លិខិតមិត្តអ្នកអាន៖ តើបទចម្រៀងឬអ្នកនយោបាយ​ដែលកំពុងធ្វើអោយប៉ះពាល់​ដល់ប្រណៃ​ណី​ល្អ​របស់សង្គម?

ថ្មីៗមួយរយៈចុងក្រោយនេះ មានបទចម្រៀងមួយចំនួនដែលត្រូវបាននិពន្ធឡើង ហើយទទួលរងនូវការរិះគន់ពីមជ្ឈដ្ឋានសង្គមនានារហូតដល់បទខ្លះត្រូវបានហាមឃាត់មិនអោយចាក់ផ្សាយទៅទៀតក្រោមហេតុផលថាធ្វើអោយបាត់បង់ប្រពៃណីយ៍និងទំនៀមទម្លាប់ល្អរបស់សង្គម។ ហេតុផលនេះធ្វើអោយកូនខ្មែរខ្លះអបអរសាទរ ខ្លះក៏ឆ្ងល់ ខ្លះក៏វង្វេង។ ខ្ញុំស្ថិតនៅក្នុងជំពូកក្រុមឆ្ងល់និងវង្វេង។ អ្វីដែលខ្ញុំឆ្ងល់និងវង្វេងគឺមិនយល់ពាក្យថាអ្វីទៅជាប្រពៃណីយ៍ដែលជាទំនៀមទម្លាប់ល្អរបស់សង្គម។ តើនរណាជាអ្នកកំណត់? តើមានច្បាប់ឬបទដ្ឋានណាខ្លះជាបន្ទាត់សម្រាប់វាស់វែងថាពាក្យនេះឬឃ្លានោះថាធ្វើអោយបាត់បង់ប្រពៃណីយ៍ល្អរបស់សង្គម។

បើខ្ញុំមិនច្រឡំទេ ប្រពៃណីនិងទម្លាប់របស់សង្គមមិនអាចនៅទ្រឹងមួយកន្លែងបានទេ វាត្រូវតែផ្លាស់ ប្តូរទៅតាមសម័យកាល ទៅតាមកាលៈទេសៈសង្គម ទៅតាមកាវិវត្តនៃការអប់រំ បច្ចេកវិទ្យា និងរបត់របស់សង្គមទាំងក្នុងតំបន់និងទាំងលើឆាកអន្តរជាតិ។ បើយើងនៅតែអនុវត្តទម្លាប់ដែលមានតាំងតែពីបុរាណកាលមក ទាល់តែយើងកុំប្រើប្រាស់អ្វីៗដែលជារបស់ទំនើបនៅពេលបច្ចុប្បន្ន! ក្នុងន័យនេះ ខ្ញុំចង់បញ្ជាក់ថា ទម្លាប់ អាចផ្លាស់ប្តូរពីភាពល្អទៅកាន់ភាពកាន់តែប្រសើរឡើងបាន។ ហើយខ្ញុំក៏មិនចង់បញ្ជាក់ថាត្រូវបោះបង់នូវប្រពៃណីយ៍ណាដែលបញ្ជាក់ថាយើងជាជនជាតិខ្មែរនោះឡើយ។

ជាការពិត យើងត្រូវមានមោទនភាពចំពោះទំនៀមទម្លាប់ខ្មែរដែលកំណត់អត្តសញ្ញាណថាជាខ្មែរ។ ក៏ប៉ុន្តែការរឹតត្បិតនិងប្រតិកម្មហួសព្រំដែនវាមិនត្រឹមតែធ្វើអោយមនុស្សខ្មែរបាត់បង់ភាពច្នៃប្រឌិតប៉ុណ្ណោះទេ តែវាអាចនឹងឈានទៅធ្វើអោយសង្គមសម្បូរទៅដោយមនុស្សរឹងត្អឹង មិនអាចបន់បែន និងមិនអាចធ្វើអោយសង្គមទាញយកភាពជឿនលឿនមកធ្វើជាប្រយោជន៍អោយបានប្រសើរបាន។

ការយល់ពីអត្ថន័យនិងអត្ថរសនៃចម្រៀងឬកំណាព្យចុងជួន វាទាមទារអោយអ្នកស្តាប់មានចំណេះដឹងមួយសម្រាប់ធ្វើការពិចារណានិងសំយោគ។ សំយោគបានប៉ុណ្ណាគឺអាស្រ័យលើសមត្ថភាពនិងចំណេះដឹងរបស់អ្នកស្តាប់នោះ។ ចំណែកឯការមានឬគ្មានអត្ថន័យឬអត្ថរសយ៉ាងណា វាចំាបាច់អាស្រ័យទៅលើស្នាដៃរបស់អ្នកនិពន្ធ។ តាមយោបល់ខ្ញុំ ក្រសួងមិនគួរហាមឃាត់មិនអោយចាក់ផ្សាយបទមួយចំនួនដូចជាបទអាមុំប៉ុមពីតនិងដួលគងចំប៉ាន់ ឬគិតគូរពិចារណាលើបទថ្មីៗមួយចំនួនដូចជាបទស៊ីបានចេះតែស៊ីទៅ ទាល់តែយ៉ូទើបស៊ីអូនបាន ឬបាត់បងដូចបាត់hotdog នោះឡើយ។ ក្រសួងគួរទុកអោយទស្សនិកជនគេពិចារណា គេគាំទ្រឬមិនគាំទ្រទៅចុះ ព្រោះថាពាក្យទាំងនេះដូចមិនបានចែងឬកំណត់ក្នុងច្បាប់ណាដែលអាចបកស្រាយថាធ្វើអោយបាត់បង់ប្រពៃណីយ៍សង្គមនោះឡើយ បើទោះជាបទមួយចំនួនខាងលើស្តាប់ទៅមិនមានខ្លឹមសារអោយជ្រាលជ្រៅដើម្បីអោយអ្នកស្តាប់បណ្តែតអារម្មណ៍ឬក៏រៀនសូត្របានយ៉ាងណាក៏ដោយ ក៏ប៉ុន្តែបទខ្លះ ក៏អាចដាស់អារម្មណ៍អោយមនុស្សមានភាព វៀងវ័យនិងរហ័សក្នុងការកាត់យល់និងគិតពីអត្ថន័យនិងអត្ថរសរបស់វាដែរ។

ឧទាហរណ៍បទ ដួលគងចំប៉ាន់ជាដើម វាត្រូវការមនុស្សអោយស្តាប់ហើយគ្រលាស់មកដើម្បីយល់។ ស្តាប់មួយភ្លែត ដូចធម្មតា តែការធ្វើការពិចារណាដើម្បីរៀនរិះគន់ក្នុងការស្ថាបនារបស់អ្នកស្តាប់ វានឹងធ្វើអោយ អ្នកនិពន្ធកាន់តែមានឱកាសក្នុងការកែតម្រូវនិងបង្កើតភាពច្នៃប្រឌិតអោយកាន់តែល្អឡើង។ ពាក្យគ្រលាស់ចុងជួន ពាក្យប្រៀបធៀប ឬពាក្យបញ្ឆិតបញ្ឆៀងក្នុងន័យណាមួយដែលមិនប៉ះ ពាល់ដល់បុគ្គលណាដូចដែលមានចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មានវាអាចបញ្ជាក់ពីភាពរស់រវើកនៃពាក្យដែលអាចឈានទៅរកការបង្កើតពាក្យថ្មីៗ ហើយវាថែមទាំងទាមទារការប៉ិនប្រសប់របស់អ្នកនិពន្ធនិងភាពឆ្លាតវៃក្នុងការកាត់យល់របស់អ្នកស្តាប់ថែមទៀតផង។

បទចម្រៀងពីសង្គមដើមដែលច្រៀងរៀបរាប់ហើយប្រើដូចជាពាក្យឬឃ្លាថា៖ កាកីស្រីក្ងោកមាស រួមរក្សលុះក្ស័យ បែកក្អមអូនហើយ លេចផ្លែសាវម៉ាវ សត្វជីងចក់និងនំអាកោស្រី។ល។ និង ។ល។ សុទ្ធតែបង្កប់នូវអត្ថន័យនិងអត្ថរសដែលទាមទារភាពបុិនប្រសព្វរបស់អ្នកនិពន្ធនិងការឆ្វេងយល់របស់អ្នកស្តាប់បានយ៉ាងល្អ។ នេះមិនមែនមានន័យថាអ្នកនិព្ធសម័យនេះនិពន្ធមិនសូវបានល្អដូចសម័យមុនឡើយហើយក៏មិនមែនមានន័យថាអ្នកស្តាប់សម័យនេះពិតជាបានគិតជ្រាលជ្រៅឬប្រតិកម្មរហ័សជាង សម័យមុននោះឡើយ។ ដូចនេះក្រសួងពាក់ព័ន្ធគួរតែបង្កបរិយាកាសអោយទូលាយដើម្បីអោយមានការប្រកួតប្រជែងស្នាដៃនិងគំនិតក៏ប៉ុន្តែមិនមែនថាមិនត្រូវអើពើទៅលើសកម្មភាពជ្រុលហួសហេតុអសីលធម៏ណាមួយដែលធ្វើអោយសង្គមអាចឈានទៅរកការប្រមាថមាក់ងាយឬបង្កជាជម្លោះហិង្សានោះឡើយ។

អ្វីដែលស្ថាប័នពាក់ព័ន្ធគួរប្រញាប់ចាត់វិធានការអោយបានលឿនបំផុត គឺសកម្មភាពរំលោភលើក្រម ព្រហ្មទណ្ឌនិងច្បាប់ស្តីពីរបបសារព័ត៌មានដែលជាច្បាប់សម្រាប់អោយពលរដ្ឋគ្រប់រូបអនុវត្តតាម។ សកម្មភាពរំលោភច្បាប់ដែលបានចែងមួយចំនួនដូចជា៖ ក្រមព្រហ្មទណ្ឌ មាត្រា៣០១ ស្តីការលួចថតសំឡេងឯកជនមកផ្សព្វផ្សាយសាធារណៈ មាត្រា៣០៥ ស្តីពីការបរិហារកេរ្តិ៍ជាសារធារណៈ មាត្រា៣០៦បរិហារកេរ្តិ៍តាមសារព័ត៌មាន មាត្រា៣០៧ស្តីពីការជេរប្រមាថជាសាធារណៈ ឬមាត្រា៣០៨អំពីការជេរប្រមាថតាមសារព័ត៌មាននិងច្បាប់ស្តីពីរបបសារព័ត៌មានមាត្រា១៤ស្តីពីការប្រើពាក្យអសុរោះ ជាដើម ។ល។ និង ។ល។

តើការប្រើប្រាស់ពាក្យថា៖ អាគុក មីគុក អាឈាមឆ្កែ អាឈាមថោក ឬពាក្យជេរបញ្ចោរមួយ ចំនួនដែលខ្ញុំមិនហ៊ានដកស្រង់លើកយកមកសរសេរនៅទីនេះដែលបាននិងកំពុងប្រើដោយអ្នកដឹកនាំនយោបាយខ្លះនោះ ជាការធ្វើអោយប៉ះពាល់ដល់សីលធម៌និងប្រពៃណីយ៍ដ៏ល្អរបស់សង្គមខ្មែរដែរឬទេ? តើជាការរំលោភលើក្រមព្រហ្មទ័ណ្ឌនិងច្បាប់ស្តីពីរបបសារព័ត៌មានដូចបានរៀបរាប់នៅខាងលើដែរឬទេ?នោះជាអ្វីដែលក្រសួងពាក់ព័ន្ធត្រូវតែធ្វើអោយបានរហ័សដើម្បីធានាថាច្បាប់ដែលបានចែងមក គឺត្រូវបានអនុវត្តហើយបើមិនអនុវត្តចំពោះអ្នកនយោបាយដែលជាអ្នកដឹកនាំនោះ តើចែងមកធ្វើអ្វី? យកល្អលប់ចោលទៅបើអនុវត្តមិនបាន!

ប្រមុខបក្សខ្លះអះអាងថាខ្លួនមានបេះដូងបរិសុទ្ធដើរជេរគេឯងក្រោមហេតុផលថាជេរមនុស្សដែលគួរជេរ ឬក្រោមហេតុផលថាមនុស្សនោះវាខូចអញ្ចេះឬអញ្ចុះ ចាក់គេអញ្ចេះ ចាក់អញ្ចោះ មិនត្រឹមទាំងជេររាស្រ្ត ជេរទាំងសង្ឃទៅទៀត! ជេរទាំងងងឹត ជេរទាំងងងល់ ជេរដោយតាំងថាមានតែខ្លួនទេជាអ្នកយល់ ក៏មិនឃើញស្ថាប័នពាក់ព័ន្ធណាមានប្រតិកម្មអ្វីសូម្បីមួយម៉ាត់។ ឬថាកំពុងចំណេញនយោបាយដោយសារការជេររបស់ក្រុមមួយក្តាប់នោះទើបមិនរវល់?ចុះបើមនុស្សគ្រប់គ្នាអះអាងដូចគ្នាថាខ្លួនមានចិត្តបរិសុទ្ធទាំងអស់គ្នា ដើរជេរគ្នាពេញប្រទេសដែលអាចល្មើសទៅនឹងច្បាប់ខាងលើនោះ តើសង្គមខ្មែរនឹងទៅជាយ៉ាងណា? តើពាក្យថាបេះដូងបរិសុទ្ធ ឬបេះដូងអ្នកជួយសង្គ្រោះឬថាខ្លួនជាអ្នកត្រឹមត្រូវនោះ នរណាជាអ្នកវាស់? ចុះបើមនុស្សវាស់ឬកំណត់ពាក្យនេះទៅតាមប្រភេទមនុស្សខុសៗគ្នា អញ្ចឹងមិនជេរគ្នាទៅវិញទៅមកឬយ៉ាងណា?

ការយកហេតុផលថាមកពីស្រឡាញ់ទើបជេរប្រទេច ឬទើបវាយដំ ដោយសំអាងទៅលើ ការអនុវត្តរបស់ឪពុកម្តាយទៅលើកូន គឺជាទង្វើបញ្ជាក់ពីការខ្វះខាតនៃចំណេះដឹងនិងការសិក្សាជ្រៅជ្រះជាទីបំផុត។បុគ្គលដែលសំអាងលើហេតុផលនេះសំដៅទៅលើអ្នកដែលមិនបានឆ្លងកាត់ការអប់រំពីចិត្តសាស្រ្តឬគរុកោសល្យអ្វីបន្តិចឡើយ។ សូមបញ្ជាក់ថា ការជេរប្រទេច ការវាយដំ ដើម្បីបង្ខំអោយនរណាម្នាក់ធ្វើអ្វីមួយ គឺជាទ្រឹស្តីហួសសម័យហើយគេឈប់យកមកប្រើក្នុងវិស័យអប់រំឬក្នុងការចិញ្ចឹមកូនក្នុងសង្គមជឿនលឿនយូរមកហើយ។ ទ្រឹស្តីនេះមានដើមកំណើតពីពួក Behavorist ដែលមានលោក B.F Skinner ជាចិត្តវិទូចំបងក្នុងការកំណត់ទ្រឹស្តីពីវិធីធ្វើអោយនរណាម្នាក់ធ្វើសកម្មភាពអ្វីមួយទៅតាមការដាក់ទោស និងអោយរង្វាន់ផ្នែករូបកាយខាងក្រៅជាដើម។

គេអនុវត្តជោគជ័យចំពោះសត្វ ដូចជាបង្ហាត់ត្រី ឆ្កែ ខ្លា តោ អោយធ្វើសកម្មភាពណាមួយរួចអោយចំណីតាមក្រោយជាដើម តែមិនជោគជ័យសម្រាប់មនុស្សឡើយ។ ទ្រឹស្តីក្រោយៗរបស់ក្រុម Cognitivist ឬ Constructivist ឬ Humanist មានដូចជាលោក Jean Piaget លោក Lev Vygotsky ឬលោក Erik Erikson ឬលោក Carl Rogers សុទ្ធតែបានពន្យល់និងបដិសេធពីវិធីបង្រៀនឬលើកទឹកចិត្តមនុស្សអោយធ្វើសកម្មភាពតាមការវាយដំឬជេរប្រទេចនេះឡើយ។ ទ្រឹស្តីក្រោយៗគូសបញ្ជាក់ពីការពន្យល់ដោយការលើកទឹកចិត្តតាមរយៈវិធីសាស្រ្តគាំទ្រនិងអភិវឌ្ឍការគិតពីគំនិតនានាដោយគេមិនត្រូវវាយដំឬជេរប្រទេចមនុស្សដើម្បីធ្វើអោយពួកគេយល់និងអភិវឌ្ឈនោះឡើយ។ មានការស្រាវជ្រាវបែបវិទ្យាសាស្រ្តជាច្រើនគាំទ្រទ្រឹស្តីក្រោយៗនេះ។

ប្រទេសជឿនលឿនដូចជាអាមេរិកឬអឺរ៉ុបបានកំណត់ច្បាប់ដែលគ្រូឬឪពុកម្តាយមិនអាចវាយឬជេរប្រទេចសិស្សឬកូននោះឡើយ។  នៅកម្ពុជា ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះសុទ្ធតែបានហាមឃាត់ចំពោះអំពើហិង្សាលើផ្លូវកាយនិងផ្លូវចិត្តណាមួយក្នុងគ្រួសារ។

មេបក្សនយោបាដែលបាននិងកំពុងជេរប្រទេចអ្នកដែលគិតខុសពីខ្លួនហើយអះអាងថាខ្លួនត្រឹមត្រូវ មិនមែនមិនត្រឹមតែបញ្ជាក់ថាខ្លួនខ្វះការសិក្សាអប់រំជ្រៅជ្រះប៉ុណ្ណោះទេ ថែមទាំងកំពុងញុះញង់អោយមានអំពើហិង្សាតាមផ្លូវកាយនិងចិត្តដែលជាការរំលោភច្បាប់នានាដែលមានចែងស្រាប់។ ពាក្យខ្លះពិតជាពាក្យសាមញ្ញដែលជនសមញ្ញប្រើក្នុងគ្រួសារខ្លួនមែនហើយបុគ្គលសាមញ្ញទាំងនោះគួរទុកប្រើចំពោះក្រុមគ្រួសារឬកូនឬប្តីឬប្រពន្ធខ្លួនឯងដោយសាមញ្ញចុះ ក៏ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំមិនត្រូវនិយាយ ពាក្យទាំងនោះជាសាធារណៈដាក់មនុស្សរាប់លានអ្នកនោះឡើយ។

ដូចនេះក្រសួងស្ថាប័នពាក់ព័ន្ធគួរប្រញាប់ ចាត់វិធានការទៅលើកមេបក្សនយោបាយទាំងនោះ ជៀសជាងមកហាមឃាត់បទចម្រៀងមួយចំនួនដែលគួរតែទុកអោយអ្នកស្តាប់វាយតម្លៃនិងគាំទ្រឬមិនគាំទ្រទៅចុះ ព្រោះថាអត្ថន័យនៃពាក្យក្នុងចម្រៀងមួយចំនួននោះក៏មិនបានបញ្ជាក់ពីការរំលោភលើច្បាប់ឬមាត្រាណាមួយនោះឡើយ។ គ្មានសេរីភាព គ្មានការច្នៃប្រឌិត តែបើសេរីភាពហួសកំណត់នៃច្បាប់ វាបណ្តាលអោយសង្គមវឹកវរនិងមហន្តរាយ! ការអនុវត្តច្បាប់ដែលមានចែងស្រាប់ គឺជារឿងចាំបាច់ត្រូវធ្វើ ហើយធ្វើអោយបានប្រសិទ្ធភាពបំផុតទើបរដ្ឋមួយនេះ ក្លាយជារដ្ឋគោរពច្បាប់បាន៕

ដោយ ជុំ ច័ន្ទដារិន

[email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ