លោក កឹម សុខា ថាគណបក្សសង្គ្រោះជាតិកំពុងដើរលើផ្លូវត្រូវ

លោក កឹម សុខា (រូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា)

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចាត់ទុកថា គណបក្សមួយនេះបានដើរលើផ្លូវត្រូវ និងជំរុញឲ្យសម្មជន និងថ្នាក់ដឹកនាំគណបក្សមមួយនេះបន្តដំណើរទៅមុខទៀតដោយថាដើម្បីដល់គោលដៅ “ការផ្លាស់ប្តូរជាវិជ្ជមានមួយ”

លោក កឹម សុខា សរសេរបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃចន្ទនេះ ក្នុងឱកាសខួប៤ឆ្នាំនៃការបង្កើតគណបក្សសង្គ្រោះជាតិ ដែលបានពីការរួមគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០១២។

លោក កឹម សុខា សរសេរទៀតថា ៖ បានវាយតម្លៃថា រយៈពេល៤ឆ្នាំកន្លងមកនេះ យើងធ្វើដំណើរតាមផ្លូវត្រឹមត្រូវហើយ។ ដូច្នេះខ្ញុំសូមឲ្យសកម្មជន-ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ បន្ដដំណើរនេះតទៅមុខទៀត រហូតដល់គោលដៅរបស់យើង គឺ “ការផ្លាស់ប្ដូរជាវិជ្ជមាន”

លោក កឹម សុខា ថាគណបក្សបានកំណត់យកថ្ងៃទី១៧ ខែកក្កដា ជាថ្ងៃនៃការបង្កើតគណបក្សនេះ  ដោយថាជាថ្ងៃដែលថ្នាក់ ដឹកនាំគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ជាថ្ងៃកំណើត គណបក្ស។

គួរបញ្ជាក់ថា ក្រោយពីការរួមបញ្ជូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ទៅជាគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១២មក គណបក្សនេះ បានទទួលការគាំទ្រច្រើនជាងកាលនៅជាគណបក្សពីរផ្សេងគ្នា ដោយជាលទ្ធផល គណបក្សនេះបានទទួលកៅអីសភាចំនួន៥៥ លើកៅអីសរុប១២៣។ ទន្ទឹមនឹងការទទួលបានការគាំទ្របែបនេះ គណបក្សមួយនេះក៏បានជួបនូវបញ្ហាមួយចំនួនផងដែរ ដោយប្រធានគណបក្សកំពុងនិរទេសទៅក្រៅប្រទេសគេចពីការចាប់ខ្លួន និងអនុប្រធានគណបក្សនេះកំពុងជាប់បណ្តឹងនៅតុលាការ។ ចំណែកសកម្មជន និងតំណាងរាស្រ្តគណបក្សមួយចំនួនទៀត ពុងជាប់ឃុំ និងខ្លះកំពុងជាប់បណ្តឹងនៅតុលាការដូចគ្នាដែរ។

ទាក់ទងនឹងបញ្ហាទាំងនេះ លោក កឹម សុខា សរសេរបែបលើកទឹកចិត្តសកម្មជនរបស់ខ្លួនថា “សូមប្រែក្លាយការឈឺផ្សានេះ ឲ្យទៅជា ការផ្សះផ្សាជាតិ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ