អ្នកពាក់ព័ន្ធប្រតិកម្មនឹងការលើកឡើងរបស់អាចារ្យ A ដែលថាឲ្យនារីខារ៉ាអូខេ លក់ខ្លួនដើម្បីលុយ

ក្រសួងពាក់ព័ន្ធនិងបណ្តាញក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការពាក់ព័ន្ធនឹងស្ត្រីបានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សេង ប៊ុនវេង ដែលគេស្គាល់ថា អាចារ្យ A ជាថៅកែសាលាបង្រៀនបើកបររថយន្ត២៣តុលា និងជានាយកវិទ្យុ ABC ១០៧.៥ មេហ្គាហឺត ដែលបាននិយាយថា នារីបម្រើការតាមហាងខារ៉ាអូខេ គួរលក់ខ្លួនឲ្យអ្នកមានលុយជាជាងការបន្ត អង្គុយផឹកស្រាបៀរជាមួយភ្ញៀវ ។

ការលើកឡើងរបស់អាចារ្យ A បែបនេះ គឺនៅក្នុងកម្មវិធីផ្សាយផ្ទាល់ កាលពីថ្ងៃទី១០ ខែសីហា ដែលជាការឆ្លើយតបទៅនឹងអ្នកបញ្ចេញមតិយោបល់ (comments) តាមបណ្តាញសង្គមហ្វេសប៊ុករបស់និស្សិតឆ្នាំទី៣ម្នាក់ ដែលថាកំពុងបំរើការ ក្នុងហាងខារ៉ាអូខេមួយ ដោយសួរថា៖ បើសិនជាមានកូនអ្នកមាន ឬសេដ្ឋីម្នាក់មកស្រលាញ់ តើត្រូវធ្វើយ៉ាងម៉េចនោះ? ខណៈនោះ អាចារ្យអេ ក៏បានតបវិញថា “រវាងយើងអង្គុយផឹករាល់ថ្ងៃ ហើយនឹងសុខចិត្តលក់ខ្លួនឲ្យសេដ្ឋីហ្នឹង យកលុយមួយដុំ ដើម្បីប្រកបអាជីពអ្វីផ្សេង […] យកលុយទៅកូន […]

ការលើកឡើងនេះដែរ បានធ្វើឡើង បន្ទាប់ពីផ្ទុះចេញនូវរឿងរ៉ាវដ៏ចម្រូងចម្រាសកាលពីថ្ងៃទី៩ ខែសីហា ថ្មីៗនេះ ករណីដែលអាចារ្យអេ បានប្តឹងឲ្យសមត្ថិកិច្ចក្រុងតាខ្មៅ ឃាត់រថយន្តម៉ាកហៃឡេនឌ័ររបស់ស្រី្តវ័យ២៨ឆ្នាំម្នាក់ឈ្មោះ កេត រដ្ឋា ដែលគេដឹងថាជាប្រពន្ធចុងរបស់អាចារ្យអេ ខណៈដែលនារីវ័យក្មេងរូបនេះ បែកចិត្តទៅស្រលាញ់ស្ត្រីដូចគ្នា។

នាយិការអង្គការយេនឌឺ និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា ហ្គេតស៊ី (GADC) លោកស្រី រស់ សុភាព ហៅការលើកឡើងរបស់បុរសវ័យ៧៧ឆ្នាំរូបនេះ ថាបានប៉ះពាល់ដល់ការសម្រេចចិត្ត និងកិត្តិយសរបស់ស្រ្តី ព្រមទាំងអាចរារាំងដល់ការអភិវឌ្ឍន៍គោលនយោបាយជាតិទៅលើស្ត្រី ។

លោកស្រីមានប្រសាសន៍ថា៖ ” (អាច) ជាការយល់ឃើញរបស់គាត់ ប៉ុន្តែគ្រាន់តែថា យើងមើលទៅលើបុគ្គលគាត់ ដែលគាត់ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងការផ្សព្វផ្សាយទៅលើព័ត៌មាន ។ គាត់ជាមនុស្សមានឥទ្ធិពល វាអាចធ្វើឲ្យប៉ះពាល់ទៅដល់ការលើកស្ទួយគោលនយោបាយ ឬប៉ះពាល់ទៅលើសិទ្ធិនៃការសម្រេចចិត្តរបស់បុគ្គល ឬការលើកស្ទួយអោយមានការយល់ដឹងអំពីរសមភាពយេនឌ័រ “។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានប្រាប់វីអូឌីថា លោកបានឮផ្ទាល់ត្រចៀក ពីការលើកឡើងនេះ ដោយលោកថាវាប៉ះពាល់ធ្ងន់ធ្ងរទៅដល់សិទ្ធិស្រ្តីផ្សេងទៀត ដែលមិនប្តូរខ្លួនប្រាណដើម្បីលុយ ទោះបីជាស្ត្រីទាំងនោះ កំពុងបំរើរការតាមហាងខារ៉ាអូខេក៏ដោយ។

លោកមានប្រសាសន៍ថា៖ “ការអត្ថាធិប្បាយ ការនិយាយដោយមិនគិតមុខគិតក្រោយបែបនេះ អាចនឹងប៉ះពាល់ ដល់សិទ្ធិ សេរីរបស់ប្អូនៗជាស្ត្រី ព្រោះអីមនុស្សទាំងអស់ដែលធ្វើការនៅកន្លែងអស់ហ្នឹង វាមិនប្រាកដថាជាអ្នក ដែលត្រូវបរិច្ចាកខ្លួន កាយដើម្បីលុយកាក់ទេ។ ពេលខ្លះទៅក៏បញ្ចេញញើសឈាម បញ្ចេញកម្លាំងកាយ គ្រាន់តែបានកម្រៃមកផ្តត់ផ្គង់ជីវភាពរបស់ខ្លួន។ សម្រាប់ខ្ញុំ! ខ្ញុំមិនគាំទ្រនូវការអត្ថាធិប្បាយបែបនេះទេ”។

អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត បានមានប្រសាសន៍ថា ការដែលបុរសមានឥទ្ធិពល ហើយកំពុងបម្រើការលើវិស័យសារព័ត៌មានផងនិយាយបែបនោះ វាអាចជះឥទ្ធិពលចំពោះស្ត្រី ជាពិសេសស្ត្រីបម្រើសេវាកម្មកំសាន្ត ដោយពួកគេអាចនឹងយកការគំរូនៃលក់ខ្លួនជាបន្តបន្ទាប់ ក្រោយការផ្តល់យោបល់របស់អាចារ្យអេ និងលោកស្រីថាបុរសរូបនេះ បានធ្វើខុសនិងវិជ្ជាជីវៈសារព័ត៌មាន។

លោកស្រីមានប្រសាសន៍ថា៖ សម្តីមួយម៉ាត់ហ្នឹង គឺប៉ះពាល់មែនទែន! ជាពិសេសសំខាន់ទៅដល់នារី។  បើនៅតែធ្វើការគាំទ្រឲ្យនារីហ្នឹងធ្វើអញ្ចឹង! គឺមានន័យថានារីផ្សេងទៀត ជាពិសេសស្ត្រីក្រុមគោលដៅដែលគាត់ជាអ្នកផ្សព្វផ្សាយស្រាបៀ (ក៏) គេអាចនឹងយកគំរូដូចសម្តី ដែលអាចារ្យអេនិយាយ។  […] ដោយសារអ្នកសារព័ត៌មានគាត់និយាយអញ្ចឹង! គាត់គិតថា ការគិតរបស់គាត់ប្រហែលជាត្រូវដោយសារគាត់បានចេញសំឡេងតាមអនឡាញ តាមបណ្តាញសង្គម ហើយម៉្យាងទៀតគឺគាត់ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”។

ស្របពេលដែលក្រសួងកិច្ចការនារីកំពុងធ្វើការច្រើនពាក់ព័ន្ធនិងស្ត្រី ព្រមទាំងស្រី្តដែលបម្រើការកំសាន្តផងនោះ លោកស្រីក៏បានបន្ថែមទៀតថា ទាក់ទងនឹងច្បាប់ពេស្យាចារ្យ និងច្បាប់ឯកព័ន្ធភាព អ្នកដែលយកលុយ ឬរបស់ផ្សេងៗ ជាថ្នូរដើម្បីរួមភេទ ទោះបីជាភាគីជាស្ត្រីយល់ព្រម ឬមិនយល់ក៏ដោយ គឺត្រូវតែមានទោស។

លោកស្រីបន្តថា៖ “ប្រសិនបើជាបុរស ក ដែលជាសេដ្ឋីរូបនោះ គាត់ធ្វើការយកជារបស់ឬលុយកាក់ថា អាលូវអ្នកឯងព្រមនឹងខ្ញុំទៅ ខ្ញុំនិងចិញ្ចឹមអ្នកឯងក្នុងមួយខែប៉ុណ្ណេះឬប៉ុណ្ណោះអីចឹង សួរថាគាត់មានទោសឬអត់? គាត់មានទោសពីបទពេស្សា ដែលមានចែងក្នុងមាត្រា ២៣នៃច្បាប់ស្តីពីការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ”

លោកស្រី អ៊ូ ទេពផល្លីន ដែលធ្វើការផ្នែកសិទ្ធិស្ត្រីបម្រើសេវាកម្មកំសាន្ត នៃសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា ចាត់ទុកថា ការលើកឡើងរបស់អាចារ្យអេ គឺប៉ះពាល់សិទ្ធិស្រ្តីច្រើននាក់។

លោកស្រីមានបប្រសាសន៍ថា៖ “ខ្ញុំពិបាកឆ្លើយណាស់ តែបើយើងរាប់បញ្ចូលទៅវាប្រហែល៣ទៅ៥ម៉ឺននាក់។ នេះគ្រាន់តែជាការគិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ តាមការសង្កេតមើលរបស់ខ្ញុំទេ គឺថាវារីកដូចផ្សិត ហើយភាគច្រើនគឺនៅតំបន់ភ្នំពេញ ភ្នំពេញថ្មី ព្រែកលាប ហើយនិងតំបន់ទេសចរណ៍មួយចំនួន សៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់សោម កំពត … ។ យើងឃើញវាច្រើន ដល់ចឹងខ្ញុំប៉ាន់ប្រមាណ មើលទាំងអ្នកក្នុងប្រព័ន្ធ និងអ្នកក្រៅប្រព័ន្ធ”។

បើតាមលោកស្រី អ៊ូ ទេពផល្លីន ស្ត្រីដែលកំពុងបម្រើការផ្នែកសេវាកំសាន្តនៅកម្ពុជា មានប្រហែល៣ទៅ៥ម៉ឺននាក់ ស្របពេលដែលសេវាកម្មកំសាន្តកំពុងរីកដូចផ្សិត។

រហូតមកដល់ម៉ោងចេញផ្សាយនេះ វីអូឌី នៅមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីការអាចារ្យអេ បាននៅឡើយទេ។

នៅពេលវីអូឌីសួរថា តើក្រសួងព័ត៌មាន នឹងមានចំណាត់ការបែបណា ចំពោះការលើកឡើងរបស់អ្នកអត្ថាធិប្បាយវិទ្យុដែលមានឥទ្ធិពល អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេងឲ្យដឹងថា គណៈកម្មាការសោតទស្សន៍ទទួលបន្ទុកលើកិច្ចការវិទ្យុ និងកិច្ចការទូរទស្សន៍ កំពុងប្រជុំរៀបចំវិធានការ ដើម្បីចាត់ការរឿងនេះ។

លោកបន្តថា៖ “ករណីមួយនេះ ក្រសួងមិនមែនធ្វើព្រងើយកន្តើយទេ ក្រសួងកំពុងតែពិចារណាថាតើត្រូវរៀបចំ ដំណើរ គេហៅថាណែនាំយ៉ាងម៉េច ចំពោះអត្ថាធិប្បាយកាលពីម្សិលមិញ! ខ្ញុំក៍បានស្តាប់ឮនឹងត្រចៀកដែរ ហើយយើងកំពុងគិតថា យើងគួរធ្វើរបៀបម៉េច!”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ