អ្នកភូមិជាង៣០នាក់ នៅក្រុងសៀមរាប ខេត្ដសៀមរាប នៅព្រឹកថ្ងៃសៅរនេះ នាំគ្នាតវ៉ា រារាំងសកម្មភាពគ្រឿងចក្រឈ្មួញម្នាក់ដោយពួកគាត់ចោទថា ឈ្មួញនោះជីកទន្ទ្រាន យកអាងទឹករួមធ្វើជាកម្មសិទ្ធិឯកជន។
ពលរដ្ឋទាំងនោះមកពីសង្កាត់សៀមរាប និងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ពលរដ្ឋនៅភូមិភ្នំក្រោមលោក គ្រំ វ៉េត ប្រាប់វីអូឌី(VOD) នៅកន្លែងតវ៉ាថា អាងស្ដុកទឹករួម ត្រូវបានឈ្មួញរកស៊ីជីកអាចម៍ដីលក់ឈ្មោះហួរ អ៊ុក ប្រើគ្រឿងចក្រពីរគ្រឿងជីកយកអាចម៍ដី ដើម្បីធ្វើស្រះចិញ្ចឹមត្រីជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលលោកថា ធ្វើឲ្យបាត់បង់អាងទឹកសម្រាប់ស្រោចស្រប់ដំណាំកសិកម្មពលរដ្ឋនៅស្រូវប្រាំង។
ក្រុមអ្នកភូមិបានឲ្យដឹងស្រដៀងគ្នាថា ការជីកយកអាចម៍ដីពីអាងទឹកនោះ ពួកគេមិនរារាំងនោះទេ ប៉ុន្ដែឈ្មួញរូបនោះ បានជីកដីទ្រង់ទ្រាយជាស្រះចិញ្ចឹមត្រីក្នុងអាងស្ដុកទឹកនោះធ្វើជាប្រយោជន៍បុគ្គលទៅវិញ។ ពួកគេបន្ដថា លោក ហួរ អ៊ុក បានធ្វើសកម្មភាពរបៀបនេះ ជាច្រើនកន្លែងមកហើយដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរឡើយ ដែលពួកគេបារម្ភបាត់បង់បឹងបុរាណនោះ។
VOD មិនអាចទាក់ទងអភិបាលក្រុងសៀមរាបលោក សូ ផ្លាតុង ដើម្បីសាកសួរពីករណីនេះបានទេ ដោយលោកមិនលើកទូរស័ព្ទ។
ចំណែកលោក ហួរ អ៊ុក ជាឈ្មួញដែលពលរដ្ឋចោទប្រកាន់បានបកស្រាយនៅកន្លែងពលរដ្ឋតវ៉ាថា ការជីកយកអាចម៍ដីនេះ មិនចាំបាច់មានច្បាប់ពីស្ថាប័នពាក់ព័ន្ធ ឬ អាជ្ញាធរទេ ព្រោះនេះ ជាបឹងរបស់រដ្ឋ។
ទោះជាយ៉ាងណា ពលរដ្ឋបានបំបែកការតវ៉ានៅព្រឹកថ្ងៃដដែល ក្រោយពួកគេ បញ្ឍប់គ្រឿងចក្រឈ្មួញរូបនោះ ។ អ្នកភូមិអះអាងថា អាងនោះជាកន្លែងស្ដុកទឹកតាំងពីបុរាណមកហើយ ដែលមានពលរដ្ឋបីសង្កាត់យកទឹកស្រោចស្រប់លើដំណាំកសិកម្មនៅរដូវប្រាំង រួមមានពលរដ្ឋនៅសង្កាត់សៀមរាប សង្កាត់ស្វាយដង្គំ និងសង្កាត់សបួរ៕