រដ្ឋមន្រ្តីក្រសួងអប់រំបានប្រកាសថាក្រសួងនឹងលែងបើកឲ្យមានការប្តឹងពីសំណាក់បេក្ខជនប្រលងបាក់ឌុបដែលមិនសុខចិត្តនឹងលទ្ធផលដូចឆ្នាំមុនៗទៀតឡើយ ដោយអះអាងថា កន្លងទៅការប្តឹងប្តល់ពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីពិនិត្យឡើងវិញ។
នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា លោក ហង់ ជួនណារ៉ុន ក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅរសៀលថ្ងៃពុធនេះ។ ទោះជាយ៉ាងណាលោកបន្ថែមថា ប្រសិនបើមានភស្តុតាងច្បាស់លាស់ និងមានមតិលើកឡើងពីលោកគ្រូអ្នកគ្រូរបស់បុគ្គលសិស្សនោះ ក្រសួងនឹងពិចារណាក្នុងការសើរើតាមរយៈគណៈកម្មការកោសល្យវិច្ច័យ ហើយនឹងអាចឈានទៅរកការពិនិត្យលទ្ធផលឡើងវិញ។ លោកបញ្ជាក់ថា អ្វីដែលក្រសួងចង់បាននោះគឺការឲ្យសិស្សខំប្រឹងរៀន មិនមែនពេលធ្លាក់ មិនសុខចិត្តប្តឹងនោះទេ។
លោក ហង់ ជួនណារ៉ុន បានធ្វើការច្រានចោលនូវការដែលថាក្រសួងមិនអនុញ្ញាតិឲ្យបេក្ខជនប្តឹងប្តល់ពីលទ្ធផលប្រឡង ព្រោះពាក់ព័ន្ធនឹងរឿងកញ្ញា ធី សុវណ្ណថា ដែលបានប្តឹងមិនសុខចិត្តលទ្ធផលប្រឡងធ្លាក់របស់ខ្លួនកាលពីឆ្នាំមុននោះ។
លោកមានប្រសាសន៍ថា៖ “ពាក់ព័ន្ធនឹងការដែលក្រសួងមិនអនុញ្ញាតិឲ្យមានការប្តឹងប្តល់ចំនួន៣០ថ្ងៃចំពោះនេះហ្នឹង ថាតើមានពាក់ព័ន្ធនឹងកញ្ញាធី សុវណ្ណថា ឬក៏អត់ នេះថាតាមពិតមិនមានពាក់ព័ន្ធទេ ដោយសារតែក្រសួងពិនិត្យមើលទៅឃើញថា ការប្តឹងនេះមិនមានជាលទ្ធផលអីដែលយើងត្រូវតែសើរើឡើងវិញទេ ក៏ប៉ុន្តែប្រសិនបើមានភស្តុតាងច្បាស់លាស់ នឹងក៏យើងត្រូវពិចារណាដែរ មានន័យថាយើងនឹងបង្កើតគណៈកម្មការកោសល្យវិច្ច័យ ”។
បើតាមរដ្ឋមន្រ្តីក្រសួងអប់រំ បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានចំនួន ៩ម៉ឺននាក់ កើនឡើងលើសឆ្នាំមុន១ម៉ឺននាក់ ដោយសារបេក្ខជនជិត២៥% ដែលស្មើនឹង២៥០០០នាក់ ក្នុងចំណោមនោះ គឺជាសិស្សធ្លាក់កាលពីឆ្នាំមុនៗ។
លោក ហង់ ជួនណារ៉ុន ឲ្យដឹងថា ថវិកាប្រមាណ៤លានដុល្លារ នឹងត្រូវចំណាយក្នុងការប្រឡងឆ្នាំនេះវិញ ដែលគិតជាមធ្យម សិស្សម្នាក់ ក្រសួងចំណាយអស់ប្រមាណជា១៤ម៉ឺនរៀល។