រឿង ​«​ហេឡូ! លោក​គ្រូ​កំលោះ» ​​​​​​​​​បានកុងត្រា​​​​​​​​​​​​ភ្លាម​ៗ​នៅ​ប្រទេស​​​ឡាវ

ក្នុងពិធីក្រុងពាលីថតរឿង «ហេឡូ! លោកគ្រូកំលោះ» កាលពីថ្ងៃទី១៥ ខែកក្កដា ផលិតករបានអះអាងថាខ្សែរឿងមួយនេះទទួលបានកុងត្រាគួរអោយភ្ញាក់ផ្អើលពីទីផ្សារនៅក្នុងប្រទេសឡាវ ដោយសូម្បីតែរឿងនៅមិនទាន់ចេញថត។ ផលិតករក៏បន្តស្វះស្វែងទីផ្សារក្រៅប្រទេសដទៃទៀតនៅពេលខ្សែរឿងថតចប់ ដើម្បីអាចដាក់បញ្ចាំងស្វែងរកចំណូលនៅក្នុងទីផ្សារប្រទេសផ្សេងក្រៅពីឡាវផងដែរ។

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថានេះជារឿងទី១ដែលខាងផលិតករទទួលបានកុងត្រានិងសិទ្ធិឲ្យបញ្ចាំងនៅក្នុងប្រទេសឡាវ បន្ទាប់ពីភាគីឡាវបានឃើញពីសេណារីយ៉ោប្លង់រឿងនិងសាច់រឿងក្នុងពេលយកទៅឆ្លង។

លោកថាគឺជាមោទនភាពធំមួយដែលម្ចាស់រោងកុនជាច្រើនក្នុងប្រទេសឡាវបានសម្រេចទទួលយកខ្សែរឿង «ហេឡូ! លោកគ្រូកំលោះ» ដោយសារតែការជឿជាក់ទៅលើសាច់រឿងនិងគុណភាពតាំងពីមុនការផលិតត្រូវចេញដំណើរការ។

លោកមានប្រសាសន៍បន្តថានៅក្នុងកុងត្រា ភាគីឡាវបានកំណត់ឲ្យរឿងមួយនេះផលិតឲ្យបានល្អទើបលោកសម្រេចថាការចុះថតរឿងនេះគឺត្រូវតែសម្រាំងតាំងពីក្រុមបច្ចេកទេស តួសម្ដែង និងទីតាំងពីថតតែម្ដង។

លោកថាហេតុផលដែលនាំរឿង «ហេឡូ! លោកគ្រូកំលោះ» ទទួលបានកុងត្រាតាំងពីមុនក្រុងពាលីចេញនៅក្នុងប្រទេសឡាវ គឺដោយសារតែពេលកន្លងមកផលិតកម្មមហាហង្សក៏បាននាំយករឿង «ក្រមុំសៅកែ» ដែលបានជោគជ័យនៅក្នុងទីផ្សារកម្ពុជាទៅដាក់បញ្ចាំងនៅតាមរោងកុនរបស់ឡាវ ហើយធ្វើអោយពលរដ្ឋឡាវទទួលស្គាល់ស្នាដៃផងដែរ។

លោកបានមានប្រសាសន៍ថា៖ “សម្អាងលើទឹកដៃក្នុងរឿង «ក្រមុំសៅកែ»នោះហើយ ដែលធ្វើម្ចាស់រោងកុនរបស់ឡាវសម្រេចកុងត្រាយករឿង «ហេឡូ! លោកគ្រូកំលោះ» តាំងពីមុនចេញថត ដែលធ្វើឲ្យខ្ញុំយល់ថាភាពយន្តខ្មែរកាន់តែមានឱកាសបង្ហាញខ្លួនក្នុងក្រសែភ្នែកទីផ្សារក្រៅប្រទេស”។

លោក អ៊ិន សុភិន បានថ្លែងបន្តថាខ្សែរឿងមួយនេះគ្រោងចំណាយប្រមាណយ៉ាងហោចជា៥ម៉ឺនដុល្លារ ដោយការចំណាយនេះគឺមិនបានរាប់បញ្ចូលលើគម្រោងទិញកាមេរ៉ា ទិញឧបករណ៍ និងបន្ថែមអ្នកឯកទេសលើបញ្ហាបច្ចេកទេស ដើម្បីអោយបានរឿងល្អនៅឡើយទេ។

លោកហាក់រំពឹងច្រើនពីទំហំជោគជ័យ បន្ទាប់ពីមានសម្អាងថារឿងមួយនេះត្រូវបានប្រទេសឡាវទទួលយកអោយដាក់បញ្ចាំងនៅតាមរោងភាពយន្តតូចធំដូចគ្នានឹងកម្ពុជា។ លោកថាក្នុងពេលខ្សែរឿង «ហេឡូ! លោកគ្រូកំលោះ» ត្រូវបានដាក់បញ្ចាំងនៅកម្ពុជា ទីផ្សារប្រទេសឡាវក៏នឹងដាក់រឿងនេះបញ្ចាំងស្របគ្នាផងដែរដែលហាក់មិនសូវអោយលោកភ័យរឿងផលិតហើយមិនចំណេញ។

តួអង្គសំខាន់ៗនៅក្នុងរឿងនេះលោកថារួមមានលោកពែកមី, អ្នកនាង សុខ សោម៉ាវត្តី, លោកជា សុវណ្ណនរាហ៍, នាយគ្រឿន, កញ្ញានីឡា, អ្នកនាងប៉េងប៉ោង, អ្នកនាងខ្ញុង, លោកលឹម រដ្ឋា, កញ្ញា សឿន ផាភួង, លោកអូន ឧស្សាហ៍ និងរឿងតួអង្គល្បីៗជាច្រើនដែលសុទ្ធតែមានទីផ្សារខ្លាំងនៅក្នុងភាពយន្ត។

លោក ចែម ចាន់ដារ៉ា ហៅពែកមី បានហៅការផលិតរឿងប្រកួតប្រជែងទីផ្សារក្រៅប្រទេសថាជារឿងប្រសើរមួយសម្រាប់វិស័យភាពយន្តខ្មែរ។ ក្នុងនោះលោកក៏ប្រកាសអោយតួសម្ដែងប្រឹងប្រែងសម្ដែងអោយអស់ពីសមត្ថភាពផងដែរ ដើម្បីលើកកម្ពស់វិស័យសិល្បៈទី៧នៅកម្ពុជាទាំងនៅក្នុងស្រុកនិងអន្តរជាតិ។

លោកថាជាលើកទី១ដែលខ្លួនទទួលថតអោយខាងផលិតមហាហង្ស បន្ទាប់ពីមើលឃើញថាភាពយន្តរឿង «ហេឡូ! លោកគ្រូកំលោះ» មានសាច់រឿងប្លែកនិងមានមហិច្ឆតាចេញប្រឡូកនៅតាមទីផ្សារនៅក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ