ក្រសួងសាធារណការរៀបចំជញ្ជីងចល័តទប់ស្កាត់និងបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់

ក្រសួងសាធារណការនិងដឹកជញ្ជូនសម្រេចរៀបចំជញ្ជីងចល័តថ្លឹងយានយន្តដឹកទំនិញទាំងឡាយនៅតាមគោលដៅនានា ដោយថាដើម្បីធានានូវប្រសិទ្ធភាពនិងនិរន្តភាពក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

នៅក្នុងសេចក្តីជូនដំណឹងចេញថ្ងៃទី៨ ខែកក្កដា ក្រសួងសាធារណការឲ្យដឹងថាក្រសួងនឹងរៀបចំជញ្ជីងចល័តដែលមានភារកិច្ចថ្លឹងយានយន្តដឹកជញ្ជូនទំនិញទាំងឡាយនៅតាមគោលដៅដូចជាមជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល ការដ្ឋានផលិតថ្មដើម្បីថ្លឹងទម្ងន់ដឹកជញ្ជូនមុននឹងអាចធ្វើចរាចរណ៍នៅលើផ្លួវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗដែលក្រសួងថាអ្នកបើកបររថយន្តដឹកទំនិញលើសទម្ងន់អាចបើកវាងគេចមិនចូលស្ថានីយ៍ថ្លឹងយានយន្ត។

ក្រសួងបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថាការរៀបចំជញ្ជីងចល័តនេះក្នុងគោលបំណងការពារទ្រព្យសម្បត្តិសាធារណៈ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្លូវថ្នល់ផ្សេងទៀតឲ្យមានចីរភាពនិងជាប់រឹងមាំតាមអាយុកាលបច្ចេកទេស ក៏ដូចជាចូលរូមកាត់បន្ថយការចំណាយក្នុងការថែទាំនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។ ក្រសួងបន្តថា កាលពីថ្ងៃទី២២ ខែមិថុនា រាជរដ្ឋាភិបាលក៏បានឯកភាពលើចំណាត់ការទប់ស្កាត់និងបង្ក្រាបបទល្មើសដឹកជញ្ជូនលើទម្ងន់កម្រិតផងដែរ។

ក្រសួងក៏បានអំពាវនាវឲ្យម្ចាស់បើកបររថយន្តឬអ្នកបើកបររថយន្តធុនធ្ងន់និងសាធារណជនទាំងអស់ចូលរួមសហការនិងអនុវត្តវិធានការនេះនិងរាយការណ៍មកក្រសួងបើមានមន្រ្តីក្រោមឱវាទនិងក្រុមជញ្ជីងចល័តណាប្រព្រឹត្តិមិនត្រឹមត្រូវតាមច្បាប់ក្នុងរូបភាពណាក៏ដោយដូចជាទារលុយឫដាក់ខែបង់លុយជាថ្នូរនឹងបណ្តេតបណ្តោយឲ្យមានបទល្មើសដឹកជញ្ជូនលើទម្ងន់។

ក្រសួងនឹងចាប់អនុវត្តចំពោះរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នេះទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ