ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកថាការអនុវត្តច្បាប់របស់សមត្ថកិច្ចតុលាការនិងរដ្ឋសភាទៅលើលោក កឹម សុខានិងតំណាងរាស្រ្តរបស់ខ្លួនផ្សេងទៀតគឺមិនត្រឹមត្រូវតាមនីតិវិធីនិងរដ្ឋធម្មនុញ្ញ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ៧ ខែកក្កដានេះ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិអះអាងថាគ្មាននីតិវិធីឬច្បាប់ណាបានចែងថារដ្ឋសភាអាចអនុម័តតាមមតិភាគច្រើនដាច់ខាត(៥០%+១) អនុញ្ញាតឲ្យសមត្ថកិច្ចតុលាការបន្តចាត់ការតាមនីតិវិធីលើករណីតំណាងរាស្ត្រដែលកំពុងមានអភ័យឯកសិទ្ធិ រហូត ដល់ធ្វើការចោទប្រកាន់ ដើម្បីយកទៅជំនុំជម្រះបានឡើយ។ សមាជិកសភាបញ្ជាក់ថា៖ “ដូច្នេះតុលាការ មិនអាចធ្វើសេចក្តីសន្និដ្ឋានស្ថាពរចោទប្រកាន់ ឯកឧត្តម កឹម សុខា ដើម្បីបញ្ជូនទៅធ្វើការជំនុំជម្រះ ដោយមិនបានលើអភ័យឯកសិទ្ធិសភាជាមុនសិននោះឡើយ”។
កាលពីថ្ងៃទី១ កក្កដា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេងបានសម្រេចបិទការស៊ើបសួរលើសំណុំរឿងលោក កឹម សុខាពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទមិនចូលខ្លួនទៅតុលាការ។ បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានឲ្យដឹងថាក្រោយពីជូនដំណឹងពីការបិទការស៊ើបសួរដល់ជនត្រូវចោទ ចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងនេះទៅព្រះរាជអាជ្ញាធ្វើសេចក្តីសន្និដ្ឋានស្ថាពរ។
អ្នកនាំពាក្យអ្នកតំណាងរាស្ត្របក្សប្រជាជនក្នុងសភា លោក ឈាង វុន ប្រាប់វីអូឌីកាលពីថ្ងៃទី៤ កក្កដា ថាចំពោះបទល្មើសព្រហ្មទណ្ឌជាក់ស្តែង អភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រមិនអាចការពារពួកគាត់ឲ្យផុតពីការចោទប្រកាន់ ការឃុំខ្លួន ការឃាត់ខ្លួនពីសំណាក់តុលាការបានឡើយ។ លោកបានបន្ថែមថា៖ “អញ្ចឹងករណីរបស់ អំ សំអានក្តី ករណីរបស់លោក កឹម សុខាក្តី គឺចូលទៅក្នុងលក្ខណៈទី២ គឺបទល្មើសជាក់ស្តែង តុលាការ តាមរយៈក្រសួងយុត្តិធម៌ស្នើឲ្យសុំរដ្ឋសភា ថាតើឲ្យអនុញ្ញាតឲ្យតុលាការហ្នឹងបន្តនីតិវិធីរបស់គេតទៅទៀតឬអត់? ហើយយើងគ្រាន់តែ អនុម័តថាឲ្យបន្តនីតិវិធី យើងអត់បាននិយាយអំពីអភ័យឯកសិទ្ធិអីទាំងអស់។ ច្បាប់! ជាអ្នកកំណត់អំពីអភ័យឯកសិទ្ធិរបស់លោក កឹម សុខា ” ។
លោកបានឲ្យដឹងដែរថាចំពោះករណីរបស់លោក តុ វ៉ាន់ចាន់និងលោកពិន រតនា ដែលតុលាការសង្ស័យអ្នកទាំងពីរថាបានប្រព្រឹត្តអំពើសញ្ចារកម្ម ជាបទល្មើសព្រហ្មទណ្ឌមិនជាក់ស្តែង ដែលទាមទារឲ្យសភាប្រជុំលើកអភ័យឯកសិទ្ធិជាមុនសិន មុននឹងអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីលើអ្នកទាំងពីរ។
គួររំឭកថា លោក កឹម សុខា បានស្នាក់នៅក្នុងស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើតាំងពីថ្ងៃទី២៦ខែឧសភា ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនរូបលោក។ លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រោយពីបដិសេធមិនចូលទៅតាមការកោះរបស់តុលាការក្នុងនាមជាសាក្សីចំនួនពីរលើក។ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារពី១ទៅ៦ខែ ប្រសិនបើតុលាការរកឃើញកំហុស៕