ក្នុងពិធីសម្ពោធរឿង«អាស៊ុយទ្រីស្មោះស្នេហ៍»កាលពីយប់ថ្ងៃទី៦ កក្កដា នៅផ្សារទំនើបអេអន ផលិតកររបស់ផលិតកម្មBKS ដែលជាអ្នកបោះទុនផលិតរឿងនេះ បានអះអាងថាខ្លួនមិនខ្វល់រឿងដែលខ្លួនដាក់បញ្ចាំងខាតឬចំណេញនោះទេ។ ផ្ទុយទៅវិញ បើទោះជារឿងមួយនេះទទួលបានលទ្ធផលបែបណាក៏ដោយ ក៏ការផលិតរឿងលើកទី៣នឹងនៅតែកើតឡើង ដោយសម្រេចចំណាយទន់អោយកាន់តែខ្ពស់និងធ្វើអោយកាន់តែមានគុណភាព។
អ្នកស្រី ប៉ែន យ៉ារឿន ថៅកែផលិតកម្ម BKS បានអះអាងថាផ្អែកតាមការផលិតរឿងកាលពីលើកទី១ អ្នកស្រីមិនសូវជាមានទំនុកចិត្តខ្ពស់ទេ ថាការដាក់បញ្ចាំងរឿង«អាស៊ុយទ្រីស្មោះស្នេហ៍»ទទួលបានថវិកាលប់លើការចំណាយខ្លាំងក្លា ដោយសារតែរឿងមួយនេះ បានចំណាយដល់ជិត៧ម៉ឺនដុល្លារទៅហើយ។ អ្នកស្រីថាការដាក់បញ្ចាំងរឿង«ដៃគូកម្ចាត់ខ្មោច»ដែលជារឿងទី១ ផលិតកម្មបានចំណូលនៅក្រោមថ្លៃដើមតិចតួច ប៉ុន្តែអ្នកស្រីនៅតែមានកម្លាំងចិត្តធ្វើរឿងទី២ដោយមិនបាក់ទឹកចិត្តដោយសារតែហេតុផលចង់ពង្រឹងទៅដល់គុណភាពរឿង។ អ្នកស្រីថាផលិតករបើខ្វល់រឿងតែចំណេញភ្លាម ហើយមិនធ្វើសាច់រឿងអោយបានល្អសិន នោះវិស័យភាពយន្តមិនអាចទៅមុខបានទេ ដោយសារតែភាពជាក់ស្ដែងគឺផលិតកម្មនីមួយៗដើម្បីអាចកើបចំណូលបានស្រួលគឺលុះត្រាតែសាងទំនុកចិត្តដល់អ្នកគាំទ្រអោយរឹងមាំសិន។ អ្នកស្រីថាបើទោះជាការផលិតរឿងទី២ទទួលបានលទ្ធផលមិនខុសគ្នានឹងរឿងទី១ ក៏អ្នកស្រីមិនមានបញ្ហារុញរាលើការផលិតរឿងទី៣នោះដែរ ហើយនឹងប្រឹងធ្វើអោយល្អថែមទៀត ដើម្បីកន្ទ្រាក់នូវភាពជោគជ័យក្នុងពេលបន្តបន្ទាប់។
អ្នកស្រីនិយាយថា៖ “កាលរឿងទី១យើងខាតតិចតួច ប៉ុន្តែខ្ញុំចាត់ទុកថាដូចរួចខ្លួនចុះ ដោយឡែកសម្រាប់រឿង«អាស៊ុយទ្រីស្មោះស្នេហ៍»ហ្នឹង ខ្ញុំអត់គិតថាខាតទៀតទេ ដោយសារតែយើងធ្វើបានល្អជាងមុន ហើយឃើញយុវវ័យក៏ចាប់អារម្មណ៍រឿងហ្នឹងខុសប្លែកពីមុន ប៉ុន្តែបើបែរជាលទ្ធផលមិនដូចការរំពឹង គឺខ្ញុំនឹងប្រឹងធ្វើរឿងអោយកាន់តែល្អថែមទៀត គឺធ្វើទាល់តែមានកេរ្តិ៍ឈ្មោះ និងមានការទទួលស្គាល់តែម្ដង អត់មានបាក់ទឹកចិត្តទេ!”។
លោក ឈុន ឡាក់ ស្វាមីរបស់អ្នកស្រីប៉ែន យ៉ារឿន បានអះអាងថាការលូកដៃផលិតរឿងរបស់លោកនិងក្រុមគ្រួសារនាពេលកន្លងមកមិនមែនដើម្បីប្រមូលប្រាក់តែមួយមុខនោះទេ ប៉ុន្តែក៏ដើម្បីស្នាដៃនិងភាពជោគជ័យក្នុងរយៈពេលយូរអង្វែងផងដែរ។ លោកថាផលិតកម្មBKSប្រកាន់ជំហរមិនកាត់ថ្លៃចំណាយធ្វើអោយរឿងក្រោយៗធ្លាក់ចុះគុណភាពនោះទេ បើទោះជាការផលិតរឿង២លើកទទួលលទ្ធផលតិចតួចនៅលើទីផ្សារ។ យ៉ាងណាមិញ លោកបានបង្ហាញជំនឿចិត្តខ្ពស់ថារឿង«អាស៊ុយទ្រីស្មោះស្នេហ៍»មិនខាតដូចក្ដីបារម្ភនោះទេ ដោយសារតែផ្អែកលើប្រជាប្រិយភាពរបស់តារាសម្ដែងដែលលោកសម្រាំងមកនិងផ្អែកលើគុណភាពរឿង ព្រមទាំងសាច់រឿងទទួលបានការសរសើរពីខាងនាយកដ្ឋានភាពយន្ត មុនពេលដាក់បញ្ចាំង។ លោកនិយាយថា៖ “សម្រាប់ខ្ញុំអត់គិតថារឿងនឹងយកមិនបាន៧ម៉ឺនដុល្លារវិញក្រោយចែកជាមួយរោងនោះទេ ប៉ុន្តែបើជាទៅជាអញ្ចឹង(ខាត) យើងអត់បាក់ទឹកចិត្តទេ គឺ នៅតែធ្វើរឿងទី៣អោយកាន់តែខ្លំាង និយាយរួមនឹងធ្វើទាល់តែឮស្នាដៃរបស់យើងមានការទទួលស្គាល់តែម្ដង!”។ លោកថានៅក្នុងរឿងនេះ មានការចំណាយខ្លាំងទៅលើតួសម្ដែង លើទីតាំងថត លើឧបករណ៍ថត និងលើបច្ចេកទេសកាត់តតែម្ដង ទើបលោកនៅតែមានការរំពឹងនៅឡើយថាមិនមានលទ្ធផលដូចគ្នានឹងរឿងទី១។
លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអះអាងថាផលិតករដរាបណាគិតជាមុននូវការប្រកួតប្រជែងជាជាងផលចំណេញ នោះគុណភាពរឿងនឹងមានចំណុចខ្លាំង។ លោកនិយាយថាផលិតករដែលដៅតែរឿងចំណេញ ការចំណាយទៅលើការផលិតរឿងពិតជាត្រូវកាត់បន្ថយហើយនឹងធ្វើអោយរឿងទាំងមូលខ្វះខាតស្ដង់ដារជាភាពយន្តពេញលេញ។ លោកបានហៅការតាំងចិត្តរបស់ផលិតកររឿង«អាស៊ុយទ្រីស្មោះស្នេហ៍»ថាជាទស្សនៈវែងឆ្ងាយរបស់អ្នកលើកស្ទួយវិស័យភាពយន្តនិងថាផលិតករដើម្បីអោយបានជោគជ័យគឺត្រូវតែហ៊ានប្រឈមនឹងខាតជាងមុនបែបនេះ ដើម្បីអោយមានការទទួលស្គាល់។ ផ្អែកតាមស្ដង់ដារផលិត ខ្លឹមសារ និងភាពកំប្លុកកំប្លែងក្នុងរឿង លោកថាខ្សែរឿង«អាស៊ុយទ្រីស្មោះស្នេហ៍»មានលក្ខណៈជាភាពយន្តពិតប្រាកដ ដោយមិនមែនជាល្ខោនបែបកំប្លែងដូចភាពយន្តដែលរងការរិះគន់មួយចំនួននោះឡើយ។ លោកទទូចអោយអ្នកគាំទ្រលើកស្ទួយខ្សែរឿងមួយនេះដោយសារតែមានខ្លឹមសារអប់រំនិងជារឿងដែលលោកយល់ថាមិនមានចម្លងឈុតឆាកសម្ដែងពីរឿងណាមួយដែលលោកធ្លាប់បានទស្សនា៕