ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីឆ្លើយបំភ្លឺទាក់ទងទៅនឹងបណ្តឹងក្លែងបន្លំឯកសារដែលប្តឹងដោយរោងចក្រសៅលែន។
លោក ប៉ាវ ស៊ីណា បានចូលខ្លួនទៅតាមការកោះហៅរបស់ព្រះរាជអាជ្ញារង ខាំ សុផារី ទាក់ទងទៅនឹងបណ្តឹងរបស់មេធាវី គង់ សុភ័ក្ក្រ ការពារក្តីឲ្យរោងចក្រសៅលែនដែលមានទីតាំងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅតាមបណ្តោយផ្លូវវេងស្រេង។ ក្រុមហ៊ុនបានចោទលោកថាបានក្លែងលិខិតនិងផ្តល់ព័ត៌មានមិនពិត។
លោកប៉ាវ ស៊ីណា ប្រាប់វីអូឌីក្រោយចូលបំភ្លឺថាលោក ខាំ សុផារី បានសាកសួរលោកពីដំណើររឿងនៃការប្តឹងនេះ ដោយថាសហជីពរបស់លោកក្នុងរោងចក្រនេះគឺមិនបានជូនដំណឹងតាមនីតិវិធីក្នុងការចុះបញ្ជីនិងបានក្លែងបន្លំឯកសារដោយសារតែឈ្មោះមនុស្សដែលបានបញ្ជូនទៅនោះ ពុំមាននៅក្នុងរោងចក្រ។
ការឆ្លើយតបលោកបានបដិសេធទៅនឹងបណ្តឹងនោះដោយលោកថាលោកបានធ្វើតាមនីតិវិធីត្រឹមត្រូវ តែលោកថាមានតែក្រុមហ៊ុនទេដែលព្យាយាមបដិសេធក្នុងការស្នើសុំចុះបញ្ជីសហជីពរបស់លោក។ លោកប្រាប់ថាចំពោះការខុសឈ្មោះនោះដែលត្រូវភាគីរោងចក្រប្តឹងថាលោកបានក្លែងបន្លំនោះ លោកថាមិនមានចេតនាក្នុងការចុះឲ្យខុសនោះទេគឺដោយសារកំហុសបច្ចេកទេស។
លោកមានប្រសាសន៍ថា៖ “ខ្ញុំគិតថាវាជាចេតនាអាក្រក់របស់ថៅកែរោងចក្រហ្នឹង ដែលមានគោលបំណងជាក់លាក់មួយគឺការរើសអើងសេរីភាពសហជីព គឺការទប់ស្កាត់ប្រឆាំងនឹងអង្គការសហជីពឯករាជ្យដែលមានគោលបំណងក្នុងការបង្កើតឡើងហ្នឹង ឬមួយក៏កម្មករនិយោជិតដែលគាត់មានបំណងចង់បង្កើត។ … ឈ្មោះខ្ញុំប្តឹងលើកទីមួយដែរក្រុមហ៊ុនប្តឹងខ្ញុំក៏ប្តឹងខ្ញុំខុសដែរ ខ្ញុំក៏បញ្ជាក់ដែរថាវាជាកំហុសបច្ចេកទេស។ អញ្ចឹងក្រុមហ៊ុនក៏ប្តឹងខ្ញុំខុសដែរ អញ្ចឹងខ្ញុំគិតថាវាអត់មានរឿងអីដែលធំដុំទេវាមានការខុសទៅខុសមក”។
នៅពេលទាក់ទងតាមទូរស័ព្ទ មេធាវី គង់ សុភ័ក្ក្រ បានបដិសេធមិនអត្ថាធិប្បាយលើបញ្ហានេះ។
ទាក់ទងទៅនឹងបណ្តឹងនេះ អ្នកនាំពាក្យនៃសា្ថប័នអយ្យការលោក លី សុផាណា បានឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានក្នុងសារអេឡិចត្រូនិចតេលេក្រាមថាស្ថាប័នអយ្យការនឹងបន្តចំណាត់ការស៊ើបអង្កេតទៅលើរឿងក្តីនេះបន្តទៀត ដោយលោកនឹងជូនដំណឹងបន្ថែមនៅពេលក្រោយ។
គួរបញ្ជាក់ផងដែរថា លោក ប៉ាវ ស៊ីណា សព្វថ្ងៃលោកកំពុងជាប់បណ្តឹងចំនួន២ ដោយលោកថាមួយជាប់ពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅផ្លូវវេងស្រេងកាលដើមឆ្នាំ២០១៤និងបណ្តឹងមួយទៀតទាក់ទងនឹងបទញុះញង់ឲ្យមានអំពើហិង្សានៅមុខរោងចក្រAgile Sweater ក្នុងខេត្តកំពង់ស្ពឺ កាលពីខែមករា ឆ្នាំ២០១៦៕