នៅព្រឹកថ្ងៃទី១៨កម្មកររោងចក្រជាង ១០០នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់នៅក្នុងរោងចក្រ ហ្គ្រេនអ៊ីស ហ្វូតវែរ អ៊ិនធលខប ក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុលអង្គស្នួល ខេត្ដកណ្ដាល។
លោក សៀង រិទ្ធី ប្រធានសម្ព័នសហជីពអំណាចយុវជនកម្ពុជាបានប្រាប់វីអូឌីថាមូលហេតុដែលបណ្ដាលអោយមានការសន្លប់នេះបណ្ដាលមកពីមានកម្មការនីម្នាក់មិនស្រួលខ្លួនហើយបានដួលសន្លប់និងមានអាការៈប្រកាច់។ លោកថា ការសន្លប់នេះស្ថិតក្នុងរូបភាពមិនល្អមើលទើបធ្វើអោយកម្មករដទៃទៀតមានអាការៈភ័យស្លន់ស្លោបន្លប់ជាបន្ដបន្ទាប់។
លោក សៀង រិទ្ធី បញ្ជាក់ថាអ្នកតំណាងរោងចក្របានសហការជាមួយមន្ទីពេទ្យបង្អែកស្រុកបានបញ្ចូនកម្មករដួលសន្លប់ទៅសម្រាកនិងព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកស្រុកដោយឡែកមានកម្មករម្នាក់មានសភាពធ្ងន់ធ្ងរពេកទើបបញ្ចូនទៅមន្ទីពេទ្យព្រះកុសុមៈរាជធានីភ្នំពេញ។
លោក សៀង រិទ្ធីបានបញ្ចាក់ទៀតថា៖” ចំពោះកម្មករដែលមិនអាចធ្វើការបាននៅថ្ងៃស្អែកអាចសម្រាកព្យាបាលជាបន្ដទៀតបានរហូតដល់គាត់មានលទ្ធិភាពគ្រប់គ្រាន់អាចមកធ្វើការបាន”៕