គណបក្សសង្រ្គោះជាតិចាត់ទុកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទៅលើបណ្តឹងទាស់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាការសម្រេចមាន”ចរិតនយោបាយ” ដោយមិនផ្អែកលើមូលដ្ឋានច្បាប់។
នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ ករណីព្រះរាជអាជ្ញាបានចោទប្រកាន់រូបលោកថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលខ្លួនទៅតុលាការ។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ បក្សប្រឆាំងអះអាងថាការសម្រេចឲ្យចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួនសមាជិកសភាកន្លងមកមិនបានលើកអភ័យឯកសិទ្ធិសភាជាមុន ស្របតាមមាត្រា៨០នៃរដ្ឋធម្មនុញ្ញនិងមាត្រា៧នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត។ គណបក្សប្រឆាំងបានអំពាវនាវឲ្យស្ថាប័នតុលាការ នីតិបញ្ញត្តិនិងនីតិប្រតិបត្តិ គោរពនូវឯករាជ្យភាពតាមគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋពិតប្រាកដ។
បក្សប្រឆាំងបានបញ្ជាក់ថា៖ “ក្រុមសមាជិកគណបក្សសង្រ្គោះជាតិមានការព្រួយបារម្ភអំពីការបន្តភាពលម្អៀងនៅតុលាការកម្ពុជាដែលបង្ហាញពីអគតិទាំង៤ គឺ ឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ ដែលនាំឲ្យចៅក្រម ព្រះរាជអាជ្ញានិង មន្រ្តីតុលាការខ្លះ ធ្វើការអនុវត្ត សន្និដ្ឋាននិងធ្វើសេចក្តីសម្រេច ដោយរំលោភលើនីតិវិធីនិងច្បាប់ជាធរមាន រហូតដល់ហ៊ានរំលោភរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលទៀតផង”។
កាលពីថ្ងៃទី២៩ ខែមិថុនា សម្តេច ហ៊ុន សែន បានព្រមានចាប់ខ្លួនលោក កឹម សុខា ក្រោយលោក កឹម សុខា បានផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មានបរទេសថាសម្តេចខ្លាចចាញ់ឆ្នោត។ សម្តេចថ្លែងកាលនោះថា៖ “ខ្ញុំសូមផ្ដាំណា! ខ្ញុំមើល(សារព័ត៌មាន)រ៉យទ័រ(Reuters) សម្ភាសថាលោក ហ៊ុន សែន ភ័យ ណែ! អាអ្នកនៅក្នុងកន្លែង៤ជ្រុង ចេញមក មិនទាន់ដល់ម៉ោងទេ។ លោកឯងថា លោក ហ៊ុន សែន ភ័យខ្លាចចាញ់ឆ្នោត តែលោកឯងជាប់គុកគ្មានថ្ងៃចេញទេ អញប្រាប់ អាគុក កុំព្រហើនណា”។
គួរបញ្ជាក់ថាលោក កឹម សុខា បានស្នាក់នៅក្នុងស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើតាំងពីថ្ងៃទី២៦ខែឧសភា ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនរូបលោក។ លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រោយពីបដិសេធមិនចូលទៅតាមការកោះរបស់តុលាការក្នុងនាមជាសាក្សីចំនួនពីរលើក។ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារពី១ទៅ៦ខែ ប្រសិនបើតុលាការរកឃើញកំហុស៕