មេធាវីលោក នី ចរិយា ប្តឹងសុំឲ្យមោឃភាពឬសុំឲ្យចាត់ទុកជាមិនបានការ លើនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌លើកូនក្តីរបស់ខ្លួនដោយចាត់ទុកថានគរបាលធ្វើឡើងខុសនីតិវិធី តែបណ្តឹងនេះត្រូវសាលាឧទ្ធរណ៍ច្រានចោល។
បន្ទាប់ពីមានការសួរដេញដោលអស់រយៈពេលជាង២ម៉ោងក្នុងសវនាការនៅសាលាឧទ្ធរណ៍ទាក់ទងទៅនឹងពាក្យប្តឹងសុំមោឃភាពនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌នៅព្រឹកថ្ងៃចន្ទនេះ សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចច្រានបណ្តឹងនេះ។ ការច្រានចោលបណ្តឹងមេធាវីលោក នី ចរិយា នេះ ដោយសារចៅក្រមអះអាងថា មន្ត្រីនគរបាលយុត្តិធម៌បំពេញការងារត្រឹមត្រូវតាមនីតិវីធី។
មេធាវីការពារក្តីលោក នី ចរិយា គឺលោក សំ សុគង់ ឲ្យដឹងថា លោកដាក់បណ្តឹងសុំមោឃភាពនីតិវិធីគឺដោយសារតែពិនិត្យឃើញថា ធ្វើនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌បានរំលោភរដ្ឋធម្មនុញ្ញត្រង់មាត្រា៣៨ ទាក់ទងនឹងការសួរយកចម្លើយច្រើនដងលើកូនក្តីរបស់លោក។ លោកបន្តថាមន្ត្រីនគរបាលយុត្តិធម៌សួររហូតទៅ៤ដងក្នុងថ្ងៃតែមួយ ហើយសួរក្រៅម៉ោងរដ្ឋបាលនិងមានសួរពេលយប់ទៀតផង។ លោកថាទោះជាវាមិនមែនជាទារុណកម្មខាងផ្លូវកាយ តែវាបានគាបសង្កត់ផ្លូវចិត្តរបស់កូនក្តីរបស់លោក។
លោកមានប្រសាសន៍ថា៖ “ការច្រានចោលរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ថ្ងៃនេះ ខាងមេធាវីក៏ដូចជាកូនក្តីមិនអាចទទួលយកបានទេ។ ហើយមេធាវីនិងកូនក្តីនឹងពិភាក្សាគ្នា ដើម្បីធ្វើបណ្តឹងសារទុក្ខចំពោះសេចក្តីសម្រេចថ្ងៃនេះ“។
លោកបន្តថា៖ “ខ្ញុំគិតថាការសម្រេចនេះអត់ត្រឹមត្រូវ ដោយសារយើងយោងទៅលើនីតិវិធីនៃការសាកសួរ ហើយគិតទៅលើផ្លូវច្បាប់គឺរំលោភទៅលើរដ្ឋធម្មនុញ្ញតែម្តង។ …សភាស៊ើបសួរត្រូវតែហ៊ានសម្រេចបដិសេធឬក៏អាចទទួលយកបណ្តឹងយើងទុកជាបានការឬក៏សម្រេចមោឃភាពនីតិវិធីហ្នឹងចោល“។
គួរបញ្ជាក់ថាលោក នី ចរិយា ជាអគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារស្នងការដ្ឋានរាជធានី ដោយចោទថាជាប់ពាក់ព័ន្ធក្នុងសំណុំរឿងសមគំនិតសូកប៉ាន់សាក្សី៕