រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧ ខែសីហានេះ បានចេញសារាចរមួយ ដោយហាមប្រជាពលរដ្ឋខ្មែរមិនឲ្យលក់ ឬជួលដីស្រែ ដី ចំការ ឬលំនៅឋាន នៅតាមព្រំដែនឲ្យទៅប្រជាពលរដ្ឋ នៃប្រទេសជិតខាង ទោះបីក្នុងរូបភាពណាក៏ដោយ។
ក្នុងសារាចរបញ្ជាក់ថា នាពេលកន្លងមកមានប្រជាពលរដ្ឋខ្មែរមួយចំនួនបានជួលដីស្រែ ដីចំការ ឬដីលំនៅឋានរបស់ខ្លួនតាមព្រំដែន ឲ្យទៅប្រជាពលរដ្ឋនែប្រទេសជិតខាងមានដូចជា វៀតណាម ឡាវ និងថៃ ដើម្បីបង្កបង្កើន ឬប្រកបអាជីវកម្មផ្សេងៗ។
ម្យ៉ាងវិញទៀត នៅតំបន់ព្រំដែនដែលពុំទាន់បានកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនផ្លូវការរួចរាល់ជាស្ថាពរ ការជួលដីនៅតាមខ្សែរបន្ទាត់ព្រំដែនរបស់ប្រជាពលរដ្ឋនៃប្រទេសជិតខាង បានបង្កឲ្យមានភាពស្មុគស្មាញដល់កិច្ចការរបស់គណៈកម្មាធិការចំរុះកិច្ចការព្រំដែនក្នុងការអនុវត្ដការងាររបស់ខ្លួន។
ស្របជាមួយនឹងការចេញផ្សាយនូវសារាចរនេះដែរ លោក ហ៊ុន សែន នៅថ្ងៃទី១៧ សីហា នេះ ក៏បានសសេរនៅក្នុងទំព័រហ្វេសប៊ុក របស់លោកថា៖ “ខេត្តតាកែវជាប់ព្រំដែនវៀតណាម ដូច្នេះអាជ្ញាធរខេត្តត្រូវបង្កើនទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយណែនាំប្រជាពលរដ្ឋទាំងសងខាងអោយចេះយោគយល់គ្នា”។
លោក ហ៊ុន សែន ក៏បានហាមដាច់ខាតនូវការជួលដីអោយប្រជាជនវៀតណាម ដោយលោកថាការហាមនេះ មិនមែនសម្រាប់តែខេត្តតាកែវមួយទេ គឺសម្រាប់ខេត្តទាំងអស់ដែលមានព្រំប្រទល់ជាមួយវៀតណាម៕