លោកអ្នកនាងស្ដាប់ជាទីមេត្រី! កងទ័ពរុស្ស៊ី បានប្រកាសពីការបញ្ជូនគ្រាប់មីស៊ីលការពារដែនអាកាសថ្មី ទៅកាន់តំបន់គ្រីមៀរ ដែលស្ថិតនៅក្នុងការសម្រេចចិត្តមួយត្រូវបានត្រៀមនៅចំពោះមុខ ភាពតានតឹងថ្មីៗជាមួយប្រទេសអ៊ុយក្រែន។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន BBC របស់អង់គ្លេស។
BBC ដកស្រង់ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលបាននិយាយថា ប្រព័ន្ធមីស៊ីល S-400 Triumph ត្រូវបានគេអនុញ្ញាតឲ្យបញ្ជូនទៅកងទ័ពនៅគ្រីមៀរ កាលពីខែមុន។
ក្រុងមូស្គូ ក៏បានប្រកាសផងដែរពីសមយុទ្ធយោធានៅតំបន់គ្រីមៀរ នៅសប្ដាហ៍ក្រោយ ដើម្បីបង្ហាញពីអានុភាពនៃសព្វាវុធមហាប្រល័យទាំងនោះ។
រុស្ស៊ី ដែលបានកាត់យកទឹកដីគ្រីមៀរពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤នោះ បាននិយាយនៅសប្ដាហ៍នេះថា ខ្លួនបង្ការការវាយប្រហារពីសំណាក់ប្រទេសអ៊ុយក្រែន។
រុស្ស៊ីបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែននៅទីក្រុងគៀវថា បានព្យាយាមបញ្ជូនកងទ័ពស្ម័គ្រកម្ទេចទៅតំបន់គ្រីមៀរ និងរុស្ស៊ីបានរាយការណ៍ពីការស្លាប់របស់ទាហានម្នាក់ និងមន្ត្រីប៉ូលិសសម្ងាត់ម្នាក់ នៅក្នុងប្រតិបត្តិការកម្ទេចផែនការរបស់អ៊ុយក្រែន។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ម៉េឌវ៉េដេវ បាននិយាយថា ក្រុងមូស្គូអាចបង្ខំចិត្តកាត់ផ្ដាច់ទំនាក់ទំនងកាទូតជាមួយអ៊ុយក្រែន ប្រសិនបើវិបត្តិកាន់តែអាក្រក់។
ប៉ុន្តែ អ៊ុយក្រែនបានច្រានចោលការចោទប្រកាន់ពីរុស្ស៊ី ហើយថា កងទ័ពរបស់ខ្លួនត្រូវបានដាក់ប្រុងប្រយ័ត្នខ្ពស់ នៅតាមព្រំដែនជាមួយតំបន់គ្រីមៀរ និងតំបន់ព្រំដែនខាងកើត ជាប់នឹងរុស្ស៊ី៕