បក្សនយោបាយបង្ហាញវិធានការផ្សេងគ្នារឿងទប់ស្កាត់ជនបរទេសចុះឈ្មោះបោះឆ្នោត

នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការចុះឈ្មោះដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីកាលពីថ្ងៃទី១២ ខែសីហា កន្លងទៅនេះ លោក សោម សូរីដា អគ្គលេខាធិការរងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានថ្លែងថា ប្រជាពលរដ្ឋដែលមានឯកសារនិងលិខិតស្នាមគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះបោះឆ្នោត អាចទៅចុះឈ្មោះបោះឆ្នោតបាន ដោយនៅក្នុងនោះមានទាំងជនបរទេសផងដែរ បើទោះបីជាពួកគេ មិនចេះនិយាយខ្មែរក៏ដោយ។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត មានប្រសាសន៍ថា អ្វីដែល គ.ជ.ប បានលើកឡើងគឺជាការត្រឹមត្រូវ ព្រោះ គ.ជ.ប ជាអ្នកអនុវត្តន៍ច្បាប់ ដោយលោកថាសូមកុំគិតបរិបទស្រុកខ្មែរខ្មៅងងឹតពេក។

លោកមានប្រសាសន៍ថា៖ ការឡើងសំឡេងឆ្នោត ការធ្លាក់សំឡេងឆ្នោត វាមិនអាស្រ័យលើនីតិវិធីរបស់ គ.ជ.ប នោះទេ។ វាអាស្រ័យទៅលើឆន្ទៈប្រជាពលរដ្ឋដែលគាំទ្រគណបក្សណាមួយ។ គ.ជ.ប គាត់អ្នកអនុវត្តច្បាប់ទេ! កុំបន្ទោសគាត់! […] រឿង (ហ្នឹង) មិនមែនរឿង គ.ជ.ប។ អ្នកត្រួតពិនិត្យ អ្នកចេះខ្មែរ មិនចេះខ្មែរ ឬចេះបារាំង មិនចេះខ្មែរអីនោះទេ។ ខ្ញុំយល់ថា ដូចខ្មែរនៅអាមេរិក(ជាច្រើន) យាយៗ មិនចេះអង់គ្លេស (សូម្បី) មួយម៉ាត់ ចូលសញ្ជាតិអាមេរិកបាត់ […] មិនខ្វះទេ អ្នកនៅឡង់ប៊ិចមួយចំនួន យាយៗមួយចំនួនហ្នឹង! មានចេះអាមេរិកកាំង មិនចេះអង់គ្លេសអីណា! ម៉េចគាត់ចូលសញ្ជាតិគេបាន […] កុំឲ្យមើលបរិបទកម្ពុជាយើង វាខ្មៅងងឹតពេក

នៅពេលវីអូឌីសួរថា តើគណបក្សប្រជាជននឹងមាននីតិវិធីអ្វី ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបានបន្ថែមថា គណបក្សប្រជាជនគ្មានយន្តការអ្វីទេ ក្រៅពីបញ្ជូនអ្នកអង្កេតការណ៍បោះឆ្នោតទៅតាមការិយាល័យនីមួយៗ ដោយគោរពសិទ្ធិពលរដ្ឋនិងគោរពច្បាប់បោះឆ្នោត។

លោកមានប្រសាសន៍បន្តថា៖ គណបក្សប្រជាជនអត់មានយន្តការអី ទៅត្រួតពិនិត្យ ទៅរារាំងអីនោះទេ! យន្តការ គឺអ្នកសង្កេតការណ៍ហ្នឹងហើយ! ពេល (ហ្នឹង) គ.ជ.ប គេប្រកាសហើយ គណបក្សប្រកួតប្រជែងត្រូវដាក់អ្នកសង្កេតការណ៍ពីរនាក់ មួយពេញសិទ្ធិ មួយត្រៀមដើម្បីឲ្យពិនិត្យមើលថា តើដំណើរការណ៍នៃការចុះឈ្មោះនោះ វាត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែរឬទេ? […] ភាពមិនប្រក្រតី កើតទុក្ខមិនសុខចិត្តកន្លែងណា យើងប្តឹងទៅតាមលំដាប់ថ្នាក់ទៅ […] ហើយបើមិនសុខចិត្តទៀត យើងប្តឹងដល់ក្រុមរដ្ឋធម្មនុញ្ញ! នីតិវិធី (គឺមាន) តែប៉ុណ្ណឹងទេ! យើងមិនអាចធ្វើទៅតាមអត្តនោម័តបុគ្គលម្នាក់ៗបាន ហើយខុសពីគោលការណ៍ច្បាប់ទេ […]

មន្ត្រីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង បានបង្ហាញយន្តការសំខាន់ៗដូចជាត្រៀមអ្នកអង្កេតការណ៍តាមការិយាល័យចុះឈ្មោះនីមួយៗនិងធ្វើសិក្ខាសាលាជាបន្ទាន់មួយក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីនានានិងទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលអាចចុះឈ្មោះបោះឆ្នោតបាន បើទោះជាមានឯកសារមិនគ្រប់គ្រាន់ក៏ដោយ។

លោកមានប្រសាសន៍ថា៖ […] យើងសិក្សាបញ្ហាហ្នឹង ជាចម្បងដើម្បីដំណោះស្រាយឬទប់ស្កាត់ ជាពិសេសជនអន្តោប្រវេសន៍ដែលមិនបានបំពេញលក្ខខណ្ឌច្បាប់។ ហើយមានអត្តសញ្ជាណប័ណ្ណហ្នឹង! តើជនបរទេស ដែលអាចចូលសញ្ជាតិខ្មែរបានហ្នឹង ត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ហើយក្នុងករណីដែលជនបរទេសដែលអត់បានបំពេញលក្ខខណ្ឌ ហើយស្រាប់តែសមត្ថកិច្ចឬអាជ្ញាធរចេញអត្តសញ្ញាណប័ណ្ណដោយខុសច្បាប់នោះ គឺថាអ្នកណាដែលជាអ្នកដាក់ទោសទណ្ឌ? ហើយក្នុងករណីដែលគេប្រើប្រាស់អត្តសញ្ញាណប័ណ្ណដែលចេញដោយខុសច្បាប់ ហើយទៅចុះឈ្មោះទៀតហ្នឹង ក៏យើងត្រូវតែពិនិត្យទាំងអស់

អគ្គលេខាធិការនិងអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ិន បានឲ្យដឹងថាសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារតាមមូលដ្ឋានភូមិឃុំ ដែលគណបក្សបានបញ្ជូនទៅនិងភ្នាក់ងារអង្កេតការណ៍ ហើយនេះជារឿងមួយពាក់ព័ន្ធច្រើននិងពិបាកក្នុងការដោះស្រាយព្រមទាំងចំណាយថវិការច្រើន ដូចនេះលោកបានស្នើឲ្យអង្គការសង្គមស៊ីវីល ព្រមទាំងគណបក្សនយោបាយទាំងអស់ជួយអង្កេតនិងឃ្លាំមើលភាពមិនប្រក្រតីទាំងអស់។

លោកមានប្រសាសន៍ថា៖ (ចំពោះ)គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យើងអាចធ្វើការនៅក្នុងឃុំដែលយើងមានក្រុមការងារ ដែលយើងមានក្នុងឃុំ ដែលយើងធ្វើការជាមួយគាត់។ គាត់អាចជួយផ្ទៀតផ្ទាត់មើលឈ្មោះក្នុងបញ្ជីឆ្នោតហ្នឹង! ខ្ញុំគិតថា បើយល់ល្អ គណបក្សនយោបាយដទៃទៀត ដែលមានបណ្តាញគាត់ធំ បណ្តាញគាត់ច្រើន គាត់គួរតែចលនាឲ្យសមាជិកគាត់ចុះជួយត្រួតពិនិត្យ ធ្វើការតវ៉ាអីជាដើមពេលដែលធ្វើការចុះឈ្មោះបោះឆ្នោត 

ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសពីកាលបរិច្ឆេទនិងនីតិវិធីចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៧និង២០១៨ ទាំងសង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ បានលើកឡើងពីក្តីបារម្ភភ្លាមៗ ជុំវិញភាពមិនប្រក្រតីលើនីតិវិធីនិងភាពស្របច្បាប់នានា ដែលអនុញ្ញាតឲ្យជនបរទេសអាចចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតបាននៅពេលខាងមុខ។

ចំពោះនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា ខុមហ្វៀល លោក គល់ បញ្ញា បានបញ្ជាក់ថា ខុមហ្វែលមានអ្នកអង្កេតការណ៍៦០០នាក់ហើយ សម្រាប់ដាក់ពង្រាយតាមការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗ ដើម្បីតាមដាននិងធ្វើវិសោធនកម្ម ដើម្បីឲ្យមានការកែប្រែ បើសិនជាគល់បញ្ជីចុះឈ្មោះបោះឆ្នោតមានភាពមិនប្រក្រតី។

លោកថាក្រៅពីនេះខុមហ្វែលក៏បានរៀបចំកម្មវិធីសិក្ខាសាលាអប់រំមន្ត្រីគណបក្សនយោបាយ ធ្វើស្ពតខ្លីៗអប់រំណែនាំជាច្រើន ផ្សព្វផ្សាយតាមវិទ្យុ និងបណ្តាញសង្គម ដើម្បីបញ្ជៀបការយល់ដឹងពីសារៈសំខាន់និងព័ត៌មាននៃការបោះឆ្នោត។

លោកមានប្រសាសន៍ថា៖ […] នៅពេលគេចាប់ផ្តើមបិទបញ្ជីដំបូង យើងចាប់ផ្តើមធ្វើវិសោធនកម្មបញ្ជីដំបូង ថាតើបញ្ជីហ្នឹងមានគុណភាពកម្រិតប៉ុណ្ណាដែលប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតហើយ តើត្រឹមត្រូវទេ? ហើយឈ្មោះត្រឹមត្រូវនៅក្នុងហ្នឹងទេ? ហើយមានបាត់ឈ្មោះ មានស្អីទេ? យើងចង់ដឹងពីភាពត្រឹមត្រូវនៃបញ្ជីចុះឈ្មោះបោះឆ្នោត ហើយបន្ទាប់មក យើងនឹងធ្វើជារបាយការណ៍ឲ្យទៅ គ.ជ.ប ដើម្បីអោយ គ.ជ.ប មានលទ្ធភាពកែប្រែនូវបញ្ជីចុះឈ្មោះបោះឆ្នោត បើសិនជាមានបញ្ហាខុសច្រើន

ដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានរយៈពេល៩០ថ្ងៃគត់ ដោយគិតទាំងថ្ងៃសៅរិ៍និងថ្ងៃអាទិត្យផងដែរ។ ប្រជាពលរដ្ឋដែលមានអាយុអាចបោះឆ្នោតមានចំនួនជាង៩លានកន្លះ នេះបើតាមតារាងស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះឆ្នោត២០១៦របស់ គ.ជ.ប។ ហើយប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនាឆ្នាំ២០១៧ខាងមុខនិងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ