លោកអ្នកនាងស្ដាប់ជាទីមេត្រី! ប្រធានាធិបតីទួគី បាននិយាយថា លោកនឹងដកពាក្យបណ្ដឹងទាំងអស់ ដែលលោកបានចោទប្រកាន់មនុស្សនានាថា បានជេរប្រមាថលោក។
សារព័ត៌មាន BBC បានផ្សាយថា លោក តាយីប អឺដូហ្គេន បាននិយាយថា លោកជំរុញឲ្យមានឯកភាពជាតិ នៅក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចនាពេលថ្មីៗនេះ។
ប៉ុន្តែ លោកក៏បានបង្កើនការវាយប្រហារទៅលើការរិះគន់នានាចំពោះការបង្ក្រាបរបស់លោកទៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ដោយលោកប្រាប់ពួកគេឲ្យគោរពអ្នកដទៃ។
កាលពីមុន លោក អឺដូហ្គេន បានថ្លែងវាយប្រហារធ្ងន់ៗទៅលើលោក Joseph Votel ប្រមុខបញ្ជាការកណ្ដាលអាមេរិក ដោយចោទថា ប្រមុខកងទ័ពអាមេរិករូបនេះ គាំទ្រពួករៀបចំធ្វើរដ្ឋប្រហារ។
លោក Votel បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងមកថា ការឃុំខ្លួនមេដឹកនាំយោធាមួយចំនួន អាចបង្កឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការវិស័យយោធាទួគី-អាមេរិក។
លោក អឺដូហ្គេន បានថ្លែងនៅវិមានប្រធានាធិបតីថា លោកនឹងដកពាក្យបណ្ដឹងទាំងអស់ ពាក់ព័ន្ធនឹងការជេរប្រមាថប្រឆាំងនឹងរូបលោក។ លោកថ្លែងថា វាជាសញ្ញាបង្ហាញពីឆន្ទៈល្អ៕