិសាសន៍គ្រប់សាសន៍ដែលរស់នៅលើដីខ្មែររបស់យើង”។
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា លោក សុះ មុះសិន ឲ្យដឹងនៅថ្ងៃចន្ទនេះថាតាមទិន្នន័យប៉ាន់សា្មនរបស់ក្រសួង ប្រជាពលរដ្ឋឥស្លាមរស់នៅប្រទេសខ្មែរសព្វថ្ងៃមានចំនួន៥០ទៅ៦០ម៉ឺននាក់ តែលោកថាបើតាមមតិទូទៅគឺមាន៦០ទៅ៨០ម៉ឺននាក់៕